ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡាយ​ទឹក​ស្អុយ​លូ​៥ ក្លាយជា​សួន​ដ៏​ស្រស់​ស្អាត និង​ជា​កន្លែង​ហាត់ប្រាណ​សម្រាប់​ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រឡាយ​ទឹក​ស្អុយ​លូ​៥ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ពេល​នេះ​បាន​ក្លាយ​ខ្លួន​ជា​សួន (​សួន​សហគមន៍​កុមារ​មេត្រី ឬ​ហៅ​ថា សួន​លូ​៥) ដ៏​ស្រស់​ស្អាត និង​ជា​កន្លែង​ហាត់ប្រាណ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ

រាជធានី​ភ្នំពេញ ៖ ប្រឡាយ​ទឹក​ស្អុយ​លូ​៥ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ពេល​នេះ​បាន​ក្លាយ​ខ្លួន​ជា​សួន (​សួន​សហគមន៍​កុមារ​មេត្រី ឬ​ហៅ​ថា សួន​លូ​៥) ដ៏​ស្រស់​ស្អាត និង​ជា​កន្លែង​ហាត់ប្រាណ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​យ៉ាង​ល្អ​ផង​ដែរ​។

សួន​នេះ បាន​ស្ថាបនា​ឡើង​ក្រោម​ការ​ជួយ​ឧ​ប​ត្ថ​ម​ពី​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២​នេះ ក្រោម​អធិបតីភាព​លោក នួន ផា​រ័​ត្ន អភិ​បាលរង​រាជធានី​ភ្នំពេញ តំណាង​អោយ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក ឆាង ជាន អគ្គ​ទីប្រឹក្សា​នៃ​ស្ថានទូត​ចិន តំណាង អោយ វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ៖ សួន​សហគមន៍​កុមារ​មេត្រី ឬ​ហៅ​ថា​សួន​លូ​៥ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ មាន​ផ្ទៃដី​សរុប ២៧៧៥ ម៉ែត្រក្រឡា បណ្តោយ​ប្រវែង ២២៩ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និង​ទទឹង​ប្រឡាយ​ទឹក​ក្រោម​ដី ៥ ម៉ែត្រ ។

ជាទី​ធ្លា​បើកចំហ​សាធារណៈ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ និង​កម្មករ និយោជិត​រោងចក្រ​ជា​ច្រើន​នៅ​ជុំវិញ ។ កាលពីមុន​សួន​លូ​៥​នេះ គឺជា​ប្រឡាយ ទឹក​ស្អុយ​បើកចំហ ដែល​មាន​គម្រប​បេតុង និង​ក្រាល​ក្បឿង​ពីលើ ហើយ​សួន​នេះ ជាទី​តាំង​សំខាន់​មួយ​ក្នុង​តំបន់​ស្ទឹង​មាន​ជ័យ ដែល​អ្នក​រស់នៅ​អាច​ដើរ​ហាត់ប្រាណ និង​ក្មេង​លេង​កម្សាន្ត​បាន ។ សួន​នេះ សាងសង់​ឡើយ ដោយ​ប្រើប្រាស់​រយៈពេល ០៦ ខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ ចំណាយ​ថវិកា​សរុប ៦៧,៤៩៧ ដុល្លា រៀបចំ​សាងសង់​ឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ ក្នុង​នោះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បំពាក់​ឧបករណ៍​សម្រាប់​ហាត់ប្រាណ​អស់​ថវិកា ចំនួន ៦,០០០ ដុល្លារ សរុប​ថវិកា​ចំណាយ​ទាំងអស់​ចំនួន ៧៥,៤៩៧ ដុល្លារ ។

លោក នួន ផា​រ័​ត្ន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ សួន​សហគមន៍​កុមារ​មេត្រី​នេះ​មិន​ត្រឹមតែ​លើក សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​មួយ ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​ហាត់ប្រាណ​ដើម្បី​សុខភាព​។ ទោះបីជា​យ៉ាងណា​ក្តី លោក​សូម​អោយ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​សាងសង់​រោងការ​នៅ​លើ​សួនច្បារ​នេះ​អោយ​សោះ វា​នឹង​នាំ​ធ្វើ​ឱ្យ​ខូចខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​លើ​សួន​នេះ​។

លោក​នួន ផា​រ័​ត្ន បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ ចំពោះ​មហាមិត្ត​ចិន​ដែល​បាន​ជួយ​កម្ពុជា​ជា​ច្រើន ជាក់ស្តែង​នៅ​ពេល​នេះ​ចិន​បាន​ផ្ដល់​នូវ​ថវិកា ដើម្បី​សាងសង់​សួន​សហគមន៍​កុមារ​មេត្រី​នេះ​ឡើង ។ ចិន​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ covid-19 និង​ការ​ជួយ​លើ​វិស័យ​ច្រើន​ទៀត​មក​ដល់​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​នួន ផា​រ័​ត្ន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​របស់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិ​បាល​រាជធានី​ភ្នំពេញ ដោយ​ជម្រុញ​ឱ្យ​មន្ត្រី ថ្នាក់​សង្កាត់ ខណ្ឌ ត្រូវ​ជំរុញ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​និង​ចាត់វិធានការ​ជុំវិញ​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​។

លោក ឆាង ជាន បាន​មាន​ប្រសាសន៍​លើក​ឡើង​ផង​ដែរ​ថា ការ​ស្ថាបនា​សួន​សហគមន៍​កុមារ​មេត្រី វា​មិន​ត្រឹមតែ​បានអោយ​ក្មេង​ៗ​បាន​លេង​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​លើក​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ អោយ​កាន់តែ​ស្រស់​ស្អាត ហើយ​វា​ក៏​ជា​កន្លែង​សម្រាប់​អោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ផង​ដែរ​។

លោក ឆាង ជាន បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​នូវ​គម្រោង​នៃ​ការ​សាងសង់​សួន​សហគមន៍​កុមារ​មេត្រី នេះ​ឡើង​។​សួន​នេះ វា​ពិតជា​បាន​បង្កើត​នូវ​ទំនាក់ទំនង​មិត្តភាព កម្ពុជា​-​ចិន​កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ