រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត លោកលិ សុខា កាលពីរសៀលថ្ងៃទី០៧ តុលា នេះ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះតាំង ជី អាយុ៦៩ឆ្នាំ ដែលបានចាក់សម្លាប់ប្រពន្ធ កាលពីប៉ុន្មានថ្ងៃមុននេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ប៉ុន្តែដោយសារជននេះ មិនទាន់ជារបួសសះស្បើយ តុលាការបានអនុញ្ញាតឱ្យជនត្រូវចោទរូបនេះ សំរាកក្នុងមន្ទីរពេទ្យសិន ក្រោមការគ្រប់គ្រងផ្ទាល់ពីសំណាក់មន្ត្រីអនុរក្សពន្ធនាគារ២៤h/២៤h ។
គួររំលឹកថា ករណីហិង្សាដ៏ឃោរឃៅបានផ្ទុះឡើងក្នុងគ្រួសារមួយ តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ រវាងប្ដីនិងប្រពន្ធ ដោយបានប្រើកាំបិតចាក់គ្នាទៅវិញទៅមក ធ្វើឱ្យប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ។ រីឯប្ដីបានរងរបួសធ្ងន់ ហើយត្រូវគេជួយបញ្ជូនភ្លាមៗ ទៅកាន់មន្ទីពេទ្យ កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី០៤តុលា ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងបានឱ្យដឹងថា អំពើហិង្សានោះ គឺបានផ្ទុះឡើងនៅក្នុងគ្រួសារមួយ ដែលមានប្ដីឈ្មោះតាំង ជី អាយុ៦៩ឆ្នាំ និងប្រពន្ធឈ្មោះសៀវ គុណ អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ខាងលើ ។
បើតាមសួរនាំជម្លោះដ៏ស្រួចស្រាវនេះ គឺបានផ្ដើមចេញពីស្ត្រីជាប្រពន្ធដែលរករឿងប្ដី រហូតហ៊ានទាញកាំបិតអារ.កប្ដី ជាមួយនឹងការបណ្ដេញប្ដីចេញពីផ្ទះ ទើបឈានដល់ការប្រើកាំបិតចាក់សម្លាប់គ្នាតែម្ដង ខណៈកូនចៅរវល់ចេញក្រៅផ្ទះ ។
លោកប៉ាង ហៀង បានបញ្ជាក់ទៀតថា ក្នុងសកម្មភាពប្រើកាំបិតចាក់គ្នាទៅវិញទៅមកដ៏ឃោឃៅ រវាងគ្រួសារវ័យចំណាស់នេះ គឺបុរសជាប្ដីត្រូវប្រពន្ធចាប់បោចសក់អារ.ក បណ្ដាលឱ្យរងរបួស តែបុរសរូបនេះ ក៏ទាញកាំបិតចុងស្រួចមកចាក់ប្រពន្ធខ្លួនវិញ ត្រូវចំពោះកប់មួយកាំបិត បណ្ដាលឱ្យដេកដួលស្លាប់ភ្លាមៗ ។
ប៉ុន្តែគាត់បានយកកាំបិតចាក់ធ្លាយពោះខ្លួនឯងវិញដែរ ក្នុងបំណងសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿង តែត្រូវកូនស្រី អ្នកជិតខាង និងសមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនទៅមន្ទីរពេទ្យទាន់ ។
ទោះជាយ៉ាងណា នៅក្នុងអំពើហិង្សាក្នុងគ្រួសារដ៏កំរោលខាងលើនេះ មិនមាននណាម្នាក់ បានទម្លាយអំពីមូលហេតុច្បាស់នោះ
ទេ។ សូម្បីតែកូនស្រីម្នាក់ ក៏មិនច្បាស់លាស់អំពីមូលហេតុ ដែលនាំឲ្យឪពុកម្ដាយខ្លួនទាញកាំចាក់សម្លាប់គ្នាយ៉ាងសាហាវបែបនេះដែរ ។
ប៉ុន្តែបើតាមការសួរនាំដំបូង ទាំងកូនស្រីជនរងគ្រោះ ទាំងអ្នកភូមិនៅក្បែរនោះ ហាក់ដាក់បន្ទុកទៅលើជម្លោះដដែលៗ ដែលផ្ដើមចេញពីស្ត្រីជាប្រពន្ធ ដែលចេះតែរករឿងប្ដីស្ទើររាល់ថ្ងៃ ទើបឈានដល់ការផ្ទុះហិង្សាធ្ងន់ធ្ងរចាក់សម្លាប់គ្នាបែបនេះ ។
នៅព្រឹកថ្ងៃទី០៥ តុលា សមត្ថកិច្ចជំនាញបានចុះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសួរនាំជនសង្ស័យឈ្មោះតាំង ជី អាយុ៦៩ឆ្នាំ អំពីមូលហេតុដែលនាំឱ្យមានអំពើហិង្សា រហូតឈានដល់ការចាក់សម្លាប់គ្នា ទៅវិញទៅមក រវាងខ្លួននិងប្រពន្ធ ដែលម្នាក់ៗមានវ័យដើរស្ទើររលំទៅហើយនោះ ។
នៅក្នុងមន្ទីរពេទ្យ ឈ្មោះតាំង ជី បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គឺគ្មានរឿងអ្វីកើតឡើងទេ រវាងខ្លួននិងប្រពន្ធ ខណៈខ្លួនកំពុងសាកថ្មទូរស័ព្ទ ដើម្បីទុកសម្រាប់ទាក់ទងភ្ញៀវ ព្រោះខ្លួនជាអ្នក «បកប្រែភាសារចិន» ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែសុខៗ ប្រពន្ធរករឿងជេរបញ្ចោរគាត់ភ្លាមៗតែម្ដង។
ឈ្មោះតាំង ជី បានបន្តថា ពេលនោះ ប្រពន្ធមិនត្រិមតែជេរគាត់ទេ ថែមទាំងស្រែកបណ្ដេញគាត់ចេញពីផ្ទះទៀត លុះពេលគាត់តមាត់តិចតួចទៅវិញ ស្រាប់តែប្រពន្ធទាញកាំបិតចិតបន្លែ ស្ទុះមកចាប់ក្របួចសក់ក្បាលគាត់ផ្ងើយឡើងលើ រួចអា.កគាត់ទាំងកំរោលតែម្ដង ។
គាត់ថ្ងូរបណ្ដើរនិយាយប្រាប់សមត្ថកិច្ចបណ្ដើរថា ពេលនោះគាត់ផ្ទុះកំហឹងយ៉ាងខ្លាំង ទ្រាំមិនបាន ក៏ស្ទុះទៅទាញកូនកាំបិតចាក់ទៅលើប្រពន្ធវិញ ត្រូវចំពោះកប់មួយកាំបិត ក៏ប្រតាយប្រតប់គ្នា រហូតប្រពន្ធគាត់ដួលស្លាប់តែម្ដង ។
ក្រោយពីឃើញប្រពន្ធស្លាប់ គាត់ហាក់តូចចិត្តអំពីរឿងនេះ ក៏ចាក់ពោះខ្លួនឯង និងវះថែមទៀត ក្នុងបំណងសម្លាប់ខ្លួនដែរ តែកូនស្រី និងអ្នកភូមិចូលមកជួយទាន់ ។ គាត់បានបញ្ជាក់ថា កន្លងមក ប្រពន្ធគាត់ តែងមានចរិកកាចឆ្នាស់ ប្រើហិង្សាមកលើគាត់រាល់លើក តែគាត់មិនដែលតបតទេ ។ សូម្បីកូនចៅ និងអ្នកជិតខាងនិយាយណែនាំយ៉ាងណា ក៏មិនស្ដាប់ដែរ ។ លុះនៅថ្ងៃកើតហេតុចុងក្រោយនេះ ដោយសារទ្រាំនឹងទង្វើប្រពន្ធមិនបាន ទើបគាត់ផ្ទុះកំហឹង រហូតជ្រុលដៃចាក់សម្លាប់ប្រពន្ធបែបនេះទៅ ។
ជុំវិញករណីនេះ លោកឧត្ដមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានថ្លែងដែរថា អំពើហិង្សាដ៏ធ្ងន់ធ្ងរនៅក្នុងគ្រួសារខាងលើនេះ ពិតជាផ្ដើមចេញពីទំនាស់ក្នុងគ្រួសារ ដូចការលើកឡើងរបស់ជនសង្ស័យមែន។
លោកស្នងការរងបានបន្តថា សូម្បីតែកូនចៅក្នុងក្រុមគ្រួសាររងគ្រោះ និងអ្នកភូមិក៏បានអះអាងបែបនេះដែរ ។ ប៉ុន្តែយ៉ាងណាក៏បុរសជាប្ដីត្រូវតែមានទោសដែរ ព្រោះតែគាត់មិនអាចទប់កំហឹងបាន រហូតឈានដល់ការចាក់សម្លាប់ប្រពន្ធខ្លួនឯង ។ លោកជេត វណ្ណនី បានបញ្ជាក់ថា ពេលនេះឈ្មោះតាំង ជី ដែលរងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ដែលកូនស្រីជាអ្នកថែទាំផ្ទាល់ និងក្រោមការឃ្លាំមើលជាប្រចាំរបស់សមត្ថកិច្ច ។ បុរសនេះ នឹងត្រូវសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់ ក្រោយពេលគាត់ជាសះស្បើយពីជំងឺ ។
ចែករំលែកព័តមាននេះ