ការភើគឺជាស្ថានភាពធម្មតាមួយ ដែលក្រពះបញ្ចេញខ្យល់មកក្រៅតាមរយៈមាត់។ អ្នកអាចនឹងឧស្សាហ៍ភើជាងមិត្តភ័ក្រ្តរបស់អ្នក ដោយសារតែអ្នកមានបញ្ហាមួយចំនួនដែលគេមិនមាន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់មូលហេតុ៣យ៉ាង ដែលធ្វើឱ្យអ្នកភើច្រើនជាងអ្នកមានសុខភាពល្អធម្មតា។

១. ច្រាលទឹកអាស៊ីតក្រពះ
ជំងឺច្រាលទឹកអាស៊ីតក្រពះជះឥទ្ធិពលលើសាច់ដុំដែលបំបែកក្រពះនិងបំពង់អាហារ។ នេះហើយជាមូលហេតុដែលបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះងាយនឹងភើច្រើនហួស ជាពិសេសក្រោយពេលទទួលទានអាហារហឹរ សម្បូរខ្លាញ់ អាហារមានផ្ទុកជាតិអាស៊ីតខ្ពស់ ភេសជ្ជៈកាហ្វេអ៊ីន ឬកាបូណាត។
២. បញ្ហាពិបាករំលាយអាហារ
បញ្ហារំលាយអាហារងាយនឹងកើតមានឡើងចំពោះអ្នកដែលទទួលទានច្រើនហួស ទទួលទានលឿនពេក ឬអ្នកដែលទទួលទានអាហារហឹរ និងសម្បូរខ្លាញ់។ ក្រៅពីឈឺពោះ ក្រហាយទ្រូង ភើញឹកក៏ជាអាការៈទូទៅបំផុតមួយនៃបញ្ហាពិបាករំលាយអាហារផងដែរ។
៣. បញ្ហាដំបៅក្រពះ
ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាក្រៅពីឈឺចាប់ក្នុងពោះហើយនោះអាការៈចង្អោរចង់ក្អួត ក្រហាយទ្រូង ក្អួត ហើមពោះ បាត់បង់ចំណង់អាហារ ស្រកទម្ងន់គ្មានមូលហេតុ និងភើញឹកក៏អាចកើតឡើងដោយសារបញ្ហាដំបៅក្រពះផងដែរ៕
ចែករំលែកព័តមាននេះ