រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារគូស្នេហ៍មួយគូបានយំអោបគ្នា ពេលដែលសមត្ថកិច្ចចាប់ខ្លួនយុវជនជាគូស្នេហ៍ បន្ទាប់ពីជននោះធ្វើសកម្មភាពគាស់ផ្ទះគេ ហើយត្រូវចាប់ខ្លួនបានជាក់ស្តែង ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១៥ សីហា ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពឱ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួននោះឈ្មោះឃឹម សំណាង អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វារៀង ។ កម្លាំងដកហូតបានវត្ថុតាងមួយចំនួនរួមមាន កូនសោសម្រាប់ដោះខ្ចៅចំនួន៦, ដង្កាប់២ ,ទួនណាវីស១ មេសោ១, ទូរស័ព្ទ២គ្រឿង, កូនសោសម្រាប់ចាក់ចំនួន៣០ និងលុយរៀលមួយចំនួនទៀត ។ ចំណែកនាងជាគូស្នេហ៍ មានមាឌតូចល្អិតសម្រស់ស្រស់ស្អាត ឈ្មោះរ៉េន សៅ អាយុ១៩ឆ្នាំ ជាកម្មការិនី មានស្រុកកំណើតនៅក្នុងភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តកែវ មិនត្រូវបាននគរបាលឃាត់ខ្លួនទេ ។ សព្វថ្ងៃ ពួកគេទាំងពីរនាក់នោះស្នាក់នៅក្នុងភូមិ អូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពបន្តថា ខាងស្រីបានឱ្យខាងប្រុសខំប្រឹងរកលុយ ដើម្បីសន្សំទុករៀបការឱ្យបានពេញច្បាប់ និងបំពេញមុខមាត់មេបា កុំឱ្យនាង ក៏ដូចជាក្រុម គ្រួសារខ្មាស់គេ ប៉ុន្តែនាងក៏មិនបានឱ្យប្ដីទៅរកស៊ីអ្វី ដែលជាសកម្មភាពល្មើសច្បាប់នោះដែរ និងរឹតតែមិនបានដឹងថា ប្ដីធ្វើជាចោរទៀតផង ។ ដោយសារតែចង់ឆាប់បានលុយទៅរៀបការពេក ជននោះបានដើរផ្លូវខុស បែកគំនិតធ្វើជាចោរគាស់ផ្ទះ ដើម្បីលួចទ្រព្យសម្បត្តិតាមផ្ទះប្រជាពលរដ្ឋនិងតាមបន្ទប់ផ្ទះជួល ដែលកម្មករស្នាក់នៅ និងត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបាន ។
បន្ទាប់ពីត្រូវចាប់ខ្លួន នាងជាប្រពន្ធបានទៅមើលប្ដីដល់ប៉ុស្ដិ៍នគរបាល និងបានឱបគ្នាយំយ៉ាងកំសត់ ហើយនាងបានសួរទៅប្ដីមិនទាន់រៀបការនោះថា «អូនឱ្យបងខំរកលុយដើម្បីរៀបការ ហេតុអីបានជាបងទៅធ្វើជាចោរបែបនេះ?» ខណៈនោះជនខាងលើ គ្មានអ្វីនិយាយច្រើន ក្រៅតែពីការយំឱបនាងជាប្រពន្ធវិញតែប៉ុណ្ណោះ និងបានបង្ខំឱ្យអ្នកកាសែតថតពួកគេឱ្យអស់ចិត្តទៅ។
នាងជាប្រពន្ធនិយាយទាំងទឹកភ្នែកថា នាងនិងជនសង្ស័យជាប្ដី បានស្រលាញ់និងរស់នៅជាមួយគ្នារយៈពេល១ឆ្នាំកន្លងមកហើយ ដោយមេបាទាំងសងខាង បានដឹងឮអស់ហើយ ប៉ុន្តែមិនទាន់បានរៀបការស្របច្បាប់ បំពេញមុខមេបានៅឡើយទេ ព្រោះតែខាងក្រុមគ្រួសាររបស់នាងក៏ក្រីក្រ ចំណែកក្រុមគ្រួសាររបស់ប្ដីក៏ក្រីក្រដូចគ្នា ។
ទោះបីជាបែបណា នាងនិងប្ដីបានគិតគ្នាពីពិធីមង្គលការនោះអស់ហើយ ដោយឯកភាពគ្នាថានឹងរៀបការនៅក្នុងឆ្នាំ២០១៦នេះ មិនឱ្យហួសទៅឆ្នាំក្រោយទេ នាងបានឲ្យប្ដីខិតខំរកលុយ ឯនាងក៏ខិតខំធ្វើការងាររកលុយដូចគ្នាដែរ ដើម្បីស្វែងរកសុភមង្គលមួយស្របច្បាប់ និងមុខមាត់មេបារទាំងសងខាងផងដែរ។
ស្ត្រីខាងលើបន្តថា នាងទៅធ្វើការងារបាត់ៗ មិនបានដឹងថា ប្ដីមានមុខរបរជាចោរបែបនេះទេ បើដឹងក៏នាងមិនឲ្យប្រព្រឹត្តបែបនេះឡើយ ។ ទោះជាមិនបានរៀបការក៏ដោយ ក៏នាងសុខចិត្តរស់នៅជាប្ដីប្រពន្ធ អត់ខាន់ស្លា ប្រសើរជាងដែលមានរឿងអាស្រូវបែបនេះ ព្រោះខ្វះអ្វីអ្នកដែលចាប់ដៃគ្នាជាប្ដីប្រពន្ធដែលមិនបានរៀបការដូចជាពួកនាងច្រើនណាស់ ។
ម្យ៉ាងទៀត មិនគួរឱ្យប្ដីជឿ ដែលប្ដីនាងធ្វើបែបនេះ ពិតជាមិនគួរឲ្យជឿមែន ហើយនាងមានការសោកស្ដាយខ្លាំងបំផុត ប៉ុន្តែអ្វីៗបានជ្រុលពេលទៅហើយ ព្រោះប្ដីត្រូវនគរបាលចាប់ខ្លួន និងត្រូវចាត់ការទៅតាមផ្លូវច្បាប់ទៀត នាងមិនដឹងថា ត្រូវគិតបែបណានោះឡើយ ៕
ចែករំលែកព័តមាននេះ