ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ បំពេញបំណងប្រាថ្នារបស់ប្រជាកសិករ ដោយ​សាងសង់ទំនប់បង្ហៀរទឹកស្រោចស្រពដំណាំ​ស្រូវ

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ទំនប់បង្ហៀរទឹកចំនួនពីរកន្លែង កំពុងតែដំណើរការសាងសង់ប្រយោជន៍ ដើម្បីស្រោចស្រព​ដំណាំ​ស្រូវ​ប្រាំង​ និង​ស្រូវ​វស្សា​ បានរហូតដល់រាប់ពាន់ហិតា នៅក្នុងស្រុកចំនួន៣ ក្នុងនោះ រួមមាន ស្រុកជើងព្រៃ…

ខេត្តកំពង់ចាម៖ ទំនប់បង្ហៀរទឹកចំនួនពីរកន្លែង កំពុងតែដំណើរការសាងសង់ប្រយោជន៍ ដើម្បីស្រោចស្រព​ដំណាំ​ស្រូវ​ប្រាំង​ និង​ស្រូវ​វស្សា​ បានរហូតដល់រាប់ពាន់ហិតា នៅក្នុងស្រុកចំនួន៣ ក្នុងនោះ រួមមាន ស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកបាធាយ។ នេះជាការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ហើយនៅលើខ្នងទំនប់បេតុងបង្ហៀរទឹកនេះ ជាស្ពាន សម្រាប់ឆ្លងកាត់ព្រែក បានទាំងអ្នកថ្មើរជើង រហូតដល់រថយន្តធុនតូច អាចបើកឆ្លងកាត់បានទៀតផង។

លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានឲ្យដឹងថា​ តាមរយៈប្រជាកសិករចំនួនបីស្រុក បានស្នើសុំមក​អាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាទឹកស្តុកទុកប្រើប្រាស់ស្រោចស្រពដំណាំស្រូវទាំងពីររដូវ។ ដោយមើលឃើញនូវ​កង្វល់ទាំងនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នាព្រឹកថ្ងៃទី២២ មេសា ឆ្នាំ២០២២  អមដំណើរ​ដោយអភិបាលរងខេត្ត ព្រមទាំង​លោកអភិបាលស្រុកទាំងបី ព្រមទាំងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យមើលការ​ស្ថាបនាទំនប់បង្ហៀរទឹកចំនួនពីរកន្លែង សម្រាប់ស្រោចស្រពដំណាំស្រូវ។

អភិបាលស្រុកជើងព្រៃ រំលឹកថា កាលពីឆ្នាំ២០២១ កន្លងទៅ ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យលើទីតាំងចំនួន​បី​ស្រុក ក្នុងនោះ រួមមាន ជើងព្រៃ បាធាយ និងកងមាស ព្រមទាំងបានជួបសំណេះសំណាលជាមួយប្រជាកសិករ និងបានទទួលយកសំណើរបស់ពួកគាត់ ដែលចង់បាន គឺឱ្យមានការស្ថាបនាទំនប់បង្ហៀរទឹក។

ក្នុងពេលនោះ នៅផ្នែកខាងក្រោម ត្រង់ចំណុចស្ទឹងឆ្វេង មុខវត្តស្ទឹងឆ្វេង ក្នុងឃុំច្បារអំពៅ ស្រុកបាធាយ ត្រូវបានគេ​ចាក់ដី និងប្រព័ន្ធលូបង្ហូរទឹក ដើម្បីឱ្យទឹកហូរចេញងាយស្រួលធ្វើស្រែនៅតំបន់ខាងលើ ហើយអ្នក​ដែលធ្វើដំណើរជិះកង់ និងម៉ូតូឆ្លងកាត់លើខ្នងទំនប់នេះ ត្រូវចំណាយថវិកា។ តែមកដល់សព្វថ្ងៃនេះ ក្រោមការ​យក​ចិត្តទុកដាក់របស់មន្ទីរធនធានទឹកទំនប់បង្ហៀរទឹក នៅមុខវត្តស្ទឹងឆ្វេង សាងសង់​បានប្រមាណ ៩៥% ហើយ​ដោយលើខ្នងទំនប់បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរថ្មើរជើង រហូតដល់រថយន្តធុនតូច អាចបើកឆ្លង​កាត់​បាន​មិនមានការចំណាយថវិកា​ទៀតនោះទេ។

សូមបញ្ជាក់ថា នៅក្នុងឃុំព្រៃចារ ភូមិសូទិព្វ ស្រុកជើងព្រៃ ដែលជាតំបន់នៅផ្នែកខាងលើប្រជាកសិករក្នុងមួយឆ្នាំ អាចបង្កបង្កើតផលដំណាំស្រូវបាន រហូតដល់ទៅបីដង។

ចំពោះសមិទ្ធិផល ដែលទទួលបាននេះធ្វើឲ្យប្រជាកសិករប្រុសស្រីនាំគ្នាសប្បាយរីករាយ និងថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់។ តាមគោលការណ៍របស់ថ្នាក់ដឹក​នាំ​ខេត្ត គឺជ្រើសរើសប្រធានសហគមន៍ដោយមានឃុំចំនួន ៥ មកពីស្រុកចំនួន៣ ដើម្បីថែរក្សាទំនប់បង្ហៀរទឹក និង​ចាត់​ចែងបើកទឹក សម្រាប់ស្រោចស្រពដំណាំស្រូវក្នុង ២ឆ្នាំ ត្រូវបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ម្ដង។

ចំណែកលោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ឱ្យដឹងថា ចំពោះទំនប់បង្ហៀរទឹក នៅតាមបណ្ដោយស្ទឹងឆ្វេង ដែលសាងសង់ចំនួន ២កន្លែង ក្នុងនោះ រួមមាន៖ ១-សាងសង់ទំនប់សណ្តរសងខាង​សំណង់​បង្ហៀរ(ទ្វារ២) ទី១-មានប្រវែង១០០ម និងតួសំណង់បង្ហៀរបណ្តោយ ៦៨ម ទទឹង២៧ម លើស្ទឹងឆ្វេង ចំនួន ១កន្លែង សម្រេចបាន ៩៥%​។ ២-សាងសង់ទំនប់សណ្តរសងខាងសំណង់បង្ហៀរ(ទ្វារ២) ទី២-មានប្រវែង ២០០ម និងតួសំណង់បង្ហៀរបណ្តោយ ៥៤ម និងទទឹង ២៧ម ចំនួន ១កន្លែង សម្រេចបាន ១០%​។

សូមបញ្ជាក់ថា ការសាងសង់ចាប់ផ្តើម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងបព្ចាប់ នៅ​មុនរដូវទឹកទន្លេឡើង។ រីឯ​បងប្អូនប្រជាពលរដ្ឋ ទទួលផលប្រយោជន៍ រួមមាន៖ ១-ស្រុកបាធាយ៖ ឃុំច្បារអំពៅ គឺស្រូវវស្សា ៧០ហ.ត និងស្រូវប្រាំង ៥០៧ហ.ត ស្មើ ៨១៤គ្រួសារ។ ២-ស្រុកជើងព្រៃ៖ ឃុំផ្តៅជុំ ឃុំសូទិព្វ និងឃុំព្រៃចារ គឺស្រូវប្រាំង ១៦០៨ ហ.ត ស្មើ ៨៨៥គ្រួសារ។ ៣-ស្រុកកងមាស៖ ឃុំព្រែកកុយ ដែលមាន​ស្រូវ​ប្រាំង ១១០ហ.ត ស្មើ ៤៦០​គ្រួសារ​៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ