ខេត្តកំពង់ស្ពឺ៖ មន្ត្រីម្នាក់ដែលបម្រើការងារក្នុងការិយាល័យសុរិយោដីនិងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋចំនួន៥គ្រួសារចោទថាទទួលលុយរបស់ពួកគាត់គ្រប់ចំនួនហើយដើម្បីរត់ការកាត់ឈ្មោះប្លង់ដី ប៉ុន្តែរយៈពេលជិត១ឆ្នាំកន្លងទៅហើយ មិនទាន់បានសម្រេចនោះទេ សង្ស័យសម្រេចខ្យល់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រលងថ្កូវ និងភូមិវាល ឃុំរលាំងចក បាននិយាយឱ្យដឹងថាពួកគាត់សរុបចំនួន៥គ្រួសារបានលក់ដីចំនួន៥ប្លង់ផ្សេងៗគ្នា ក្នុងតម្លៃផ្សេងគ្នាក្នុងមួយម៉ែត្រការ៉េ រយៈពេលជិតមួយឆ្នាំទៅហើយឱ្យឈ្មោះ ភក្តិ ដោយទទួលបានលុយកក់ និងលុយ៥០ភាគរយ។ ហើយការរត់ការកាត់ឈ្មោះប្លង់រឹងពីម្ចាស់ដើមទៅអ្នកទិញនោះ ពួកគាត់ជាប្រជាពលរដ្ឋបានពឹងឈ្មោះ ឧត្តម ដែលគេស្គាល់ថាជាមន្ត្រីបម្រើការងារនៅក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ មិនកំណត់ពេលនោះទេ ពេលរត់ការបានពេលណាមន្ត្រីរូបនោះនឹងប្រាប់ដំណឹងតាមក្រោយ។
ប្រជាពលរដ្ឋដដែលបានឱ្យដឹងទៀតថាចំពោះការទូទាត់លុយទាល់តែរត់ការកាត់ឈ្មោះផ្ទេរទៅឱ្យអ្នកទិញបានសម្រេចទើបប្រគល់លុយគ្រប់ចំនួន ប៉ុន្តែរហូតមកដល់ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមដែលជាមន្ត្រីសុរិយោដីខេត្តកំពង់ស្ពឺមិនទាន់រត់ការកាត់ផ្ទេរឈ្មោះបាននៅឡើយនោះទេ។ បើទោះបីប្រជាពលរដ្ឋ និងតំណាងព្យាយាមហៅមកធ្វើការដោះស្រាយយ៉ាងណាក៏ដោយ លោកឧត្តម មិនអើពើឡើយ គឺស្ងាត់ដូចចោរលួចសេះ រហូតទាល់តែប្រជាពលរដ្ឋទ្រាំលែងបានពឹងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយទើបមានការភ្ញាក់ផ្អើល។
ប្រជាពលរដ្ឋចំនួន៥គ្រួសារលើកឡើងថា ពួកគាត់មិនចង់បានអ្វី និងបង្ករឿងអ្វីឡើយ ពួកគាត់ចង់បានតែលុយដែលនៅសល់៥០ភាគរយទៀតគ្រប់ចំនួន។ បើរត់ការកាត់ប្លង់ កាត់ឈ្មោះមិនបានទេ សូមយកលុយ និងប្លង់ដីរបស់ពួកគាត់ប្រគល់ឱ្យគាត់វិញ។
ពាក់ព័ន្ធរឿងកាត់ឈ្មោះផ្ទេរប្លង់រឹងរបស់ប្រជាពលរដ្ឋចំនួន៥គ្រួសារជាមួយមន្ត្រីសុរិយោដីនិងជាអ្នករត់ការកាត់ឈ្មោះនេះ លោក យង់ ទី មេឃុំរលាំងចកមិនបានដឹងរឿងនោះទេ។ គឺពួកគាត់ធ្វើការងារមិនពាក់ព័ន្ធជាមួយអាជ្ញាធរឃុំឡើយ។
ដោយឡែកលោក សត្យា ឧត្តម មន្ត្រីការិយាល័យសុរិយោដីនិងភូមិសាស្ត្រខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថា លោកកំពុងតែបើកឡាន ហើយរឿងដែលប្រជាពលរដ្ឋចំនួន៥គ្រួសារចោទលោកថាបានយកលុយរត់ការកាត់ឈ្មោះប្លង់រឹងនោះ នៅសប្តាហ៍ក្រោយខាងមន្ទីរសុរិយោដីនិងកោះពួកគាត់មកធ្វើការដោះស្រាយទើបដឹងរឿងច្បាស់ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ