ជនទាំងឡាយណាមួយ បានដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ជនទាំងនោះនឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយជារបស់មនុស្សហើយនឹងទៅកាន់ទេវនិកាយសោយនូវសម្បត្តិទិព្វដប់យ៉ាងកើតមានប្រាកដដល់ទេវតាទាំងឡាយនោះ ។

មានសេចក្តីដំណាលថា សម័យមួយសក្កទេវរាជព្រមទាំងទេវតា៨ម៉ីនអង្គចូលទៅរកព្រះមោគ្គលា្លនដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះសក្កទេវរាជឋិតនៅក្នុងទីដ៏សមគួរហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុបានពោលដូច្នេះថា បពិត្រសក្កទេវរាជ ការដល់នូវព្រះពុទ្ធជាទីពឹងប្រពៃពេកណាស់ ។ បពិត្រសក្កទេរាជ ពួកសត្វខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹង លុះបែកធ្លាយរាងកាយទៅតែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។

សត្វទាំងនោះរមែងបាននូវរបស់ជាទិព្វដទៃដោយឋាន:ទាំង១០យ៉ាងនេះគឺ អាយុជាទិព្វ១, ពណ៌សម្បុរជាទិព្វ១, សេចក្តីសុខជាទិព្វ១, យសជាទិព្វ១, អធិបតីជាទិព្វ១, រូបជាទិព្វ១, សំឡេងជាទិព្វ១, ក្លិនជាទិព្វ១, រសជាទិព្វ១ និងសម្ផស្សជាទិព្វ១ ។

រីឯសត្វដែលដល់នូវព្រះធម៌ និងព្រះសង្ឃជាទីពឹងទីរលឹកក៏មានន័យដូចគ្នានេះដែរ មានន័យថាសត្វទាំងឡាយនោះក៏រមែងបានទៅកាន់សុគតិភពទេវលោក សោយនូវទិព្វសម្បត្តិទាំងដប់យ៉ាងនេះដែរ ៕ សាន សារិន

ចែករំលែកព័តមាននេះ