រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការចុះផ្សាយពាក់ព័ន្ធករណីថា មានស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បានយកវ៉ាលិសទៅផ្ញើនឹងស្ត្រីម្នាក់ទៀត ដែលជាអាជីវករក្នុងផ្សារបែកចាន នារសៀលថ្ងៃទី០៧ តុលា ២០១៦ ក្រោយមកព័ត៌មាននេះ ត្រូវបានដឹងដល់ស្ត្រីជាម្ចាស់វ៉ាលិស (គឺស្ត្រីមិនស្គាល់អត្តសញ្ញាណ) នោះ ក៏ប្រញាប់ប្រញាល់ត្រឡប់មកពីផ្សារអូរប្ញស្សី ធ្វើដំណើរទៅកន្លែងផ្ញើវ៉ាលិសនោះវិញ ហើយក៏បំភ្លឺជូនសមត្ថកិច្ច ។ ស្ត្រីជាម្ចាស់វ៉ាលិសខាងលើមានឈ្មោះពេជ្រ សុខុម អាយុ៥៥ឆ្នាំ មានទីលំនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ស្ត្រីម្ចាស់វ៉ាលិសបានរៀបរាប់ថា គាត់មានដន្លងជាអនិកជនខ្មែរ-អាមេរិក មកលេងផ្ទះនៅក្នុងភូមិបឹងធំទី១ សង្កាត់បឹងធំទី១ ខណ្ឌពោធិ៍សែនជ័យ ។ ហើយគាត់បានរៀបចំអីវ៉ាន់ក្នុងវ៉ាលិសនោះ ដើម្បីផ្ញើតាមដន្លងនោះឱ្យកូនស្រីបង្កើតគាត់ នៅសហរដ្ឋអាមេរិក។
ហើយអីវ៉ាន់ដែលនៅក្នុងវ៉ាលិសនោះ មានដូចជាប្រហុកចិញ្ច្រាំ១កែវ, នំចៀល២, អាវ៣, ខោ២ និងលីអូ១ ។ គាត់ក៏បានយកវ៉ាលិសនោះ ទៅផ្ញើស្ត្រីអាជីវករនៅក្នុងបែកចាន ហើយគាត់បន្តទៅផ្សារអូរប្ញស្សី ដើម្បីទៅទិញអីវ៉ាន់បន្ថែមទៀត ។ ស្រាប់តែមានឮព័ត៌មានគួរឱ្យភ្ញាក់ផ្អើលនេះតែម្តង ទើបគាត់ប្រញាប់មកកន្លែងផ្ញើវ៉ាលិសនោះ និងបំភ្លឺជូនសមត្ថកិច្ច កុំឱ្យយល់ច្រឡំ ។ គួរកត់សម្គាល់ថា ក្នុងពេលស្ត្រីម្ចាស់វ៉ាលិសមកនិយាយរៀបរាប់នោះ ធ្វើឱ្យម្នាក់ៗគោះទ្រូងគ្រប់គ្នា និងនិយាយថា «ខំតែភ័យ» ។
គួររំលឹកថា កាលពីវេលាម៉ោង១២ និង០៥នាទីថ្ងៃទី០៧ តុលា ២០១៦ មានស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បានយកវ៉ាលិសថ្មីសន្លាងមួយ ដោយមានបិទយ៉ាងជិតទៅផ្ញើជាមួយស្ត្រីអាជីវករម្នាក់ នៅក្នុងផ្សារបែកចាន តែពេលមកយកវ៉ាលិសនោះវិញ មិនមែនជាស្ត្រីអ្នកផ្ញើនោះ បែរជាមនុស្សប្រុស ប៉ុន្តែត្រូវស្ត្រីអាជីវករមិនព្រមឱ្យវិញទេ ។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០១ និង៤៥នាទីរសៀលថ្ងៃដដែល ស្ថិតក្នុងផ្សារបែកចាន លើផ្លូវជាតិលេខ០៤ ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។
ប្រភពឱ្យដឹងថា ស្ត្រីដែលយកវ៉ាលិសមកផ្ញើ គឺមិនត្រូវស្គាល់អត្តសញ្ញាណទេ ហើយមនុស្សប្រុសមកយកវ៉ាលិសមានអាយុប្រហែល២៧ឆ្នាំ ។ រីឯស្ត្រីជាអាជីវករវិញ ឈ្មោះជួន សុខុន ហៅស្រីស អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាអ្នកលក់ដូរ ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍នោះ ស្ត្រីជាអាជីវករអះអាងថា រូបគាត់មិនហ៊ានប្រគល់វ៉ាលិសទៅឱ្យមនុស្សប្រុសនោះទេ ព្រោះអ្នកផ្ញើជាស្រី បែរជាអ្នកមកយកជាប្រុសទៅវិញ ព្រោះគាត់ខ្លាចត្រូវសងអីវ៉ាន់គេ ដោយប្រការណាមួយ ។ ពេលនោះ មនុស្សប្រុសដែលមកយក សុខចិត្តហុចទូរស័ព្ទឱ្យនិយាយជាមួយស្ត្រីជាម្ចាស់វ៉ាលិសដែរ តែស្ត្រីអាជីវករ នៅតែមិនព្រមដដែល រួចឃើញបុរសនោះត្រឡប់ទៅវិញបាត់ទៅ ។
ទោះបីជាយ៉ាង ក្នុងវ៉ាលិសនោះ គេមិនដឹងថា មានអ្វីនៅខាងក្នុងទេ ហើយស្ត្រីអាជីវករក៏បានទៅផ្តល់ព័ត៌មានឱ្យខាងប៉ូលិសអង្គស្នួល និងប៉ូលិសបែកចានចុះពិនិត្យដែរ តែត្រូវរង់ចាំម្ចាស់វ៉ាលិសរហូតដល់យប់ បើមិនឃើញទេ នឹងឱ្យព្រះរាជអាជ្ញាឆែកមើល។ គួរបញ្ជាក់ថា វ៉ាលិសនោះ មានទំហំ៤តឹក គុណ៦តឹក ឃ្លុមបេជិត ។
ចែករំលែកព័តមាននេះ