រាជធានីភ្នំពេញ ៖ បុរសជាជនជាប់ចោទពីបទឆបោកម៉ូតូរបស់មិត្តភក្តិខ្លួនម្នាក់ ត្រូវបានបុរសជនរងគ្រោះជាម្ចាស់ម៉ូតូតាមរកឃើញ ហើយបានចាប់ខ្លួនយកមកប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក្រោយពីរូបគេបានខ្ចីម៉ូតូម៉ាក ហុងដា មួយគ្រឿងដោយប្រាប់ថា យកទៅឌុបមិត្តភក្តិម្នាក់ទៀត ហើយយកទៅបញ្ចាំបានប្រាក់ចំនួន ១០០ ដុល្លារ បានរត់គេចខ្លួនបាត់មួយសប្តាហ៍មកហើយនោះ។
ការឃាត់ខ្លួននេះដែរ ធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្បែរវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងយកមប្រគល់ឱ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅវេលាម៉ោង ៤ និង១៥នាទីល្ងាច ថ្ងៃដដែលនេះ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ហេង សុភាព ហៅដេវីត អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានបុរសជាជនរងគ្រោះម្នាក់ឈ្មោះ សួស នរិន្ទ អាយុ១៨ឆ្នាំ មុខរបជាសិស្ស មានទីលំនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ។
កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងហាងកាហ្វេមួយកន្លែងដែលមានទីតាំងស្ថិតនៅនៅតាមបណ្ដោយផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ បុរសជាជនជាប់ចោទបានខ្ចីម៉ូតូម៉ាក ហុងដា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ១CJ-៧៣៩៩ មួយគ្រឿងពីបុរសរងគ្រោះ ដោយប្រាប់ថា ខ្ចីយកទៅឌុបមិត្តភក្តិម្នាក់ទៀតនៅម្តុំខាងមុខរ៉ុក។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលបុរសជាជនសង្ស័យបានយកម៉ូតូតោបាត់ស្រមោលមិនឃើញមកវិញ ហើយទូរស័ព្ទក៏មិនចូលនោះ បុរសជាម្ចាស់ម៉ូតូក៏បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីឲ្យជួយជ្រាវជ្រាវរកឃាត់ខ្លួន និងរកម៉ូតូរបស់ខ្លួនយកមកវិញផងដែរ។ លុះរហូតមកដល់រសៀលថ្ងៃនេះ បុរសជាជនរងគ្រោះក៏បានប្រទះឃើញបុរសជាជនសង្ស័យរូបនោះ ហើយក៏បានចាប់មកប្រគល់ឱ្យកម្លាំងមានសមត្ថកិច្ចតែម្តង។
ពេលដែលឃាត់ខ្លួនបានហើយ ត្រូវបានបុរសជាជនសង្ស័យសារភាពថា ម៉ូតូមួយគ្រឿងនោះត្រូវបានរូបគេយកទៅបញ្ចាំបានប្រាក់ចំនួន ១០០ដុល្លារ តែបានយកទៅចាយវាយអស់រលីងទៅហើយ។ ក្រោយពីទទួលបានការសារភាពពីបុរសជាជនសង្ស័យរួចហើយ និងរកប្រាក់មកលោះម៉ូតូមកវិញមិនបាននោះ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លួវច្បាប់ជាបន្តទៀត៕
ចែករំលែកព័តមាននេះ