ខេត្តកំពង់ចាម ៖ ជនមិនស្គាល់មុខបានធ្វើសកម្មភាពធ្វើការកែច្នៃ ដោយបានយកគ្រាប់ កាំភ្លើងអាកា៣គ្រាប់ ចងរុំហើយដុតឲ្យផ្ទុះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិដែលរស់ នៅក្បែរនោះ។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូល ព្រឹកថ្ងៃទី៧ កញ្ញា ២០១៦។
នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ខៀវ ផាន់ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិដូនតី ឃុំជ្រៃវៀន ស្រុកព្រៃឈរ សំណាងល្អដែលមិនបណ្តាលឲ្យសមាជិកម្ចាស់ផ្ទះណាម្នាក់រងរបួសនោះទេ ។ លោកវរសេនីយ៍ទោ កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា មានជនមិនស្គាល់អត្តសញ្ញាណ មិនដឹងចេញពីប្រភពណាមកនោះទេ ដោយបានយកគ្រាប់កាំភ្លើងដែលកែច្នៃចងផ្អោបគ្នានឹងរបស់ងាយឆេះ ហើយបានបង្កឲ្យផ្ទុះឡើងទៅត្រូវទ្វារដែក នៅបន្ទប់ខាងក្រោមផ្ទះ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីមានហេតុការផ្ទុះគ្រាប់ខាងលើនេះ ម្ចាស់ផ្ទះ បានរាយការណ៍មកកាន់សមត្ថកិច្ចមូលដ្ឋាន ហើយត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ ក៏ដូចជាជំនាញព្រហ្មទណ្ឌស្រុក បានសហការណ៍គ្នា ប្រញាប់ចុះទៅកាន់កន្លែងកើត ហេតុជាបន្ទាន់។
លុះនៅព្រឹកឡើង លោកស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងខេត្ត ចុះទៅធ្វើការស្រាវជ្រាវ ដោយបានសួរនាំម្ចាស់ផ្ទះគ្រាន់តែដឹងថាកន្លងមកធ្លាប់មានបញ្ហា ទំនាស់ជាមួយនឹងអ្នកភូមិ៣ទៅ៤នាក់ តែតាមការពិនិត្យស៊ីជម្រៅនោះគឺមិនមានរឿងអ្វីធំដុំទេ ហើយម្ចាស់ផ្ទះប្រុសខាងលើតែងតែទៅវត្តសុំសីល ប្រតិបត្តិធម៌តាមឱវាទ ព្រះពុទ្ធផង។
ក្នុងករណីដាក់គ្រាប់កាំភ្លើងអាកា ដែលបានចងផ្អោបគ្នាឲ្យផ្ទុះនៅខាងក្រៅផ្ទះ ៤គ្រាប់ដាក់រំសេវនោះមិនបានត្រូវរបួសសមាជិកម្ចាស់ផ្ទះណាម្នាក់នោះទេ ដោយគ្រាន់តែ ត្រូវដែកទ្វាររបងធ្លុះធ្លាយតិចតួច។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បញ្ជាក់ថា ករណីដែលផ្អើលថាផ្ទុះគ្រាប់បែកនៅភូមិឃុំខាងលើនោះមិនមែនជាការពិតទេ គឺក្រុមបច្ចេកទេសបានចុះទៅពិនិត្យ ឃើញថាជនសង្ស័យបានយកគ្រាប់អាកា៣គ្រាប់ ចងផ្អោបគ្នារួចដុត បង្កឲ្យផ្ទុះខ្លាំងមិនមានត្រូវរបួសស្នាមដល់សមាជិកម្ចាស់ផ្ទះណាម្នាក់ទេ ហើយករណីនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់បានជន
សង្ស័យម្នាក់បញ្ជូនមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តហើយដែរ ៕
ចែករំលែកព័តមាននេះ