ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកអង្កាម តែលួចបង្កប់ឈើពីក្រោម ត្រូវមេព្រៃ ចាប់ជាប់!

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដឹកអង្កាម បង្កប់ឈើពីក្រោម ត្រូវកម្លាំងរដ្ឋបាលព្រៃឈើ​សង្កាត់ខ្វាវ សហការជាមួយ​មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះ​បង្ក្រាបបាន នៅស្រុកជីក្រែង រួចនាំយកមក​រក្សាទុកនៅរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ។ ចំណែក អ្នកបើកបរ…

ខេត្តសៀមរាប៖ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដឹកអង្កាម បង្កប់ឈើពីក្រោម ត្រូវកម្លាំងរដ្ឋបាលព្រៃឈើ​សង្កាត់ខ្វាវ សហការជាមួយ​មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះ​បង្ក្រាបបាន នៅស្រុកជីក្រែង រួចនាំយកមក​រក្សាទុកនៅរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ។ ចំណែក អ្នកបើកបរ ចុះរត់គេចខ្លួនបាត់។

ហេតុការណ៍ឃាត់រថយន្តដឹកឈើនោះ បានធ្វើឡើង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវជាតិលេខ ៦៦ ក្នុង​ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹង​ថា កម្លាំងរដ្ឋបាលព្រៃឈើខ្វាវ សង្កាត់រដ្ឋ​បាលព្រៃឈើជីក្រែង និង​មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានសហការគ្នាធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ កាច់ចង្កេះ(v១) ដែលក្បាលឡាន ពាក់ស្លាកលេខ កំពង់ធំ 3A-0232 ហើយរឺម៉កកន្ទុយ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0092 ដឹកឈើអារប្រភេទលេខ​១ (ឈ្លីក)ចំនួន ២០៤ដុំ ស្មើនឹង ២០ ម៉ែត្រគូប។

លោក ម៉ុង ប៊ុនលីម បានបញ្ជាក់ទៀតថា រថយន្តដឹកឈើ ដែលបង្កប់អង្កាមពីលើនេះ សមត្ថកិច្ចពិបាកក្នុង​ការបង្ក្រាប​យ៉ាងខ្លាំង ប៉ុន្តែ​ពេលនេះ កម្លាំងជំនាញ​ចាប់បានហើយ កាលពីថ្ងៃទី១៦មីនា នៅទីតាំងខាងលើ នៅពេលក្រុមការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ធ្វើការហៅរថយន្តឱ្យឈប់ នៅពេលនោះ តៃកុងរថយន្តបានបើក​ទ្វាររថយន្ត រត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញ បាននាំយករថយន្ត ដែល​ផ្ទុកវត្ថុតាងបទល្មើសនោះ មករក្សាទុកនៅទីស្នាក់ការផ្នែក​រដ្ឋបាលព្រៃឈើជីក្រែង នៅភូមិកកោះ ឃុំគោកធ្លកក្រោយ ស្រុកជីក្រែង និងបានធ្វើការវាស់វែង។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធ​ពិធីប្រជុំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២។ ក្នុងឱកាសនោះ ថ្នាក់ ដឹកនាំនៃអង្គប្រជុំ បានជំរុញឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ បង្កើនការចុះបង្ក្រាបបទល្មើសឲ្យបានល្អប្រសើរ ដើម្បីឱ្យព្រៃឈើ នៅគង់វង្ស បានយូរអង្វែង៕​ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ