ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សំណង់​ត្រូវការ​គោលនយោបាយ​មាន​ស្ថិរភាព​ដើម្បី​ទាញ​ប្រយោជន៍​ពី​ការ​លើកលែង​ទណ្ឌកម្ម

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុម​មន្ត្រី​ឧស្សាហកម្ម​សំណង់ និង​អចលនទ្រព្យ បាន​រំពឹង​ថា តម្រូវការ​លំនៅ​ឋាន​, ការិយាល័យ​សម្រាប់​ជនបរទេស និង​ឱកាស​វិនិយោគ​នៅ​មី​យ៉ា​ន់​ម៉ា​កំពុង​កើនឡើង បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុម​មន្ត្រី​ឧស្សាហកម្ម​សំណង់ និង​អចលនទ្រព្យ បាន​រំពឹង​ថា តម្រូវការ​លំនៅ​ឋាន​, ការិយាល័យ​សម្រាប់​ជនបរទេស និង​ឱកាស​វិនិយោគ​នៅ​មី​យ៉ា​ន់​ម៉ា​កំពុង​កើនឡើង បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ត្រូវ​បាន​លើកលែង ប៉ុន្ដែ​បរិយាកាស​នៃ​គោលនយោបាយ​មិន​មាន​ស្ថិរភាព ដែល​អាច​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ទាញ​យក​ប្រយោជន៍​នៃ​វិស័យ​ទាំងនេះ ។

ចំនួន​វិនិយោគិន​បរទេស និង​ពលករ​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​ការិយា​ល័យ និង​លំនៅ​ឋាន​កើនឡើង ។

យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្នុង​វិស័យ​សំណង់​យល់​ថា និន្នាការ​កំពុង​បន្ដ​ទៅ​រកក្ដី​សង្ឃឹម​ពី​ការ​បញ្ចប់​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ដែល​នៅ​សេសសល់​មួយ​ចំនួន ដែល​រដ្ឋបាល​អា​មេ​រិ​កបាន​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន ។

អនុប្រធាន​សមាគម​ផ្ដល់​សេវា​អចលនទ្រព្យ​មី​យ៉ា​ន់​ម៉ា លោក Than Oo បាន​និយាយ​ថា ៖ « នៅ​ថ្ងៃ​អនាគត នឹង​មាន​វិនិយោគិន ពលករ​បរទេស​ជា​ច្រើន​ចូល​មក​រកស៊ី និង​ធ្វើការ​នៅ​ទី​នេះ បន្ទាប់​ពី​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម ហើយ​ពួក​គេ​ពិតជា​ត្រូវការ​ការិយាល័យ និង​លំនៅ​ឋាន​សម្រាប់​ធ្វើការ និង​ស្នាក់​នៅ » ។

មន្ត្រី​ក្នុង​វិស័យ​នេះ​រំពឹង​ថា តម្រូវការ​អចលនទ្រព្យ​នឹង​កើនឡើង ដែល​អាច​ជួយ​ឲ្យ​ទីផ្សារ​លំនៅ​ឋាន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​សន្ទុះ​ខ្លាំង បន្ទាប់​ពី​ជាប់​គាំង​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មក ។

លោក Khin Shwe អ្នកគាំទ្រ​សមាគម​សហគ្រិន​សំណង់​មី​យ៉ា​ន់​ម៉ា មាន​ក្ដី​រំពឹង​ថា លំហូរ​នៃ​ជនបរទេស និង​អ្នកដំណើរ​នឹង​មាន​កំណើន​ខ្ពស់ បន្ទាប់​ពី​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​ផុតរលត់ ។ លោក​ថា ៖ « យើង​ត្រូវការ​សាងសង់​ការិយាល័យ និង​លំនៅ​ឋាន​សម្រាប់​វិនិយោគិន​បរទេស​ឲ្យ​បាន​ច្រើន » ។

ទោះបី​យ៉ាងណា បើ​តាម​លោក Than Oo បាន​និយាយ​ថា ថ្វីបើ​តម្រូវការ​នៃ​អា​ផាត​មិន និង​លំនៅ​ឋាន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន ប៉ុន្តែ​កង្វះ​នៃ​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ប្រកបដោយ​ស្ថិរភាព​នៅ​ក្នុង​វិស័យ​សំណង់ គឺ​ធ្វើ​ឱ្យ​វិនិយោគិន​មានការ​ភ័យ​ខ្លាច​មក​បណ្ដាក់ទុន​។ លោក​បន្ថែម​ថា ៖ « សេដ្ឋកិច្ច​ក៏​មិន​ទាន់​មាន​ស្ថិរភាព​ផង​ដែរ ប៉ុន្ដែ​ខ្ញុំ​គាំទ្រ​ថា វា​នឹង​ប្រសើរ​ឡើង​បន្ដិច​ម្ដង​ៗ » ។

ដោយឡែក អ្នកនាំពាក្យ​រដ្ឋាភិបាល​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន លោក Ye Min បាន​និយាយ​ថា សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​សាងសង់ នឹង​ផ្សព្វផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ដំណើរការ​ដើម្បី​បញ្ចប់​ច្បាប់ និង​បទ​ប្ប​ញ្ញាត្តិ​ថ្មី​មួយ ។

កាលពី​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន បាន​ចេញ​ច្បាប់​សាងសង់​ថ្មី​មួយ​ទៅ​កាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ដើម្បី​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ក្ដី​បារម្ភ​មួយ​ចំនួន​ដូច​ជា តម្រូវការ​ចំណត ស្ដង់ដា​ពន្លត់​អគ្គិភ័យ និង​ទំហំ​ចន្លោះ​ពី​អគារ​មក​ផ្លូវត្រូវ​ដាក់​ប្រវែង​ប៉ុន្មាន​ជាដើម ដើម្បី​ងាយស្រួល​ដល់​អ្នក​អភិវឌ្ឍន៍​ចាត់ចែង ៕