ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយអភិបាលស្ដីទីស្រុករលាប្អៀរ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២២ បានចុះបង្ក្រាប និងចាប់ឃាត់រថយន្តធុនធ្ងន់ចំនួន២ គ្រឿងដែលដឹកលៀសដោយខុសច្បាប់ នៅចំណុចភូមិថ្នល់តាសែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

លោក សេង វិចិត្រ អភិបាលស្តីទីស្រុករលាប្អៀរបានឱ្យដឹងថា ៖ ការចាប់ឃាត់រថយន្តដឹកលៀសទាំង២គ្រឿងនេះ គឺតាមបញ្ជាផ្ទាល់ពីឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ច ដោយបានឃាត់រថយន្តដឹកលៀសដោយខុសច្បាប់ នៅចំណុចថ្នល់តាសែង មានចំនួន២គ្រឿង មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F 1785 និងមួយគ្រឿងទៀត ពាក់ស្លាកលេខកំពង់ឆ្នាំង 3A 1645 ដែលមានដឹកលៀសពេញរថយន្ត ប្រមាណមួយគ្រឿង៤០តោន ។
ក្រោយការឃាត់ក៏បានសហការផ្ដល់ឱ្យទៅមន្ត្រីជំនាញជលផល ដើម្បីចាត់ការតាមនិតិវិធី ។

លោក លី ឡា ប្រធានរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានប្រាប់ឲ្យដឹងថា ៖ សមត្ថកិច្ចជំនាញ បានទទួលរថយន្តលៀស២គ្រឿងពីសមត្ថកិច្ចចម្រុះ និងជំនាញជលផល កាលពីយប់ថ្ងៃទី១៣មីនា ហើយមកដល់ព្រឹកនេះ រថយន្តមួយគ្រឿងក្នុងចំណោម២គ្រឿង បានព្រមបង់ផាកពិន័យអន្តរកាលតែមួយគ្រឿងទៀតមិនទាន់ព្រមបង់នៅឡើយ ។

លោកបានបញ្ជាក់ថា ៖ បើសិនជារថយន្តណាមួយមិនព្រមបង់វិន័យអន្តកាល តាមច្បាប់ស្តីពីជលផលទេនោះ នឹងបន្តនីតិវិធីបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕






ចែករំលែកព័តមាននេះ