ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ដែល​បាន​យកឈ្មោះ និង​​​រូប​​ថត​លោក​ផែង​ វ​ណ្ណៈ​ បង្កើតជាតេ​ឡេ​ក្រាម​​ក្លែង​ក្លាយ​ដើម្បី​គំរាមកំហែង​ និង​ជំរិត​​ប្រាក់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​បាន​យកឈ្មោះ និង​​​រូបថត​លោក​ផែង ​វ​ណ្ណៈ បង្កើត ជា​តេ​ឡេ​ក្រាម​ក្លែងក្លាយ​ ដើម្បី​គំរាមកំហែង​ជំរិត​​ទារប្រាក់​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​ដ្ឋាន​​នគរបាល​ជាតិ​ឃាត់ខ្លួន​បាន​ហើយ​…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​បាន​យកឈ្មោះ និង​​​រូបថត​លោក​ផែង ​វ​ណ្ណៈ បង្កើត ជា​តេ​ឡេ​ក្រាម​ក្លែងក្លាយ​ ដើម្បី​គំរាមកំហែង​ជំរិត​​ទារប្រាក់​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​ដ្ឋាន​​នគរបាល​ជាតិ​ឃាត់ខ្លួន​បាន​ហើយ​ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ គា ណា​រិ​ទ្ធ ភេទ​ប្រុស ជនជាតិ​ខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត ២៧ ខែសីហា ឆ្នាំ​២០០១ មាន​អាសយដ្ឋាន​ស្ថិត​នៅ​ផ្ទះ​២៣E ផ្លូវលំ ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។

តាមនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានឱ្យ​ដឹង​ថា តាម​បទបញ្ជា​របស់​ឯកឧត្ដម នាយ​​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី ឯកឧត្ដម ឧត្ដម​សេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ដោយ​មានការ​សម្របសម្រួល​ពី ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​០១​រូប ឈ្មោះ គ​.​ណ​.​រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជន​ជាតិ​ខ្មែរ ដោយ​ជនសង្ស័យ​បាន​ប្រើប្រាស់​គណនី​តេ​ឡេ​​ក្រាម​ឈ្មោះ PHENG NAKNAK, Pheng Vannak News និង​លេខ​ទូរស័ព្ទ​ជា​ច្រើន​ខ្សែ យក​ទៅ​គំរាម​ទារប្រាក់​ពី​ជន​រង​គ្រោះ និង​ឱ្យ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​ជា​ច្រើន ដើម្បី​ទទួលផល​ប្រយោជន៍​ពី​អំពើ​ទុច្ចរិត​នេះ​ ។

តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​រូបភាព និង​ឈ្មោះ​​របស់​ជន​រង​គ្រោះ​ទៅ​បង្កើត​គណនី​តេ​ឡេ​ក្រាម​ដាក់​ឈ្មោះ PHENG NAKNAK, Pheng Vannak News  និង​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ជា​ច្រើន​ខ្សែ​យក​ទៅ​គំរាម​ទារប្រាក់​ពី​ជន​រង​គ្រោះ និង​ឱ្យ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនា​គារ​​ជា​ច្រើន ដើម្បី​ទទួលផល​ប្រយោជន៍​ពី​អំពើ​ទុច្ចរិត​នេះ​ ។

ក្នុង​នោះ ជនសង្ស័យ​ក្លែងបន្លំ​ខ្លួន​ជា​អ្នក​សារព័ត៌​មានឈ្មោះ ផែង វណ្ណៈ និង​ក្រុមការងារ ហើយ​​បាន​ទាក់ទង​ទៅ​ជន​រង​គ្រោះជា​ច្រើន​នាក់ ដោយ​គំរាម​ទារប្រាក់​ជា​ថ្នូរ​ក្នុង​ការ​រត់ការ​ឯកសារ​រដ្ឋបាល និង​ឆបោក​ប្រាក់​ក្រោម​រូបភាព​ទិញ​-​លក់​ស្រូវ សម្រាប់​រៀបចំ​ជួយ​ជនភៀសសឹក​ជាដើម​ ។

លើស​ពី​នេះ ជនសង្ស័យ​ក៏​បាន​ក្លែងបន្លំ​ខ្លួន​ជា​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ទាក់ទង​ទៅ​ជន​រង​គ្រោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បាន​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ក្រោម​រូបភាព​ជួយ​រៀបចំ​ពាក្យបណ្តឹង​ផង​ដែរ ​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ។ គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ស្រាវជ្រាវ​កំណត់​បាន​មុខ​សញ្ញា​ពី​ជន​ឆបោក​នោះ​លោក​ផែង វណ្ណៈ​ ដែល​ជា​អ្នក​សារព័ត៌មាន​ ក៏​​អំពាវនាវ បើ​បងប្អូន ឬសមត្ថកិច្ច​ណា​ផ្ដល់​ព័ត៌មាន​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជន​នោះ​លោក​នឹង​ជូន​សា​គុណ​១០​លាន​រៀល​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com