ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៦គ្រួសារ ក្នុងចំណោមច្រើនគ្រួសារបានលើកឡើងថា ខណៈពួកគាត់នាំគ្នាធ្វើដំណើរពីចំណុចខកមូស ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចូលទៅក្នុងប៉ុស្តិ៍នគរបាល សង្កាត់ប៉ៃលិន ដើម្បីឱ្យសមត្ថកិច្ចធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីឈានដល់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
តែពិតជាមានការលំបាកខ្លាំងណាស់ តាំងពីអាជ្ញាធរភូមិរហូតដល់ប៉ុស្តិ៍នគរបាល បែរជាអត់មានសៀវភៅធ្វើជូនពួកគាត់ទៅវិញ ខណៈអ្នកខ្លះបានទៅសួរនាំជាច្រើនលើកច្រើនសារ តែរហូតមកដល់ពេលនេះ នៅអត់មានដដែល ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញទាំងដៃទទេផងដែរ ។
ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាទៅធ្វើសៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះកើតឡើង កាលពីព្រឹកថ្ងៃទី១៧ សីហា ២០១៦ ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលសង្កាត់ប៉ៃលិន ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
បើតាមសម្តីស្ត្រីម្នាក់ឈ្មោះសួ សេម អាយុ៣២ឆ្នាំ និងបុរសម្នាក់ឈ្មោះ ស៊ីន សុផល អាយុ៥៣ឆ្នាំ បានឱ្យដឹងថា ពួកគាត់នាំគ្នាមកសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដែលមានចំនួន៦គ្រួសារ ។ តែក៏មានអ្នកភូមិជាច្រើននាក់ទៀតប្រហែល៥០ ទៅ៦០នាក់ដែរ ដោយពួកគាត់អត់មានឯកសារទាំងនេះ ហើយពិតជាមានការលំបាក ខណៈនាំគ្នាទៅសុំសំណើរពីមេភូមិ ដើម្បីបញ្ជាក់លិខិតស្នាក់នៅជូនពួកគាត់ ឈានទៅធ្វើសៀវភៅគ្រួសារ ស្រាប់តែមេភូមិបាននិយាយថា មិនព្រមធ្វើឱ្យនោះទេ ព្រោះយូរណាស់ហើយ នៅលើភ្នំមិនព្រមចុះមកធ្វើដោយថា ពួកគាត់ជាពួកស្វា ដូច្នេះមិនបាច់ធ្វើឱ្យទេ ។
សម្តីទាំងនោះ ធ្វើឱ្យពួកគាត់ស្រក់ទឹកភ្នែកគ្រប់គ្នា ព្រោះពួកគាត់ជាប់រវល់ស៊ីឈ្នួលធ្វើកម្មករគេ ដើម្បីបានប្រាក់មកចិញ្ចឹមគ្រួសារ ទើបពេលអាជ្ញាធរចុះធ្វើមិនបានចូលភូមិ ។ ក្រោយមកដោយមានការអន្តរាគមន៍ ទើបលោកមេភូមិព្រមបញ្ជាក់ថា ជាកូនភូមិរបស់ខ្លួន ។
ពួកគាត់បន្តថា ប៉ុន្តែពេលមកដល់ប៉ុស្តិ៍នគរបាល ស្រាប់តែគេប្រាប់ថា អត់មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារនោះឡើយ។ ពួកគាត់បញ្ជាក់ថា ធ្លាប់មកសួរនាំនៅប៉ុស្តិ៍ជាច្រើនលើកច្រើនសារមកហើយ ពេលខ្លះ១អាទិត្យសួរនាំម្តង ក្រោយមកកន្លះខែសួរនាំម្តងទៀត បើគិតទៅប្រហែលជា៥ ទៅ៦ដងហើយ តែចម្លើយនៅតែអត់មានដដែល ។
បើអត់មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នគរបាលមិនអាចធ្វើអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឱ្យពួកគាត់នោះឡើយ ដូច្នេះពួកគាត់មានការលំបាកក្នុង ការឆ្លងដែនទៅធ្វើ ការងារនៅប្រទេសថៃ ឬចង់ឱ្យកូនចៅទៅធ្វើការងារនៅក្នុងរោងចក្រក៏មានការលំបាកដែរ ដោយថៅកែមិនទទួលយកនោះឡើយ បើអត់មានអត្តសញ្ញាណប័ណ្ណបញ្ជាក់នោះ។
ចែករំលែកព័តមាននេះ