ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ឆ្នាំង ៖ បង្ក្រាប​បទល្មើស​នេសាទ​នេះ​នឹង​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម ​លុះត្រាតែ​អស់ពី​ក្នុង​ទន្លេសាប

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកណ្តាល ៖ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ចេញ​បញ្ជា​ម៉ឺងម៉ាត់​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ខ្ពស់​ឱ្យ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នោះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​នេះ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​នានា ក្នុង​ខេត្តកំពង់ឆ្នាំង ។…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ចេញ​បញ្ជា​ម៉ឺងម៉ាត់​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ខ្ពស់​ឱ្យ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នោះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​នេះ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​នានា ក្នុង​ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង​បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ និង​នៅ​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៥ ខែ​មិ​នា​នេះ គឺជា​ថ្ងៃ​ទី​២ ហើយ​ដែល​កិច្ច​ប្រតិបត្តិការ​ជា​យ៉ាង​ក្តៅ​គគុក​របស់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​ដង​ទន្លេ ។

នៅ​ថ្ងៃនេះ​ផង​ដែរ ដោយ​ទទួល​បទបញ្ជា​ពី​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋ អភិបាលខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង​៧០​នាក់ ដឹកនាំ​ដោយ ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​នានា ក្នុង​ខេត្តកំពង់ឆ្នាំង ។

តាម​ការ​បញ្ជាក់​ពី លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ៖ ថ្ងៃនេះ​ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ ចំនួន​៧៨​នាក់​ក្នុង​នោះ​មាន​មន្ត្រី​កសិកម្ម និង​ជលផល​ចំនួន​២៨​នាក់ កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ចំនួន​២៧​នាក់ និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ទាំង​៣ ចំនួន​២៣​នាក់ ដោយ​បាន​ប្រើប្រាស់​មធ្យោបាយ កាណូត​ចំនួន​១៨​គ្រឿង ចែក​ចេញ​ជា​៣​គោលដៅ គឺ​គោលដៅ​ភូមិសាស្ត្រ​ស្រុក​ជល​គិរី ស្រុក​កំពង់លែង និង​ស្រុក​បរិបូណ៌ ។

ជា​លទ្ធផល​នៃ​ការ​បង្ក្រាប​បាន​មាន ៖ បំផ្លាញ​ចោល​នៅ​នឹង​កន្លែង របាំង​សាច់​អួន​ចំនួន​១២ កន្លែង​មាន​ប្រវែង​៨០០​ម៉ែត្រ​, បង្គោល ៤៥០​ដើម លប​សាច់​អួន ១៥​លប ។ រុះរើ​សម្រាស់​ចំនួន​៣១ កន្លែង ស្មើនឹង ៨៥០ ម៉ែត្រការ៉េ បង្គោល​ចំនួន​៤៣៥ ដើម មែក​សម្រាស់ ចំនួន ៧៥០​មែក ។ រឹបអូស​សាច់​អួន​ចំនួន​៣​វង់ ក្នុង​១​វង់​ៗ​មាន​ប្រវែង ៦០ ម៉ែត្រ ដែល​មាន​ជម្រៅ​៥​ម៉ែត្រ និង​មាន​ក្រឡា​ទំហំ ២​ហ៊ុន​កន្លះ ។

គួរ​រំលឹក​ដែរ​ថា ៖ ក្រោយ​ពី​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ស្ដី​ពី​បទល្មើស​នេសាទ កាលពី​ពេល​ថ្មី​ៗ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល ២ ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃ​ទី ២៤ និង ២៥​មីនា ។ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​នឹង​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម​លុះត្រាតែ​បទល្មើស​នេសាទ​អស់ពី​ក្នុង​ទន្លេសាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ