ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែដ៏ស្រស់ស្អាត មានប្រវែងប្រមាណជាង៥០ម៉ែត្រ នៅចំណុចមុខផ្ទះថ្ម១៣ល្វែង ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងការប្រេះស្រាំរកកលនឹងបាក់ស្រុតចុះ ដោយសារតែក្រុមហ៊ុនវាយផ្ទះថ្មខ្វះបច្ចេកទេស ។ យ៉ាងនេះក្តី អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមីនា បានចុះទៅពិនិត្យមើលសភាពថ្នល់ប្រេះស្រាំនោះហើយព្រមទាំងបញ្ជាក់ថា គឺក្រុមហ៊ុនដែលទទួលវាយកម្ទេចផ្ទះថ្ម ជាអ្នកទទួលខុសត្រូវ ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារចម្រុះចុះទៅពិនិត្យមើលផ្លូវថ្នល់កៅស៊ូដែលរងការប្រេះស្រាំ ដោយសារក្រុមហ៊ុនវាយកម្ទេចផ្ទះថ្មខ្វះបច្ចេកទេសនោះបានឲ្យដឹងថា ក្រុមហ៊ុនបានជីករណ្តៅ និងគ្រឹះផ្ទះថ្ម ធ្វើឲ្យប៉ះពាល់ដល់ថ្នល់ បណ្ដាលឲ្យប្រេះស្រាំយ៉ាងដំណំ។ ហេតុនេះហើយ លោកបានណែនាំដល់ក្រុមហ៊ុនដែលជីករណ្ដៅដីនោះ ត្រូវចាក់ដីលុបប្រដៅនោះជាបន្ទាន់ ដើម្បីកុំឲ្យដីនោះបាក់ស្រុតបន្ត
ទៀត ។

ដោយឡែក មន្ទីរសាធារណការនិងដឹកជញ្ជូនត្រូវធ្វើការសិក្សាបន្ទាន់អំពីបច្ចេកទេស និងការជួសជុលនោះឡើងវិញ ដើម្បីឱ្យផ្លូវបានល្អដូចដើម ។ ចំណែកការជួសជុលផ្លូវត្រូវក្រុមហ៊ុនដែលជីកគ្រឹះសសរត្រូវសងសំណងក្នុងការជួសជុលផ្លូវនោះឡើងវិញ ។

សូមបញ្ជាក់ដែរថា ផ្ទះថ្ម១៣ល្វែងស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានកសាងឡើងកាលពីជិត ១០០ឆ្នាំមុន ហើយបានរងការទ្រុឌទ្រោមជាខ្លាំង ធ្វើឱ្យមានហានិភ័យខ្ពស់ដល់អ្នករស់នៅ ទើបរដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្របសម្រួលឲ្យម្ចាស់ផ្ទះថ្មទាំង១៣ល្វែង ដែលកំពុងរស់នៅត្រូវចាកចេញ និងវ៉ៃកំទេចចោលហើយសាងសង់ថ្មី ។ ប៉ុន្តែដោយសារក្រុមហ៊ុនខ្វះបច្ចេកទេសជីកដី និង គ្រឹះសសរផ្ទះចាស់ ទើបបណ្តាល ប៉ះពាល់ដល់ថ្នល់កៅស៊ូដែលជាទ្រព្យសម្បត្តិសាធារណៈ៕






ចែករំលែកព័តមាននេះ