ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចម្រុះ​ចុះ​បង្ក្រាប​ឆែកឆេរផ្ទះ​​មួយ​កន្លែង រក​ឃើញ​សំណាក​សត្វ​ព្រៃ​ដ៏​កម្រជាច្រើន​

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ការ​ចុះ​ឆែកឆេរ​ផ្ទះ​មួយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ដែល​ជា​ពាណិជ្ជករ​សន្និធិ​កែ​ច្នៃ សំណាក​សត្វព្រៃ​កម្រ និង​ជិត​ផុត​ពូជ កាលពី​ជាង​២០​ថ្ងៃមុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ចុះ​ឆែកឆេរ​ផ្ទះ​មួយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ដែល​ជា​ពាណិជ្ជករ​សន្និធិ​កែ​ច្នៃ សំណាក​សត្វព្រៃ​កម្រ និង​ជិត​ផុត​ពូជ កាលពី​ជាង​២០​ថ្ងៃមុន ។ លុះ​មក​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២២ កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ រួម​ជាមួយ​កម្លាំង​ចម្រុះ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដឹកនាំ​ដោយ​លោក ហម សារា​វុ​ធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ​របស់​ឈ្មួញ​ខាងលើ​នៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១១B ភូមិ​កណ្ដាល សង្កាត់​រលួស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​នោះ​ក៏​មានការ​ចូលរួម​ដោយ​មន្ត្រី​រដ្ឋ​បាន​ព្រៃឈើ​មូលដ្ឋាន កម្លាំង​អន្តរាគមន៍​បង្ក្រាប​សត្វព្រៃ​ចល័ត អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ អាជ្ញាធរ​និង​សមត្ថកិច្ច ខណ្ឌដង្កោ​ផង​ដែរ ។ យោង​តាម​ដីកា​បង្កក​ទ្រព្យសម្បត្តិ​លេខ​៤០ អ ដ ប ទ ចុះ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​បង្កក​ទ្រព្យសម្បត្តិ​របស់​ឈ្មួញ​ខាងលើ​រួម​មានផ្ទះ​និង​គណនី​ធនាគារ​ផង​ដែរ បន្ទាប់​ពី​រក​ឃើញ​ថា ទ្រព្យសម្បត្តិ​ទាំងនេះ​ទទួលផល​បាន​មក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​សន្និធិ​កែ​ច្នៃ​សំណាក​សត្វព្រៃ​ក្រុម​កម្រ​និង​ជិត​ផុត​ពូជ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត ចាប់ពី​ចុងឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ ។

ក្រោយ​ពី​ការ​ស្រាវជ្រាវ​និង​កំណត់​បាន​ច្បាស់លាស់​ពី​ទីតាំង​បទល្មើស កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ឈ្មួញ​ម្នាក់ កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២​។ ខណៈ​ដែល​កម្លាំង​ខាងលើ​ចុះ​ធ្វើការ​ឆែក​ឆេរ​ដល់​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១១B ភូមិ​កណ្ដាល សង្កាត់​រលួស ។ ក្នុង​ពេល​នោះ​ក៏​បាន​រក​ឃើញ​ព្រមទាំង​រឹបអូស​យក​វត្ថុ​តាង​មួយ​ចំនួន​គឺ​សំណាក​សត្វព្រៃ​កម្រ​និង​ជិត​ផុត​ពូជ​មាន​ដូច​ជា​ភ្លុក​ដំរី ចែកាច់ ជាដើម ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ឈ្មួញ​ធ្វើ​ពាណិជ្ជកម្ម សន្និធិ កែ​ច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​កម្រ​និង​ជិត​ផុត​ពូជ​និង​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ ឡា សេង​ងួ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ ក្រៅពី​នេះ​នៅ​មាន​ជន​ពាក់ព័ន្ធ​៣​នាក់​ទៀត​ហើយ​កំពុង​តែ​គេចខ្លួន​នៅឡើយ​រួម​មាន ៖

១-​ម្ចាស់​គណនី​ធនាគារ​ឈ្មោះ​Sok Theara ស្នាក់​នៅផ្ទះ​សិប្បកម្ម​ឈើ​ម្ដុំ​ហ្គ្រែ​ន​ភ្នំពេញ ជិះ​រថយន្ត​ម៉ាក​ហ្វ័​ដ piup ស៊េរី​ឆ្នាំ​២០១២​ពណ៌​ស ពាក់​ផ្លា​ក​លេខ​0449 ។

២-​ម្ចាស់​គណនី​ធនាគារ​ឈ្មោះ លី ហេង​ហួរ ស្នាក់​នៅ​ម្ដុំ​ក្រោយ​វត្ត​និរោធ​ន៍ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ជន​នេះ​មាន​តូប​លក់ដូរ​អីវ៉ាន់​យីហោ​ម៉ែ​អា​ម៉ី តូប​លេខ​២ នៅ​ផ្សារ​ទួល​ទំពូង​ដែល​មាន​ស្តុក​ភ្លុក​ដំរី​សម្រាប់​លក់​ឲ្យ​ម៉ូយ ។

៣-​ម្ចាស់​គណនី​ធនាគារ​ឈ្មោះ សី ហួរ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ដីកា​បង្កក​ទ្រព្យសម្បត្តិ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ហាម​មិន​ឲ្យ​លក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល​បញ្ចាំ និង​ធ្វើ​អំណោយ​ផ្សេង​ៗ រហូត​មាន​ដីកា​សម្រេច​ថ្មី​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ។ មិនតែប៉ុណ្ណោះ​នៅ​ពេល​ចុះ​អនុវត្ត​ដីកា​នោះ ពុំ​មាន​វត្តមាន​ម្ចាស់ផ្ទះ​ឬ​តំណាង​ម្ចាស់ផ្ទះ​ចូលរួម​ឡើយ ដោយ​ផ្ទះ​ត្រូវ​បាន​ចាក់​សោ ។

ដោយឡែក​ខាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ ក៏​ពុំ​បាន​ចូលរួម​ដែរ ហើយ​​ដីកា​ត្រូវ​បាន​អាន​នៅ​ចំពោះ​មុខ​កម្លាំង​ចម្រុះ បន្ទាប់​មក​ទើប​ប្រគល់​ជូន​អាជ្ញាធរ​មូលដ្ឋាន​និង​តំណាង​បុរី​ពិភព​ថ្មី​កួរស្រូវ​៣ ដើម្បី​បិទ​ភ្ជាប់​នៅ​មុខ​ផ្ទះ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ