ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន WTO គាំទ្រ​គោលនយោបាយ​របស់​ប្រទេស​ថៃ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អតីត​លេខាធិការ​នៃ United Nations Conference on Trade and Development (UNCTAD) លោក Supachai Panitchpakdi ថ្លែង​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ធ្វើ​កំណែ

ប្រទេស​ថៃ ៖ អតីត​លេខាធិការ​នៃ United Nations Conference on Trade and Development (UNCTAD) លោក Supachai Panitchpakdi ថ្លែង​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច និង​សង្គម គឺ​កំពុង​តែ​ដើរ​នៅ​លើ​ផ្លូវត្រូវ​ហើយ ។

ទោះ​យ៉ាងណា​ក្តី លោក​នៅ​តែ​មានគំនិត​អវិជ្ជមាន​ទៅ​លើ​គម្រោង Pracha Rat ឬ​រដ្ឋ​របស់​ប្រជាជន ដែល​បាន​ចេញ​ដោយ​រដ្ឋាភិបាល ដោយ​គម្រោង​នេះ​ផ្តោត​សំខាន់​ទៅ​លើ​បណ្តាញ​នៃ​វិស័យ​សាធារណៈ និង​ឯកជន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​នា​រយៈពេល​យូរ​ខាង​មុខ ។ លោក​មានគំនិត​បែបនេះ ព្រោះ​អត្ថប្រយោជន៍​ដែល​បាន​មក​ពី​គម្រោង​នេះ អាច​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​តែ​ក្រុមហ៊ុន​ធំ​ៗ​ប៉ុណ្ណោះ ។

លោក Supachai បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ​ឲ្យ​ធានា​ថា អត្ថប្រយោជន៍​នឹង​ត្រូវ​បានចែកចាយ​ក្នុង​ចំណោម​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​អាជីវកម្ម​ក្នុងស្រុក​ផង​ដែរ ។

លោក​បាន​និយាយ​ក្នុង​របាយការណ៍​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​របស់ UNCTAD  ឆ្នាំ​២០១៦ ក្នុង​ក្រុង​បាងកក​ថា ៖ « ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ រួម​មាន ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ការ​លើកតម្កើង​តម្លាភាព​ក្នុង​ដំណើរការ​យកពន្ធ ដោះស្រាយ​បញ្ហា​រត់ពន្ធ​មនុស្ស បង្កើន​ស្តង់ដា​អាកាសចរណ៍ កែសម្រួល​ប្រព័ន្ធ​អប់រំ ធ្វើ​វិសោធនកម្ម​ច្បាប់​និង​បទបញ្ជា ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ធ្វើ​អាជីវកម្ម ដែល​ត្រូវ​បាន​លើក​សរសើរ​លើ​វេទិកា​អន្តរជាតិ ហើយ​ខ្ញុំ​ផ្ទាល់​ក៏​យល់​ស្រប និង​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ដែរ » ។

លោក Supachai បាន​សរសើរ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs) របស់​រដ្ឋាភិបាល និង​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​សំខាន់​ៗ​ទាំង​១០​របស់​ពួក​គេ ។ លោក​បាន​និយាយ​ថា ៖ «​គោលនយោបាយ​ទាំងនេះ​នឹង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ និង​ការ​រីក​ចម្រើន​នៃ​វិស័យ​ផ្សេង​ៗ​របស់​ប្រទេស​ថៃ » ។

លោក​បន្ថែម​ថា រដ្ឋាភិបាល ដាច់ខាត​ត្រូវ​តែ​ធានា​ថា គោលនយោបាយ​ទាំងនេះ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម កសិករ​ក្រីក្រ និង​ផ្តល់​នូវ​ភាព​ងាយស្រួល​ផ្នែក​បច្ចេក​វិទ្យា​ទំនើប ដើម្បី​ជួយ​បង្កើន​ប្រាក់​ចំណូល និង​គុណភាព​នៃ​ការ​រស់នៅ​របស់​ពួក​គេ ។ ការ​សហការ​គ្នា​រវាង​ប្រទេស​ថៃ កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ត្រូវ​តែ​មានការ​លើកតម្កើង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​គ្នា​និង​គ្នា​បន្ថែម​ទៀត ។

លោក Supachai ជា​អតីត​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏​បាន​ស្នើ​ទៅ​កាន់​ប្រទេស​ថៃ ឲ្យ​ប្រើប្រាស់​ប្លុក​ពាណិជ្ជកម្ម​ពហុភាគី ជា​ពិសេស​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក ។ លោក​និយាយ​ថា ៖ « រដ្ឋាភិបាល​ថៃ និង​សមាជិក​អាស៊ាន គួរតែ​ប្រឹងប្រែង​បន្ថែម​ក្នុង​ការ​សម្រេចការ​ចរចា​លើ​កិច្ចព្រមព្រៀង Regional Comprehensive Economic Partnership (RCEP) ក្នុងអំឡុងពេល​១​ឆ្នាំ និង​គួរតែ​មិន​អនុញ្ញាត​ឲ្យ​កិច្ចព្រមព្រៀង Trans-Pacific Partnership (TPP) គ្រប់គ្រង និង​បំបែកបំបាក់​អាស៊ាន​ឡើយ » ។

កិច្ចព្រមព្រៀង RCEP បាន​ចេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ ដែល​មាន​គោលដៅ​បង្កើត​ការ​សហការ​គ្នា​កាន់តែ​ជ្រាលជ្រៅ​រវាង​សមាជិក​អាស៊ាន​ទាំង​១០ ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​៦​គឺ ប្រទេស​ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ។ កិច្ចព្រមព្រៀង​នេះ តំណាង​តម្លៃ​ប្រមាណ​៩,៥​ទ្រី​លាន​ដុល្លារ ឬ​២៩%​នៃ​ពាណិជ្ជកម្ម​ពិភពលោក ។ ប៉ុន្តែ​សម្រាប់​កិច្ចព្រមព្រៀង TPP វិញ ត្រូវ​បាន​រាប់​៤០% នៃ​ពាណិជ្ជកម្ម​អន្តរជាតិ ។

កិច្ចព្រមព្រៀង RCEP ត្រូវ​បាន​គេ​មើលឃើញ​ថា ជំនួស​ឱ្យ TPP ដែល​មាន​សហរដ្ឋអាមេរិក​ផង​ដែរ ប៉ុន្តែ​មិន​មាន​ប្រទេស​ចិន​ទេ​។ ក្នុង​ខែវិច្ឆិកា​ឆ្នាំ​មុន សមាជិក​បាន​ឯកភាព​ថា នឹង​សម្រេច​កិច្ចព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ​២០១៦​។ ប៉ុន្តែ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ប្រទេស​ឡាវ​បាន​ប្រកាស​ថា ពួក​គេ​នឹង​រំលង​គោលដៅ​មួយ​នេះ ៕