ការដុះក្បាលពោះ គឺជាឧបសគ្គសម្រាប់ការពាក់ខោអាវស្អាត ហើយធ្វើឱ្យមនុស្សជុំវិញខ្លួនមើលមកដូចជាយើងជាមនុស្សមិនឧស្សាហ៍។ ក្រៅពីវាជាគុណវិបត្តិខាងផ្នែករូបរាងខាងក្រៅហើយ អ្នកដែលមានខ្លាញ់ក្បាលពោះច្រើនមានហានិភ័យខ្ពស់នៃបញ្ហាសុខភាព។ អ្នកប្រហែលជាឆ្ងល់ថា តើអ្នកធ្វើអ្វីខុស ទើបបានជាខ្លាញ់ក្បាលពោះចេះតែកើនឡើងបែបនេះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ។
១. ការគេងមិនគ្រប់គ្រាន់
ប្រសិនបើអ្នកគេងបានតិចជាង ៧ ទៅ ៨ម៉ោង ក្បាលពោះរបស់អ្នកគេចពីមិនដុះមិនបានទេ។ រាងកាយបង្កើនការផលិតអរម៉ូនស្ត្រេសដែលហៅថា ករទីសូល (Cortisol) នៅពេលដែលវាមិនទទួលបានបរិមាណនៃការគេងដែលត្រូវការ។ Cortisol បណ្តាលឱ្យរាងកាយស្រេកឃ្លានជាតិស្ករ ដែលនាំទៅដល់ការទទួលទានកាឡូរីមិនល្អជាច្រើន ដែលបណ្តាលឱ្យក្បាលពោះដុះមិនឈប់។
២. ការអង្គុយយូរ
ការអង្គុយរយៈពេលប្រាំបីម៉ោង នៅតុដោយមិនសម្រាក មានន័យថាអ្នកកំពុងបាត់បង់សកម្មភាពរាងកាយដែលអាចជួយអ្នកដុតកាឡូរី។ វាក៏បន្ថយសកម្មភាពរបស់អង់ស៊ីម lipoprotein lipase ដែលដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ នេះនៅទីបំផុតនាំឱ្យមានក្បាលពោះដុះ។
៣. ការទទួលទានគ្រឿងស្រវឹងច្រើនពេក
ការសិក្សាបានបង្ហាញថា ជាតិអាល់កុលទប់ស្កាត់ការដុតបំផ្លាញជាតិខ្លាញ់ ហើយកាឡូរីលើសនៃជាតិអាល់កុលត្រូវបានរក្សាទុកមួយផ្នែកជាខ្លាញ់ក្បាលពោះ។ ដូច្នេះហើយបានជាអ្នកឮគេថា “ផឹកទាល់តែដុះពោះ”។ ប្រសិនបើអ្នកឈានដល់ដំណាក់កាលនោះ អ្នកគួរតែកាត់បន្ថយការផឹកគ្រឿងស្រវឹងហើយ៕
ចែករំលែកព័តមាននេះ