ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​វៀតណាម ឃាត់ខ្លួន​យុវជន​៣​នាក់ បើករថយន្ត​ប្រដេញ​តាម​បុក​ម៉ូតូ​ក្រុម​ទាក់​ឆ្កែ ស្លា​.​ប់​ចោរ​ម្នាក់

1 ឆ្នាំ មុន

វៀតណាម ៖ ប៉ូលិស​វៀតណាម ឃាត់ខ្លួន​យុវជន​ម្នាក់ និង​មិត្តភក្តិ​២​នាក់​ទៀត ក្រោយ​ពី​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ជា​ចោរ​ទាក់​ឆ្កែ​ និង​ឆ្មា យុវជន​ទាំង​៣​នាក់ ឡើង​ជិះ​រថយន្ត…

វៀតណាម ៖ ប៉ូលិស​វៀតណាម ឃាត់ខ្លួន​យុវជន​ម្នាក់ និង​មិត្តភក្តិ​២​នាក់​ទៀត ក្រោយ​ពី​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ជា​ចោរ​ទាក់​ឆ្កែ​ និង​ឆ្មា យុវជន​ទាំង​៣​នាក់ ឡើង​ជិះ​រថយន្ត ប្រដេញ​តាម​ពីក្រោយ​ម៉ូតូ បំ​បុក​ឲ្យ​ដួល​បណ្ដាល​អោយ​ស្លា​.​ប់​ចោរ​ម្នាក់ និង​ចោរ​ម្នាក់​ទៀត​រង​របួស នៅ​ក្នុង​ខេត្ត​ដាក​ឡាក់ ប្រទេស​វៀតណាម នេះ​បើ​យោង​តាម​សារព័ត៌មាន Vnexpress ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ មេ​សា ២០២២​នេះ ។

យុវជន​ឈ្មោះ លី ហ័​ង​អា​ញ់ អាយុ​២៣​ឆ្នាំ មានមុខ​របរ បើកបរ​រថយន្ត​តាក់ស៊ី និង​មិត្តភក្តិ ២​នាក់​ទៀត ត្រូវ​បាន​មន្ត្រី​នគរបាល​ខេត្ត​ដាក​ឡាក់ ឃាត់ខ្លួន​បណ្ដោះអាសន្ន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦​មេ​សា ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម ។

កាសែត​វៀតណាម​ចុះ​ផ្សាយ​ព័ត៌មាន​ថា កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមេសា យុវជន​ឈ្មោះ​(​អា​ញ់​) និង​មិត្តភក្តិ កំពុង​អង្គុយ​ផឹកស្រា​បៀ​នៅ​ភោជនីយដ្ឋាន​មួយ ។ ពេល​នោះ ប្រជាពលរដ្ឋ​បានឃើញ​ជនសង្ស័យ​២​នាក់ រួម​មាន ៖ ទី​១​ឈ្មោះ ឌុ​យ អាយុ​១៩​ឆ្នាំ និង​ទី​២​ឈ្មោះ ឡុ​ង អាយុ​២២​ឆ្នាំ បាន​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើ​សកម្មភាព​លួច​ទាក់​ឆ្កែ និង​ឆ្មា ហើយ​ក៏​មាន​អ្នក​នៅ​ក្បែរ​ស្រែ​កថា ចោរ​! ចោរ​ៗ ។

ឃើញ​ដូច្នេះ យុវជន​ឈ្មោះ​(​អា​ញ់​) បាន​សម្រេចចិត្ត​ហៅ​មិត្តភក្តិ ២​នាក់​ទៀត ឲ្យ​ឡើង​ជិះ​រថយន្ត​ជាមួយ​ខ្លួន ហើយ​បើក​ប្រដេញ​តាម​ម៉ូតូ​របស់​ក្រុម​ចោរ​ទាក់​ឆ្កែ ខណៈ​ក្រុម​ចោរ​ដឹងខ្លួន​ថា មាន​នរណា​ម្នាក់​កំពុង​ដេញ​តាម​ពីក្រោយ ពួក​គេ​បាន​បន្ថែម​ល្បឿន បើក​រត់គេច​ខ្លួន ។

នៅ​ពេល​ទៅ​ដល់​ស្រុក​ឡាក់ យុវជន​ឈ្មោះ​(​អា​ញ់​) បាន​បើករថយន្ត​តាម​ទាន់ ក៏​បំ​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់ ដួល​ខ្ទាត​ទៅ​ម្ខាង​នៃ​ផ្លូវ ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌុ​យ ដែល​ជិះ​លើ​ម៉ូតូ​ពីក្រោយ បាន​ដួល​បោក​នឹង​ថ្នល់​ស្លាប់​នៅ​នឹង​កន្លែង និង​ជនសង្ស័យ​ម្នាក់​ទៀត​រង​របួស ។ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ សត្វ​ឆ្មា ២​ក្បាល​បាន​ងាប់​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ យុវជន​ទាំង​៣​នាក់ ដែល​បើករថយន្ត​ប្រដេញ​តាម​បុក​នោះ បាន​នាំ​គ្នា​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ស្រុក​ឡាក់ ដើម្បី​ប្រគល់​ខ្លួន ។

ជនសង្ស័យ​រង​របួស​ឈ្មោះ ឡុ​ង បាន​សារភាព​ថា រូបគេ​និង​ជនសង្ស័យ​ម្នាក់​ទៀត តែងតែ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​លួច​ទាក់​ឆ្កែ និង​ឆ្មា នៅ​ពេល​យប់ ។ ករណី​បើករថយន្ត​ដេញ​បំ​បុក​បណ្ដាល​ឲ្យ​ស្លា​.​ប់​នេះ បាន​កើតឡើង​បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់ បាន​លួច​សត្វ​ឆ្មា​ចំនួន ០៣​ក្បាល ។

យុវជន​ឈ្មោះ លី ហ័​ង​អា​ញ់ បាន​និយាយ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ថា មានការ​សោកស្ដាយ​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លា​.​ប់​ដោយ​អ​ចេតនា ។ យុវជន (​អា​ញ់​) បន្ត​ថា «​បំណង​របស់ខ្ញុំ គ្រាន់តែ​បុក​ម៉ូតូ​ឲ្យ​ដួល ដើម្បី​ឲ្យ​ជនសង្ស័យ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែ​ប៉ុណ្ណោះ ខ្ញុំ​មិន​នឹក​ស្មានថា មាន​ស្លាប់​មនុស្ស​នោះ​ទេ​» ។

បើ​តាម​របាយការណ៍ បាន​និយាយ​ថា ប្រទេស​វៀតណាម ស៊ី​ឆ្កែ ប្រមាណ ៥​លាន​ក្បាល ក្នុង​មួយ​ឆ្នាំ ជាប់​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​ប្រទេស​ចិន ចំនួន ២០​លាន​ក្បាល ក្នុង​មួយ​ឆ្នាំ​ៗ ។ សត្វ​ឆ្កែ​ជា​ច្រើន ដែល​បម្រើ​នៅ​តាម​ភោជនីយដ្ឋាន ត្រូវ​បាន​ក្រុម​ជនសង្ស័យ​លួច​ទាក់​ពី​កន្លែង​ដែល​មិន​មានការ​គ្រប់គ្រង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ