ខេត្តក្រចេះ ៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានកម្ទេចកាកសំណាល់ជាតិផ្ទុះសល់ពីសង្គ្រាមប្រមាណជា៦,២៧៤គ្រាប់ នៅចំណុចអូរអណ្តាក់ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

ពិធីនេះ ក្រោមអធិបតីភាព លោក សែម រតនា ទីប្រឹក្សាអាជ្ញាធរមីន និងជាតំណាងឲ្យនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋចំនួន ៣៥០នាក់។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ វិន ឌី នាយករង នាយកដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន និងជាមេបញ្ជាការដ្ឋានបោសសំអាតមីន និងកាកសំណល់សង្គ្រាមប្រចាំទិសឦសាន បានឲ្យដឹងថា ប្រតិបត្តិការនេះ ចាប់ផ្តើមធ្វើឡើង កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ និងបញ្ចប់ប្រតិបត្តិការ នៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២២ខាមុខនេះ នៅលើភូមិសាស្ត្រ២ទីតាំង ។ ទីតាំងទី១ គឺ LR/CMAA/05000 មានផ្ទៃដីសរុប ២៥៨,៨៦២ ម៉ែត្រក្រឡា (លេខកូដភូមិ ១០០៤០៥០៥) ចាប់ផ្តើមនៅថ្ងៃទី ៣ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងនោះបានរកឃើញគ្រាប់ចំនួន ៥,១២៥គ្រាប់។

ទីតាំងទី២ គឺ LR/CMAA/04991 មានផ្ទៃដីសរុប ៩៩១,១៣៨ ម៉ែត្រក្រឡា (លេខកូដភូមិ ១០០៤០៥០៥) ចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ក្នុងនោះបានរកឃើញគ្រាប់ចំនួន ១,១០៥គ្រាប់។ សរុបផ្ទៃដីដែលបានបោសសំអាតរួច១០០% មានចំនួន ១,២៥០,០០០ ម៉ែត្រក្រឡា រកឃើញគ្រាប់មិនទាន់ផ្ទុះសរុប ៦,២៣០ គ្រាប់។ លោកឧត្តមសេនីយ៍ទោ វិន ឌី បានបញ្ជាក់ថា ក្នុងនោះមានប្រភេទគ្រាប់ BLU 26 ចំនួន ១៦១គ្រាប់, BLU 61 ចំនួន ១៦គ្រាប់, DGA ០៦គ្រាប់, Mortar 81mm ១៨គ្រាប់, Mortar 60mm ២៩គ្រាប់, PKM ៦ពាន់គ្រាប់ និងអំបែង និងលោហធាតុ ២,០០៧ដុំ ស្មើរនឹង ៦៦៧kg។

លោក សែម រតនា ទីប្រឹក្សា អាជ្ញាធរមីន បានបញ្ជាក់ថា ខេត្តក្រចេះ នៅសល់ផ្ទៃដី ប្រមាណ ៨៣គីឡូម៉ែត្រក្រឡាទៀត នៅប្រឈមនិងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបាននិងកំពុងគម្រាមកំហែងដល់អាយុជីវិតជនស្លូតត្រង់ ហើយក៏ជាឧបសគ្គដល់ការ ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការអភិវឌ្ឍនានាទៀតផងដែរ ។ ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២១ យោងតាមទិន្និន័យជនរងគ្រោះ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់អាជ្ញាធរ មីន ខេត្តក្រចេះ មានជនរងគ្រោះ ៧៧៣នាក់ ក្នុងនោះដោយសារមីន ៤១៥នាក់ និងបាត់បង់ជីវិត ៣៥៨នាក់។

ដោយឡែក នៅខែមករា – កុម្ភៈ ឆ្នាំ២០២២នេះ ខេត្តក្រចេះ មានគ្រោះថ្នាក់១៣ករណី បណ្ដាលឲ្យមានជនរងគ្រោះ ៥នាក់ និងបាត់បង់ជីវិត ៥នាក់ គ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម និងពិការ ៣នាក់ ១ករណី។ តូរលេខនេះ បង្ហាញ់ថា គ្រាន់តែខែមករា – កុម្ភៈ ឆ្នាំ២០២២ អត្រាគ្រោះថ្នាក់ក្នុងខេត្តក្រចេះ បានកើតឡើង១០០% បើប្រៀបធៀបនឹងឆ្នាំ២០២១៕




ចែករំលែកព័តមាននេះ