ខេត្តសៀមរាប ៖ ឈ្នួញជីករណ្តៅយកអាចម៍ដីលក់មានជម្រៅជិតដល់ក្បាលប្រែត ដើម្បីយកលុយចែកគ្នាជាប្រព័ន្ធ ប៉ុន្តែអាជ្ញាធរថា មានលិខិតអនុញ្ញាតច្បាប់តាំងពីលើរហូតដល់ក្រោម។ ហើយទីតាំងត្រពាំង(បុរាណ) ហែផ្កានោះ ស្ថិតនៅចំណុចក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប។ ជាក់ស្តែង នៅថ្ងៃទី១៦ មីនា ឆ្នាំ២០២២ មានរថយន្តធំៗជាច្រើនគ្រឿងកំពុងបន្តដឹកដីចេញពីត្រពាំងហែផ្កាជារៀងរាល់ថ្ងៃ ដែលមានជម្រៅ ជិតដល់ក្បាលប្រែត ធ្វើឱ្យប្រឈមនឹងហានិភ័យដល់ប្រជាពលរដ្ឋកំពុងរស់នៅក្បែរនោះ ខណៈមន្ត្រីជំនាញថា ក្រសួង បានកំណត់ជីកត្រឹម៥ម៉ែត្រ ហើយក្នុង១រណ្តៅមានជម្រៅលើសពី១០ម៉ែត្រទៅហើយ ជ្រៅ(បើនិយាយស្ទើរតែ ហួសក្បាលប្រែត)ហើយ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវបានប្រាប់ថា ក្រោយសកម្មភាពឈ្មួញជីករណ្តៅយកដីលក់នៅចំណុចត្រពាំងហែផ្កានោះ មានរយៈពេល៥ ទៅ៦ខែមក ហើយគឺជាហានិភ័យមួយដល់ប្រជាពលរដ្ឋរស់នៅក្បែរ និងសត្វពាហនៈ ដែលចិញ្ចឹមគោ-ក្របី ដែលប្រឈមគ្រប់ពេល និងផ្លូវចេញ-ចូលក្នុងភូមិខូចជាប្រចាំដោយសារ ក្រុមឈ្មួញជីកយកដីលក់បំផ្លាញខូចគ្មានសល់ ។ ប្រជាពលរដ្ឋសុំឱ្យក្រសួងជំនាញនិងអាជ្ញាធរខេត្តជួយអន្តរា គមន៍បញ្ឈប់សកម្មភាពការជីករណ្តៅយកដីលក់ដែលមានជម្រៅជ្រៅ ដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល ដើម្បី ការពារ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសត្វពាហនៈដែលចិញ្ចឹមលេងឱ្យស៊ីស្មៅការពារគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ។

លោក លេង លាត (Leng Leath) អនុប្រធានមន្ទីរ៉ែ និងថាមពលខេត្តសៀមរាបបានប្រាប់កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២២នេះថា រណ្តៅដែលឈ្មួញកំពុងដំណើរការជីកយកអាចម៍ដីទៅលក់រាល់ថ្ងៃ ស្ថិតនៅចំណុចត្រពាំង ហែផ្កានោះ គឺឈ្មួញមានច្បាប់អនុញ្ញាតត្រឹមត្រូវតាំងពីរដ្ឋបាលខេត្ត, ក្រុង រហូតដល់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ប៉ុន្តែលោកថា ឱ្យសួរទៅសាលាក្រុងទៅដឹងហើយ។

លោកបានបន្ថែមថា នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២២ មានក្រុមការងាររបស់រដ្ឋបាលសាលាខេត្ត ចុះទៅពិនិត្យជាមួយ មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានផងដែរ។ សូមបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលបានកំណត់ច្បាស់ឱ្យអ្នកធ្វើអាជីវកម្មជីកយកអាចម៌ដីលក់ គឺមានជម្រៅតែត្រឹម៥ម៉ែត្រប៉ុណ្ណោះ បើជីកលើសពីនោះ គឺខុសច្បាប់ដែលកំណត់ ហើយត្រូវបានផ្អាក ឬបញ្ឈប់សកម្មភាពជាបន្ទាន់ ដែលទំរាំបានបញ្ឈប់គេជីកខុសច្បាប់ចែកគ្នារស់គ្រប់ជំនាញទើបបានសុខស្រួលបែបនេះ ។
អ្នកភូមិជិតសុំឱ្យគេយកដីមកលុបវិញទុកជម្រៅ៥ម៉ែត្រតាមច្បាប់ទើបព្រម ។
ព័ត៌មានពិស្តារបន្តមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។






ចែករំលែកព័តមាននេះ