ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​សេរី​កូរ៉េ​ខាងត្បូង​បរាជ័យ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ នៅ​ឆ្នាំ​២០០៣ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី (FEZs) ដើម្បី​ជួយ​ពង្រឹង​ការ​ប្រកួតប្រជែង​ក្នុងស្រុក និង​ធានា​លំនឹង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ដោយ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​។

ប្រទេស​កូរ៉េ​ខាងត្បូង ៖ នៅ​ឆ្នាំ​២០០៣ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី (FEZs) ដើម្បី​ជួយ​ពង្រឹង​ការ​ប្រកួតប្រជែង​ក្នុងស្រុក និង​ធានា​លំនឹង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ដោយ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​។ ១៣​ឆ្នាំ​ក្រោយមក តំបន់​សេដ្ឋកិច្ច​សេរី​ភាគច្រើន​បាន​ជួបនឹង​បញ្ហា​លំបាក​ក្នុង​ការ​បន្ត​ដំណើរការ ដោយសារ​មូលហេតុ​ធ្លាក់​ចុះ​នៃ​ល្បឿន​លូតលាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ។ នេះ​បើ​តាម​ប្រភព​ពី​ក្រសួង​ឧស្សាហកម្ម ។

ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​សេរី​ទាំង​៨ តំបន់​ខ្លះ​បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​វិនិយោគិន​អស់​ជា​ច្រើន​ឆ្នាំ និង​តំបន់​ខ្លះ​ទៀត​ចាប់ផ្តើម​បង្កើត​សួន​ឧស្សាហកម្ម ដោយ​មិន​បាន​គិត​ពី​បរិមាណ​នៃ​អាជីវកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​សេរី​ទាំងនោះ និង​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ប្រាក់​របស់​អ្នក​បង់ពន្ធ ។

ចំណែក​តំបន់​មួយ​ចំនួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទាក់ទាញ​អាជីវកម្ម ប៉ុន្តែ​មាន​តែ​១​ក្នុង​ចំណោម​១០​អាជីវកម្ម​ប៉ុណ្ណោះ ដែល​ជា​អាជីវកម្ម​បរទេស ដែល​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​គោលនយោបាយ​នៃ​តំបន់​សេដ្ឋកិច្ច​សេរី ។ អ្នក​តាមដាន​ឧស្សាហកម្ម​និយាយ​ថា តំបន់​សេដ្ឋកិច្ច​សេរី​ទាំងនោះ​ភាគច្រើន​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ។

ឧទាហរណ៍ តំបន់ East Coast Free Economic Zone (EFEZ) និង​តំបន់ Chungbuk Free Economic Zone (CFEZ) ។

មន្ត្រី​រំពឹង​ថា តំបន់​ទាំង​ពីរ​ខាងលើ​អាច​នឹង​បញ្ចេញ​ផលិតផល​ឧស្សាហកម្ម​មាន​តម្លៃ​ប្រមាណ​១៥,៣​ប៊ី​លាន​ដុល្លារ ។ ប៉ុន្តែ​បន្ទាប់​ពី​៣​ឆ្នាំ​កន្លះ​កន្លង​មក តាំងពី​បង្កើត​តំបន់​ខាងលើ ការ​គិត​ទុក​មុន​នេះ​កាន់តែ​មិន​អាច​ទៅ​រួច ។

នៅ​ខែកុម្ភៈ មានការ​រំសាយ​ផែនការ​ក្នុង​សង្កាត់​មួយ​នៃ EFEZ គឺ​សង្កាត់ Gujeong​។ អ្នក​ផ្តើម​គម្រោង​ចង់​បង្កើត​មូលដ្ឋាន​សម្រាប់​ទីក្រុង​ដែល​មាន​ប្រព័ន្ធ​អប់រំ និង​វប្បធម៌​ជាស​កល ដែល​អាច​នឹង​ចំណាយ​ដល់​១៥០​ប៊ី​លាន​វន់ ឬ​១៣០​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​បែរជា​បរាជ័យ​ក្នុង​ការ​ស្វែងរក​វិនិយោគិន ។ វិនិយោគិន​អង់គ្លេស​ម្នាក់​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍ ប៉ុន្តែ​ក៏​បោះបង់​ទៅ​វិញ ។

សម្រាប់​សង្កាត់ Bukpyeong ក៏​បាន​កាត់​បន្ថយ​តំបន់​អភិវឌ្ឍន៍​ពី​៤.៦១​គីឡូ​ម៉ែ​ត​កា​រ៉េ មក​ត្រឹម​២.១៤​គីឡូ​ម៉ែ​ត​កា​រ៉េ​ផង​ដែរ ប៉ុន្តែ​នៅ​តែ​បរាជ័យ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ ។
លើស​ពី​នេះ​ទៀត មាន​សង្កាត់​២​ក្នុង​តំបន់​សេដ្ឋកិច្ច​សេរី​នៅ Incheon បាន​រំសាយ​គម្រោង​។ ក្រុមហ៊ុន Yongyu Blue Lagoon មាន​ផែនការ​សាងសង់​ឧទ្យាន​ទឹក និង​សណ្ឋាគារ ខណៈ​ក្រុមហ៊ុន Mueui Healing Resort មាន​គម្រោង​សាងសង់​ខុន​ដូ និង​ស្ប៉ា ។ ពួក​គេ​ក៏​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ដេញថ្លៃ​យក​តំបន់​ផង​ដែរ ប៉ុន្តែ Mueui Healing Resort មិន​បាន​បង្ហាញ​ពី​គម្រោង​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ឡើយ ។

ក្នុង​ចំណោម​អាជីវកម្ម​ប្រមាណ​២.១៨៩ ដែល​បាន​បើក​ក្នុង​តំបន់​សេដ្ឋកិច្ច​សេរី​ទាំង​៨ កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​មុន គឺ​មាន​១.៩៥២​អាជីវកម្ម ឬ​៨៩,២%​ជា​អាជីវកម្ម​ក្នុងស្រុក ខណៈ​អាជីវកម្ម​បរទេស​មាន​តែ​២៣៧ ឬ​១០,២% ប៉ុណ្ណោះ ។

អាជីវកម្ម​ក្នុងស្រុក​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ការ​យោគយល់​ដល់​អាជីវកម្ម​បរទេស ដូចនឹង​អាជីវកម្ម​ក្នុងស្រុក​ដែរ ។ ការ​យោគយល់​រួម​មាន ការ​លើកលែង ឬ​កាត់​បន្ថយពន្ធ​អាជីវកម្ម ការ​ជួល​ដី​ដល់​៥០​ឆ្នាំ និង​ការ​លើកលែង​ពី​ច្បាប់​ពលកម្ម ។ ប៉ុន្តែ​រដ្ឋាភិបាល​មាន​ភាព​លំបាក​ក្នុង​ការ​យល់ព្រម​តាម​សំណើ​នោះ ព្រោះ​ភ័យ​ខ្លាច​ភាព​ចម្រូងចម្រាស​ដែល​អាច​នឹង​កើតឡើង​ដោយសារ​ការ​លើកលែង​នេះ ។

ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល និង​មន្ត្រី​អាជីវកម្ម រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល លោក Joo Hyung-Hwan ទទួលស្គាល់​ថា តំបន់​ពាណិជ្ជកម្ម​សេរី​ពិតជា​ដំណើរការ​ខ្សោយ​ជាង​ការ​គិត​ទុក ។ លោក​និយាយ​ថា ៖ « តំបន់​សេដ្ឋកិច្ច​សេរី​ទាំងនេះ​ពិតជា​បាន​ចូលរួម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ចជាតិ​ពិតមែន ប៉ុន្តែ​លទ្ធផល​ជាក់ស្តែង គឺ​ខ្សោយ​ជាង​អ្វី​ដែល​គិត​ទុក ។ ការ​វិនិយោគ​ដែល​បាន​ទាក់ទាញ​ដោយ​តំបន់​សេដ្ឋកិច្ច​សេរី​ទាំងនោះ គឺ​មាន ត្រឹមតែ​៥,៦​ប៊ី​លាន ស្មើនឹង​៥% នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​សរុប​ក្នុង​រយៈ ពេល​១៣​ឆ្នាំ​កន្លង​មក » ។

ក្រសួង​កំពុង​ព្យាយាម​ស្វែងរក​វិធី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​អនុវត្ត​គោលនយោបាយ​តំបន់​សេដ្ឋកិច្ច​សេរី​នេះ ប៉ុន្តែ​មើលទៅ​ហាក់​ជាប់​គាំង​នៅឡើយ ។

អ្នក​តាមដាន​ឧស្សាហកម្ម​កត់សម្គាល់​ថា លុះត្រាតែ​តំបន់​ទាំង​៨​នេះ​មាន​ជំនាញ​ច្បាស់លាស់​មួយ រួម​ទាំង​មាន​ជំនួយ​ពី​រដ្ឋាភិបាល ទើប​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស ៕