ខេត្តស្វាយរៀង ៖ រឿងចម្លែកដែលគ្រប់គ្នាទន្ទឹងគ្រប់៧ថ្ងៃថា បុរសដែលស្លាប់ទៅនឹងរស់ឡើងវិញនោះ វាពិតណាស់ថា អ្នកដែលស្លាប់ទៅហើយនោះ ដែលបេះដូងលែងដើរទៅហើយនោះ វាមិនអាចរស់ឡើងវិញទេ ។ ឬក៏អាចនិយាយបានថា វាមិនមានភាពអច្ឆរិយៈដូចរឿងព្រេងនិទានឡើយ ទើបសម្រេចលើកសពដាក់មឈូសបូជា។
ទោះបីជាបែបណា អ្នកដែលមានជំនឿយ៉ាងងប់ងល់ មិនបានទទួលស្គាល់ថា ការស្លាប់នេះ មិនអាចរស់ឡើងវិញនោះទេ តែបានស្ដីបន្ទោសទៅលើបុរស៥នាក់ ដែលអះអាងថា ពួកខ្លួនជាគ្រូសិលបានមកអុកឡុកទៅវិញ ទើបព្រលឹងមិនហ៊ានចូលរូបរាងកាយ ។
ការស្ដីបន្ទោសនេះបានឱ្យដឹងថា ខណៈសពតម្កល់រង់ចាំព្រលឹងចូលរូបកាយ នៅភូមិជង្រុកឃុំរមាំងថ្កោល ស្រុកស្វាយទាប នៅវេលាម៉ោង១២និង៣០រសៀលថ្ងៃទី០៨ តុលា ដោយមានមនុស្សប្រុស៥នាក់មកអុកឡុក ហើយប្រាប់ថា ពួកគេជាគ្រូសិលចេះអន្ទងព្រលឹង ជាគ្រូសិលមកធ្វើពិធីប្រោះទឹកមន្តទៅលើរាងកាយសព និងអាសនៈរបស់សព ដែលនឹងបើកផ្លូវឱ្យព្រលឹងបានចូលសណ្ឋិតក្នុងរូបកាយវិញ ។ ប៉ុន្តែកន្លះម៉ោងក្រោយមកសភាពសពហើមភ្លាម និងធុំក្លិន បញ្ជាក់ថាស្លាប់មែនទែនហើយ និងបានរៀបចំលើកសពដាក់មឈូសបូជា នៅវេលាម៉ោង៩ថ្ងៃទី៩ តុលា ។ អ្នកមានជំនឿថា អ្នកស្លាប់នឹងរស់ឡើងវិញ បែរជាមានមន្ទឹល និងសោកស្ដាយថា ខំយាមសពបាន៦ថ្ងៃហើយ មិនគួរធ្លោយឲ្យគ្រូសិលមកអុកឡុកផ្ចាញ់ព្រលឹងសពសោះ មានន័យថា ការស្លាប់នេះដោយសារតែគ្រូសិលទាំងនោះទៅវិញ ។
លោកតា សាញ់ សារ៉ុន អាយុ៧០ឆ្នាំ ជាអាចារ្យដែលនៅថែរក្សាសពបានឲ្យដឹងថា គាត់សោកស្តាយយ៉ាងខ្លាំង មិនគួរធ្លោយឲ្យមនុស្សមិនស្គាល់មុខមកអុកឡុកសពទេ ។ ក្រុមគ្រួសារនិងមនុស្សចាស់ទុំឯទៀត មានការសោកស្តាយថា ខំថែរក្សាសពស្លាប់បាន០៥ថ្ងៃ ស្រាប់តែបែកញើសនៅលើថ្ងាស់ ហើយមានផុសអក្សរ នៅលើថ្ងាស់ ធ្វើឲ្យអ្នកភូមិកាន់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានអញ្ជើញយាយជី តាជី មករៀបចំសក្ការៈបូជា ថ្វាយនិងបែបន់ដល់បារមី វត្ថុស័ក្ដិសិទ្ធិ ជួយថែរក្សា និងឆាប់បញ្ជូនព្រលឹងវិញ្ញាណ ឲ្យមកចូលរូបរាងកាយវិញតាមបណ្តាំដែលថា ព្រះអង្គដកយកព្រលឹងឲ្យទៅរៀន០៧ថ្ងៃនឹងឲ្យព្រលឹងមកចូលរូបវិញ បែរជាខកចិត្តស្ដូក ។
សូមរំលឹកផងដែរថា បុរសឈ្មោះ ប្រាក់ ថាន បានដឹងខ្លួនមុនថា ខ្លួននឹងស្លាប់ហើយបាននិយាយប្រាប់ប្រពន្ធថា ពេលដែលខ្លួនស្លាប់ទៅកុំយកសពទៅបូជាឬបញ្ចុះឲ្យសោះ បើសពនៅធម្មតា មិនរឹង មិនហើម ឬស្អុយ រង់ចាំ៧ថ្ងៃព្រលឹងនឹងវិលមកចូលរូបកាយវិញហើយ ។ លុះបានបីថ្ងៃក្រោយមក ឈ្មោះនេះក៏បានស្លាប់មែន គឺស្លាប់នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣ តុលា រហូតមកដល់ថ្ងៃទី០៧ តុលា មានរយៈពេល៥ថ្ងៃហើយ ប្រពន្ធមិនព្រមយកសពប្តីទៅបូជាឬបញ្ចុះឡើយ ព្រោះសពនៅធម្មតា ។
លុះដល់ថ្ងៃទី០៨តុលា ត្រូវជាគម្រប់០៦ថ្ងៃ សភាពសពនៅធម្មតាដដែល ក៏ប៉ុន្តែនៅវេលាម៉ោងប្រមាណ១២និង៣០នាទីរសៀល មានមនុស្ស៥នាក់មកអុកឡុក ។ តាអាចារ្យបន្តទៀតថា មនុស្ស៥នាក់នេះ បានចុះពីលើរថយន្តពីកឹបស៊េរីថ្មីមួយគ្រឿង មិនចាំលេខ បានដើរចូលក្នុងផ្ទះតម្កល់់សព ហើយប្រាប់ថា ពួកគេជាគ្រូសិលមកជួយសង្គ្រោះ អន្ទងព្រលឹងឲ្យចូលរូបកាយវិញ ។ ហើយបានបញ្ជាឲ្យសាច់ញាតិទៅរកដើមអំពៅខ្មៅ១២ដើម និងមើមខ្ទឹមស មកធ្វើពិធីអន្ទងព្រលឹង ។ ឱកាសល្អ ពួកគ្រូសិលបានយកប្រដាប់ប្រដាដែលបានត្រៀមទុកជាស្រេច មានទឹកមន្ត បានធ្វើពិធីសូត្រអាគមន៍ប្រោះទឹកទៅលើរូបកាយសព និងបាចទឹកទៅលើអាសនៈរបស់សព ។ រីឯលោកតាអាចារ្យនិងប្រពន្ធសព អង្គុយភាំងនិយាយមិនចេញ ភ្លេចបណ្តាំរបស់ប្តីថា ពេលស្លាប់បើសពមិនរឹង មិនស្អុយ កុំឲ្យបញ្ចុះឬបូជា ៧ថ្ងៃព្រលឹងមកចូលរូបកាយវិញហើយ ។ ទម្រាំដឹងខ្លួនគឺជ្រុលពេលទៅហើយ ។ ដោយឮគ្រូសិលសួរទៅម្នាក់ទៀត ដែលប្រាប់ថាជាគ្រូពេទ្យដោយសួរថា មនុស្សនេះស្លាប់ហើយឬនៅ ? គ្រូពេទ្យឆ្លើយថា បើតាមវិទ្យាសាស្ត្រគ្រូពេទ្យ គឺស្លាប់ហើយ ។ បើតាមអបិយជំនឿ គឺមិនទាន់ស្លាប់ទេ ។ ក្រោយមកគ្រូសិលនោះបានទូរសព្ទ័រាយការណ៍ទៅគ្រូធំរបស់គេថា ពួកគេបានយកទឹកមន្ត និងបានសូត្រគាថាតាមលោកគ្រូហើយ ក៏ប៉ុន្តែសភាពសពនៅធម្មតា គ្មានការប្រែប្រួលទេ ។ គ្រូសិលនោះបានទទួលបញ្ជាឲ្យយកទឹកមន្តប្រោះបន្តចំនួនបីដងទៀតជោកខ្លួន រួចដោះអាវសព ហើយយកដីសគូសខ្វែងជើងក្អែកលើដើមទ្រូងសព ហើយក៏ប្រញាប់ប្រញាល់នាំគ្នាចេញទៅដោយប្រលយពាក្យថា យើងជាសមាជិកគណៈបក្សសង្គ្រោះជាតិ មកជួយប្រោះព្រំ ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបគាត់ដូចជាភាំង ដូចជាប់សណ្ដំ អង្គុយមើលគេធ្វើពិធី តែមិនអាចឃាត់គេបាន ។ ក្រោយពីក្រុមគ្រូសិលនោះទៅបាត់កន្លះម៉ោង ទើបគាត់ភ្ញាក់ខ្លួន មើលទៅសពប្តី ផ្ទៃមុខបាស់រោមឡើងសរសៃ ភ្នែកទាញមាត់វៀច ។ ក្រោយមកនៅវេលាម៉ោង១រសៀល ចាប់ហើមមុខ ហើមពោះប៉ោងឡើងសាច់ពណ៌ខ្មៅ និងធុំក្លិនស្អុយតែម្តង ទើបគិតថា គ្រូសិលនេះមកផ្ចាញ់សម្លាប់ប្តីរបស់គាត់ ។ ទីបំផុតលោកគ្រូអាចារ្យនិងសាច់ញាតិបានសម្រេចលើកសពដាក់ក្តារមឈូស ធ្វើពីធីដង្ហែយកទៅបូជា នៅថ្ងៃទី៩ តុលា វេលាម៉ោង៩ព្រឹកតាមប្រពៃណី ។
ដោយសារតែមានជំនឿយ៉ាងមុតស្រួច គ្រប់គ្នានៅតែសោកស្តាយ ព្រោះបានថែរក្សា៦យប់៦ថ្ងៃមកហើយ សល់តែមួយថ្ងៃបែរជាធ្លោយចាញ់ល្បិចគ្រូសិលមិនដឹងមកពីណា ?
សូមបញ្ជាក់ថា ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅមើលសាកសពនិងរង់ចាំមើល ថាតើបុរសខាងលើអាចរស់ឡើងវិញមែនដែរឬទេ? ស្លាប់បាន៥ថ្ងៃសពនៅមានសភាពធម្មតា ដូចជាមនុស្សដេកលក់អញ្ចឹង ថែមទាំងមានហេតុភេទចម្លែកកើតឡើងជាហូរហែ ។ បើតាមស្ត្រីឈ្មោះ ឡាយ សុធី អាយុ៥៣ឆ្នាំ ដែលជាប្រពន្ធរបស់សពបានឲ្យដឹងថា សពនឹងរក្សាទុករហូតដល់ថ្ងៃច័ន្ទ ទី១០ តុលា សង្ឃឹមថា ព្រលឹងវិញ្ញាណនឹងវិលមកចូលរូបរាងកាយវិញមិនខាន ព្រោះមកដល់ម៉ោង២រសៀលថ្ងៃទី៧ តុលា សពនៅមានសភាពទន់ធម្មតា ដូចជាមនុស្សដេកលក់ ពុំទាន់ប្រែប្រួលរឹងឬហើមនោះឡើយ ។ រីឯចាស់ទុំខ្លះនិយាយថា ប្ដីគាត់ទំនងជាមិនទាន់ស្លាប់ទេ គ្រាន់តែភ្លឹកប៉ុណ្ណោះ ព្រោះបើស្លាប់អាចហើមហើយ ។ ម្យ៉ាងអ្នកដែលស្លាប់ពុំមានជំងឺអ្វីទេ មុនពេលស្លាប់គឺចូលដេកជាធម្មតា ហើយស្រាប់តែលែងដកដង្ហើមតែម្តង ទើបស្ត្រីជាប្រពន្ធគិតថា ប្តីមិនទាន់ស្លាប់និងមិនព្រមយកសពប្តីទៅបូជាឬបញ្ចុះ រង់ចាំ៧ថ្ងៃតាមបណ្តាំប្តីថាព្រលឹងនឹងវិលមកចូលរូបរាងកាយវិញ ។ ក៏ប៉ុន្តែក្រុមគ្រួសារក៏បានអញ្ជើញលោកតាអាចារ្យ យាយជីតាជី មកសូត្រមន្តរាល់ថ្ងៃ និងនិមន្តព្រះសង្ឃមកសូត្រមន្តធ្វើបុណ្យដែរ និងដោត (ទង់ក្រពើ)បង្ហាញថាមនុស្សស្លាប់ ក៏ប៉ុន្តែមិនព្រមឲ្យយកសពទៅបូជាឬបញ្ចុះឡើយ រង់ចាំ៧ថ្ងៃសិន និងតាមដានសភាពសពតើប្រែប្រួលរឹង ហើមឬយ៉ាងណា ។ ទីបំផុត ត្រូវទឹកមន្តជោកខ្លួន ចាប់ផ្ដើមប្រែប្រួលហើម ស្អុយភ្លាមៗតែម្ដង ៕
ចែករំលែកព័តមាននេះ