ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុងពេលកូវីដ រាជរដ្ឋាភិបាល ចំណាយជាង ២៨លាន​ដុល្លារ បើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ​និយោជិតកាត់ដេរ និងវិស័យទេសចរណ៍ ដែលព្យួរ​ការងារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងអំឡុងពេលកូវីដ១៩ ឆ្លងរាតត្បាត ចាប់តាំងពីឆ្នាំ២០២០ បន្តដល់ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល ចំណាយ​ជាង ២៨លានដុល្លារ បើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតកាត់ដេរ…

ភ្នំពេញ៖ ក្នុងអំឡុងពេលកូវីដ១៩ ឆ្លងរាតត្បាត ចាប់តាំងពីឆ្នាំ២០២០ បន្តដល់ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល ចំណាយ​ជាង ២៨លានដុល្លារ បើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតកាត់ដេរ និងវិស័យទេស​ចរណ៍ ដែលព្យួរការងារ។

​សារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្ម​អន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដើម្បីធ្វើការឆ្លើយតប​ទៅនឹង​វិបត្តិនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវកញ្ចប់​វិធានការរបស់រាជរដ្ឋាភិបាល ចំនួន ១០ជុំ ដោយបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់​កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និងផលិត​​ផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារ ដោយសារជំងឺកូវីដ១៩ សរុបចំនួន ៣៤៧ ៨៤៤​នាក់ ស្មើនឹងថវិកាប្រមាណ ១១៤,៦ប៊ីលានរៀល ( ស្មើប្រមាណជាង ២៨លានដុល្លារអាមេរិក ) ព្រមទាំង​បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ផងដែរ​។

សារលិខិតដដែល បន្តថា ដើម្បីរក្សា​លំនឹង​ជីវភាព​រស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ រាជរដ្ឋាភិបាល​ បាន​ចេញអនុក្រឹត្យ ស្តីពី ការអនុវត្ត​កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង​ពេលប្រយុទ្ធនឹង​ជំងឺកូវីដ១៩ ដែលអនុវត្ត​ចំពោះគ្រួសារក្រីក្រ ងាយរងគ្រោះ និងស្ត្រី​សម្រាលកូន ផងដែរ ដោយប្រើប្រាស់បណ្ណសមធម៌នៃព្រះរាជាណាចក្រ​កម្ពុជា​។

សារលិខិត បន្ថែមថា ក្នុងអំឡុងពេលកូវីដ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ ក៏បានប្រមូល​ចុះឈ្មោះ​អ្នកស្វែងរក​ការងារចំនួន ៤៨២៣​នាក់ បានផ្សព្វផ្សាយ​ព័ត៌មានអំពីឱកាសការងារ ចំនួន ១៣ ៩១៣នាក់ និងជួយស្វែងរក​ការងារ​ធ្វើជូនប្រជាពលរដ្ឋ តាមមូលដ្ឋានភូមិឃុំ និងតាមរយៈ​វេទិកាការងារ ដែលរៀបចំដោយ​ទីភ្នាក់ងារជាតិ​មុខរបរ និងការងារ និងកម្មវិធីអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំង​តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជនស្របច្បាប់។

សូមរម្លឹកថា នៅប៉ុន្មានខែចុងក្រោយនេះ ដោយសារតែស្ថានភាពកូវីដ១៩ បានធូរស្រាល ហើយកម្ពុជាយើង បានបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺរាជរដ្ឋាភិបាល ឈប់ផ្តល់​ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ក្នុងវិស័យ​កាត់ដេរទៀតហើយ។ ប៉ុន្តែ​សម្រាប់​កម្មករនិយោជិត ក្នុង​វិស័យទេសចរណ៍ គឺរាជរដ្ឋភិបាល នៅបន្តផ្តល់ប្រាក់ឧបត្ថម្ភដដែល រហូតដល់ខែមេសា ឆ្នាំ២០២២ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ