ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ ​៖ ​ចូល​ឆ្នាំ​ឱកាស​កសិករ​លក់​ជ្រូក មាន់ ត្រី បន្លែ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ និង​បុណ្យ​ភ្ជុំបិណ្ឌ​ ជាដើម ត្រូវ​គេ​ដឹង​ថា​ ជា​ឱកាស​ដែល​មាន​លំហូរ​សាច់ប្រាក់​ក្នុង​សង្គម​កម្ពុជា​ពី​ទីក្រុង​ទៅ​ជនបទ​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​ ។ លំហូរ​សាច់ប្រាក់​ដោយសារ​សកម្មភាព​ធ្វើបុណ្យ ដើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​…

រាជធានីភ្នំពេញ ៖ ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ និង​បុណ្យ​ភ្ជុំបិណ្ឌ​ ជាដើម ត្រូវ​គេ​ដឹង​ថា​ ជា​ឱកាស​ដែល​មាន​លំហូរ​សាច់ប្រាក់​ក្នុង​សង្គម​កម្ពុជា​ពី​ទីក្រុង​ទៅ​ជនបទ​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​ ។ លំហូរ​សាច់ប្រាក់​ដោយសារ​សកម្មភាព​ធ្វើបុណ្យ ដើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ ។ អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ដែល​ការ​ជួបជុំ​គ្នា​ក្នុង​សង្គម​គ្រួសារ​ខ្មែរ នៅ​ក្នុង​ឱកាស​បុណ្យ​ទាន​ប្រចាំឆ្នាំ​នេះ បាន​រឹតត្បិត​ដោយសារ​ជំងឺ​កូ​វី​ដ​ ១៩​ ។

គេ​នៅ​ចាំថា​ កាលពី​ឆ្នាំ​កន្លង​ទៅ​អ្នក​ចិញ្ចឹម​ត្រី បាន​ត្អូញ​ថា ​ត្រី​ដែល​ខ្លួន​ចិញ្ចឹម​បាន​ធំហើយ សល់​ពេញ​ៗ​ស្រះ​ដោយសារ​តែ​គ្មាន​ទីផ្សារបណ្តា​មក​ពី​ជំងឺ​កូ​វី​ដ ​១៩ ។ កូ​វី​ដ​ ១៩ ដែល​រដ្ឋាភិបាល​បិទ​ការ​ជួបជុំ បិទ​ការ​ប្រារព្ធ​កម្មវិធី​នានា​ដូច​ជា​អាពាហ៍ពិពាហ៍ ពិសេស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជាដើម​បាន​ធ្វើ​ត្រី​រួម​ទីផ្សារ​លក់​មិន​ចេញ​ ។ មិន​ខុស​គ្នា​នេះ អ្នក​ចិញ្ចឹម​មាន់ អ្នក​ដាំ​បន្លែ ជា​ច្រើន​សុទ្ធតែ​បាន​ត្អូញ​ថា ​ទីផ្សារ​លក់​ផលិត​កសិផល​បាន​រួម​តូច នៅ​ពេល​ផ្ទុះ​កូ​វី​ដ​ ១៩​ ។

អ្នក​ចិញ្ចឹម​មាន់​ជា​ច្រើន​បាន​ត្អូញ​ពី​ការ​ខាត់បង់​ថវិកា​ដោយសារ​មាន់​ធ្លាក់​ថ្លៃ​ ។ ​អ្នក​ដាំ​បន្លែ អ្នកខ្លះ​រហូត​ភ្ជួរ​រាស់​ចោល​តែ​ម្តង​នៅ​ពេល​បន្លែ​ចុះថោក​ពេក ​។ នៅ​ពេល​ខ្លះលក់​មិន​ចេញក៍មានដែរ​ កសិករ​ដែល​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ឲ្យ​បេះ ​ឬ​ដកបន្លែ​របស់​ខ្លួន​មក​ទទួលទាន​ដោយ​មិន​យក​ប្រាក់ ​។

នៅ​ឆ្នាំ​នេះ​រដ្ឋាភិបាល​បាន​បើក​ឲ្យ​មានការ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ឡើង​វិញ ​។ ប៉ូ​ល​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា មាន​ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ កំពត​ជាដើម​នោះ​បាន​ប្រុងប្រៀប​រៀបចំ​កម្មវិធី​ស​ង្គ្រា​ន​រៀង​ៗ​ខ្លួន​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ ។ នៅ​ពេល​មាន​សកម្មភាព​ទេសចរ​មាន​សកម្មភាព​ធ្វើបុណ្យ​ទាន ប្រាកដ​ណាស់​ត្រី មាន់ បន្លែ​ដែល​កសិករ​ចិញ្ចឹម​និង​ដាំ​ដុះ​ប្រាកដជា​មាន​ទីផ្សារ​ ។

នៅ​ប៉ុន្មាន​ថ្ងៃមុន​ចូល​ឆ្នាំ​នេះ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​អះអាង​តម្រូវការ​សាច់​ជ្រូក​នៅ​កម្ពុជា​មានការ​កើនឡើង​ប្រមាណ ​២ ​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ​ ។ ក្នុង​មួយ​ថ្ងៃ​កម្ពុជា​មាន​តម្រូវការ​ជា​មធ្យម​សត្វ​ជ្រូក​រស់​ចំនួន ​៨ ​ពាន់​ក្បាល ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​កាន់តែ​ខិត​ជិត​មក​ដល់ រួម​ផ្សំ​មាន​ពិធី​ឆេ​ង​ម៉េ​ង របស់​បងប្អូន​កាត់​ចិន និង​វៀតណាម ផង​នោះ​តម្រូវការ​ជ្រូក​កើន​ដល់​ ១ ​ម៉ឺន​ក្បាល​ក្នុង​មួយ​ថ្ងៃ​ ។

លោក ​ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ថា ​អ្នក​ចិញ្ចឹម​ជ្រូក​សប្បាយចិត្ត​ពេល​មាន​ទីផ្សារ លោក​ថា​ទោះ​មាន​តម្រូវការ​កើនឡើង ក៍​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​លើ​ទីផ្សារ​មិន​មាន​បញ្ហា​នោះ​ទេ​ ។ ចូល​ឆ្នាំ​នៅ​ពេល​នេះ ពេល​ដែល​ត្រី​ចិញ្ចឹម​របស់​កសិករ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដល់​ពេល​ចាប់​លក់​ផង​ដែរ​ ។ ​សមាគម​វា​រី​វ្ប​ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​នេះ អ្នក​ចិញ្ចឹម​ត្រី​នៅ​តាម​បណ្តាល​ខេត្ត​ចិញ្ចឹម​ត្រី​ប្រា និង​ត្រី​ពោ​ច្រើន​ៗ មាន​ដូច​ជា កណ្តាល កំពង់ចាម ពោធិសាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ ចាប់ផ្តើម​លក់​ត្រី​ចេញពី​ស្រះ​បរិមាណ​ច្រើន​ៗ​ជា​បណ្តើរ​ៗ​ហើយ ​។ ​សមា​គ​មា​អំពា​វា​ឲ្យ​ពលរដ្ឋ​ចូលរួម​ទិញ​ត្រី​ដែល​ស​កិករ​ចិញ្ចឹម ​។ «ដូចនេះ​សូម​បងប្អូន​ជនរួមជាតិ​យើង​ជួយ​ទិញ​ផលិតផល​ត្រី​ខ្មែរ​យើង ដែល​ផលិត​ដោយ​វា​រី​វប្បករ​ខ្មែរ មានគុណ​ភាព​ទុកចិត្ត​បាន និង​មានឱជារស​ឆ្ងាញ់​ពិសា​» ​។

កសិករ​អ្នក​ចិញ្ចឹម​ទាយ​កស៊ុត នៅ​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ​នេះ​ពង​ទា​បាន​ឡើងថ្លៃ​បន្តិច​ពី​ឆ្នាំ​កន្លង​ទៅ ​។ ពោល​ឆ្នាំ​នេះ​ឈ្មួញ​បាន​ចុះ​ទៅ​ពង​ទា​ពី​កសិករ​ក្នុង​មួយ​គ្រាប់ ៣៨០ ​រៀល ថ្លៃ​ជាង​ឆ្នាំ​កន្លង​ទៅ​ដែល​កសិករ​លក់​បាន​តែ ​៣០០ ​ទៅ ​៣៥០​ រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រាប់ ​។

មានការ​មើលឃើញ​ថា ​ពលរដ្ឋ​កម្ពុជា​តែងតែ​ចំណាយ​ថវិកា​នៅ​ក្នុង​ពេល​បុណ្យ​ទាន​ដូច​ជា​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ​ជាដើម ទោះបី​ខ្លួន​មាន​បញ្ហា​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​ក្តី​ ។ ពលរដ្ឋ​តែងតែ​និយាយ​ថា​មួយ​ឆ្នាំ​មាន​តែ​ម្តង ដូច្នេះ​ខ្លួន​ត្រូវ​តែ​ចំណាយ ដោយ​ចៀស​មិន​រួច ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​និង​ធ្វើបុណ្យ​ទាន​ ។

ទោះ​មាន​តម្រូវការ​សាច់ បន្លែ និង​សេវាកម្ម​នានា​នៅ​ក្នុង​ឱកាស​បុណ្យ​ទាន​នេះ​ក៍​ពិតមែន តែ​ពលរដ្ឋ​ជា​ទូទៅ​ក៍​មិន​សប្បាយ​ចិត្តនឹង​ការ​ដំំ​ឡើងថ្លៃ​ទំនិញ​ពី​អ្នក​ឆ្លៀតឱកាស​មួយ​ចំនួន​ផង​ដែរ​ ។ សូមកុំ​ត្អូញ​ពេល​គ្មាន​អ្នកទិញ​ថា ខ្លួន​លក់​មិន​ដាច់ ពេល​ពលរដ្ឋ​មិន​ទៅ​ដើរ​លេង​ថា​សេវាកម្ម​ខ្លួន​ដួល​រលំ តែ​ពេល​ពលរដ្ឋ​ត្រូវការ​ខ្លួន​ដំឡើង​ថ្លៃ​នោះ​ ។

និយាយ​បែប​នេះ ពីព្រោះ​ជា​ទូទៅ​នៅ​ពេល​បុណ្យ​ទាន​បែប​នេះ​គេ​សង្កេត​ឃើញ​ថា​ ទំនិញ​គ្រប់មុខ​បាន​ឡើងថ្លៃ​ ។
អាជ្ញាធរ​តែងតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ្នក​លក់ដូរ អ្នក​ប្រកប​អាជីវកម្ម​ដូច​ជា​ខាង​ដឹក​ជ​ញ្ជួ​ន​ជាដើម កុំ​ដំឡើង​ថ្លៃ​សេវា​និង​អាជីវកម្ម​របស់​ខ្លួន​ហួសហេតុ​ពេក​ ។ ចរន្ត​សេដ្ឋកិច្ច ដែល​អាច​កើត​មាននៅ​ពេល​ពេញ​ប្រទេស ដោយ​សមធម៌ ត្រូវ​ស្ថិត​នៅ​ក្នុង​សីលធម៌ ដោយ​យក​ឱកាស​នេះ កើប​ចំណេញ​ហួសហេតុ​នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ