ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​នៅ​តែ​បន្ត​បាក់ ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បង្ខំចិត្ត​រុះរើ​ផ្ទះ

2 ឆ្នាំ មុន
  • កណ្តាល

គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម ត្រង់​ចំណុច​ភូមិ​ខ្ពប​អា​ទាវ​បឹង​លើ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្ដាល នៅ​តែ​បន្ត​បាក់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បង្ខំចិត្ត​រុះរើ​ផ្ទះ​ជា​បន្តបន្ទាប់​

ខេត្តកណ្តាល ៖ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម ត្រង់​ចំណុច​ភូមិ​ខ្ពប​អា​ទាវ​បឹង​លើ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្ដាល នៅ​តែ​បន្ត​បាក់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បង្ខំចិត្ត​រុះរើ​ផ្ទះ​ជា​បន្តបន្ទាប់​។

បើ​យោង​តាម​ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​នោះ បាន​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​យើង​ឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​នេះ គឺ​ចាប់ផ្ដើម​កើត​មាន​ឡើង​តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​ចម្ការ និង​ដី​លំនៅ​ឋាន​របស់​ពួក​គាត់ ក្នុង​មួយ​គ្រួសារ​ៗ​ទំហំ​ប្រហែល​បី​បួន​រយ​ម៉ែត្រ បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​អស់រលីង រហូត​ដល់​គ្រួសារ​ពួក​គាត់​ក៏​បាន​បង្ខំចិត្ត​រុះរើ​ផ្ទះ​រត់​ចេញ​ទៅ​រក​កន្លង​ទីទួល​សុវត្ថិភាព​ជា​បន្តបន្ទាប់​ទាំងថ្ងៃទាំងយប់​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា កាលពី​រសៀល​វេលា​ម៉ោង​ប្រហែល​៣​ឬ​ម៉ោង​៤ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២ នេះ គ្រោះ​បាក់​ច្រាំង​ទន្លេ​បាន​បាក់​ដី​របស់​ពួក​គាត់​អស់​ប្រហែលជា​២០​ម៉ែត្រ​ទៀត​ចូល​ទៅ​ក្នុង​ទន្លេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ចំនួន​ពីរ​គ្រួសារ ត្រូវ​បង្ខំចិត្ត​រុះរើ​ផ្ទះ​រត់​ចេញ​តាំងពី​វេលា​ម៉ោង​៨​យប់មិញ​។

ពលរដ្ឋ​បន្ត​ថា ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ក្នុង​ចំណោម​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​រុះរើ​ចេញ​ទាំង​យប់​ហ្នឹង គឺ​មាន​មួយ​គ្រួសារ ដែល​មាន​សមាជិក​កូន​តូច​ជា​ច្រើន​នាក់ និង​គ្មាន​ដី​កន្លែង​ផ្សេង​សម្រាប់​ទៅ​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​នោះ​ទេ​។ គាត់​ក៏​បាន​សម្រេចចិត្ត​ទៅ​សូម​ឱ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ ដើម្បី​សុំ​ដី​ផ្លូវ​សាធារណៈ ផ្លូវ​រដ្ឋ ដើម្បី​សែង​ផ្ទះ​របស់​គាត់​ទៅ​ដាក់​លើ​ដី​ផ្លូវ​សាធារណៈ​នោះ​ប្រហែលជា​៣​ទៅ​៥​ម៉ែត្រ​សិន តែ​អាជ្ញាធរ​ភូមិ​-​ឃុំ​មិន​អនុញ្ញាត​ឲ្យ​ទេ​។

ពលរដ្ឋ​បន្ត​ទៀត​ថា ទោះជា​យ៉ាងណា ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​នេះ គឺ​តាំងពី​រសៀល​ថ្ងៃ​ម្សិល​មិញ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៨ មីនា​នេះ ។ ហើយ​គាត់​បញ្ជាក់​ថា មិន​ទាន់​មាន​ឃើញ​អាជ្ញាធរ​ភូមិ​-​ឃុំ​ណា​ម្នាក់ ចុះ​មក​ពិនិត្យ​មើល ឬ​ណែនាំ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​គ្រោះថ្នាក់​នោះ​ឡើយ គឺ​មាន​តែ​មក​ខាង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ស្នាក់​នៅ​លើ​ដី​រដ្ឋ​ទៅ​វិញ​។

បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ​ចោទ​ជា​សំណួរ​ថា ចុះបើ​ពួក​គាត់​គ្មាន​ដី​កន្លែង​ផ្សេង​ស្នាក់​នៅ​ផង ហេតុ​អី​មិន​ឱ្យ​គាត់​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​លើ​ដី​រដ្ឋ​សិន​ទៅ? ចុះ​បើសិនជា​គ្រោះថ្នាក់​ច្រាំង​ទន្លេ ធ្លាក់​ផ្ទះ​ពលរដ្ឋ​ចូល​ទៅ​ក្នុង​ទឹក ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ តើ​អ្នក​ណា​ទទួលខុសត្រូវ?​។

ដូច្នេះ​ហើយ ប្រជាពលរដ្ឋ​សូម​សំណូមពរ ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​មាន​វិធានការ​ទប់ស្កាត់​ច្រាំង​ទន្លេ​កុំ​ឲ្យ​បាក់​បន្ត​ទៀត និង​ជួយ​រក​ដី​កន្លែង​ផ្សេង​ឲ្យ​ពលរដ្ឋ​បាន​ស្នាក់​នៅ​សមរម្យ​ផង​។

ទោះ​យ៉ាងណា ក្នុង​ករណី​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​អះអាង​ថា មិន​មានផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​នោះ​ឡើយ ហើយ​ក៏​មិន​មាន​មនុស្ស​ណា​ម្នាក់​គ្រោះថ្នាក់​អ្វី​ដែរ​។ ពលរដ្ឋ​បញ្ជាក់​បន្ថែម​ថា ចំណុច​បាក់​ច្រាំង​ទន្លេ​នេះ កាលពីមុន គឺ​មាន​សា​ឡង់​បូម​ខ្សាច់​នៅ​ក្បែរ​កោះ​ពីរ​ដែរ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មិន​មាន​ឃើញ​នៅ​ក្បែរ​ហ្នឹង​ទេ ធ្វើ​ម៉េច​នេះ​ជា​គ្រោះ​ធម្មជាតិ បាន​បាក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ