ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបាយ​មុខជា​ប្រភព​នាំ​ឱ្យ​ចម្លង​អូ​មី​ក្រុង​ទាន់ហន់

2 ឆ្នាំ មុន

អបាយមុខ​គឺជា​ប្រធាន​នៃ​សេចក្ដី​វិនាស​ដោយហេតុ​ផ្សេង​ៗ​មានការ​ចម្លងជំងឺ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាន់ហន់​ជាដើម ។ អបាយមុខ​នោះ​មាន​៤​ប្រកា​គឺ ១-​ការ​លេងស្រី ចូល​ខេ​ធី​វី ២-​ការ​សេព​គ្រឿង​ស្រវឹង ៣-​ជុំ​គ្នា​លេងល្បែង​ភ្នាល់ និង​៤-​ការ​សេពគប់​បាបមិត្ត​នាំ​ប្រព្រឹត្ត​ល្បែង​ពា​លា​អាវ៉ាសែ​នានា ។ អបាយមុខ​បួន​ប្រការ​នេះ…

អបាយមុខ​គឺជា​ប្រធាន​នៃ​សេចក្ដី​វិនាស​ដោយហេតុ​ផ្សេង​ៗ​មានការ​ចម្លងជំងឺ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាន់ហន់​ជាដើម ។ អបាយមុខ​នោះ​មាន​៤​ប្រកា​គឺ ១-​ការ​លេងស្រី ចូល​ខេ​ធី​វី ២-​ការ​សេព​គ្រឿង​ស្រវឹង ៣-​ជុំ​គ្នា​លេងល្បែង​ភ្នាល់ និង​៤-​ការ​សេពគប់​បាបមិត្ត​នាំ​ប្រព្រឹត្ត​ល្បែង​ពា​លា​អាវ៉ាសែ​នានា ។ អបាយមុខ​បួន​ប្រការ​នេះ បុគ្គល​ណា​ប្រព្រឹត្ត​មែន​ៗ បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់​ចាក​អាយុជីវិត​មិន​ខាន ។

១. ដូច​យ៉ាង​វិនាស​ទី​១​គឺ​ការ​លេងស្រី ចូល​ខារ៉ាអូខេ បើ​មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ ក៏​ជា​ហេតុ​នាំ​ឲ្យ​ញៀន​ញ៉ាម​នូវ​ក្តី​ត្រេ​ក​ត្រអាល​ដោយ​រាគៈ ត្រូវ​កាមគុណ​ដឹកមុខ ហ៊ាន​រហូត​ចាប់រំលោភ​កុមារី​មិន​ទាន់​គ្រប់​អាយុ ឬ​ចាប់រំលោភ​សេពសន្ថវៈ​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​រហូត​ដល់​ថ្នាក់​មានទោស​ពៃ​យូរ​ខែ យូរ​ឆ្នាំទៅ​តាម​ទ​ង្វើ​ខ្លួន​បាន​ធ្វើ ។ ម្យ៉ាងទៀត​ដោយសារ​តែ​ការ​កៀកកើយ​ប្រលោម​ស្នេហ៍​ជាមួយ​នារី​ខាងក្រៅ​នោះ​ក៏​ជា​ប្រភព​នាំ​ឱ្យ​ប្រឈម​នឹង​ការ​ចម្លងជំងឺ​បំប្លែង​ថ្មី​អូ​មី​ក្រុង​យ៉ាង​ខ្លាំង​បំផុត ហើយ​នាំ​មេរោគ​នោះ​មក​ចម្លង​ដល់​អ្នក​ផ្ទះ​បន្ត​ទៀត​ដែល​គ្នា​មិន​បានដឹង​អ្វី​ទាំងអស់ ។ នេះ​ជា​ទោស​នៃ​ការ​ប្រព្រឹត្ត​មិនល្អ​គឺ​ការ​លេងស្រី ចូល​ខារ៉ាអូខេ​នោះ​ឯង ។

២. ការ​សេព​ស្រា​ក៏​ជា​ទោស​មួយ​សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក​យើង​នេះ ដោយ​ថា​មនុស្ស​ពេញចិត្ត​ស្រា យក​ស្រា​ជាទី​ពឹង ឃើញ​ថា មាន​តែ​ស្រា​ទេ​ដែល​ជា​មិត្តភក្តិ​ជា​និច្ច មនុស្ស​នោះ​កាលបើ​សេពសុរា​យូរ​ៗ​ទៅ​នឹង​នាំ​ឱ្យ​ខ្វះ​សតិ បាត់បង់​ស្មារតី អស់​បញ្ញា​យកទោស​ជា​គុណ ឬ​យកគុណ​ជា​ទោស ហើយ​កាលណា​សុរា​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​ឃើញ​ថា អញ​អស្ចារ្យ​ជាងគេ ខ្លាំង​ជាងគេ​ក្លាយទៅជា​អ្នកក្លាហាន​ខាង​ផ្នែក​កាប់​ចាក់ ទាត់​ធាក់ កាច​ឃោរឃៅ​យង់ឃ្នង ហ៊ាន​ប្លន់ ហ៊ាន​លួច ហ៊ាន​ស​ម្លា​.​ប់ ហ៊ាន​ចាប់រំលោភ សូ​ម្បី​ឪពុក​ម្ដាយ​របស់​ខ្លួន​ក៏​ហ៊ាន​គំរាមកំហែង ប្រមាថ រហូត​ហ៊ាន​ស​ម្លា​.​ប់​គាត់​ទៀត​ផង ។ មនុស្ស​ដែល​ពុំ​មាន​សតិបញ្ញា​ស្មារតី​គ្រប់គ្រង​ខ្លួន​បែប​នេះ ឈ្មោះ​ថា​ជា​មនុស្ស​វិកលចរិត ឬ​ហៅ​ថា​វិបល្លាស​ខ្វះ​សតិ​ក្នុង​ខ្លួន ។

ម្យ៉ាងទៀត​ការ​ជួបជុំ​គ្នា​ជល់​កែវ​សេពសុរា​ក្នុង​ស្ថានភាព​បែប​នេះ​ក៏​ជា​ប្រភព​នាំ​ឱ្យ​ងាយ​នឹង​ចម្លងជំងឺ​កូ​វី​ដ​ផង​ដែរ ព្រោះហេតុនោះ មនុស្ស​យើង​ត្រូវ​វៀរចាក​ការ​សេពសុរា​ឱ្យ​បានជា​ដាច់ខាត ទើប​មានឈ្មោះ​ថា​ជា​មនុស្ស​មាន​ចរិយា​សម្បត្តិ​ល្អ មិន​ប្រឈម​ខ្លាំង​នឹង​ការ​ចម្លងជំងឺ ។

៣. ការ​ជុំ​គ្នា​លេងល្បែង​ភ្នាល់​ក៏​ជា​ទោស​ត្រូវ​វៀរចាក​ជា​ដាច់ខាត​ផង​ដែរ​ក្នុង​សម័យ​ដ៏​គ្រោះថ្នាក់​នេះ ព្រោះថា មនុស្ស​ខ្លះ​ដែល​ងប់​វង្វេង​ក្នុង​វង់ល្បែង​ភ្លេច​អស់ពី​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ ភ្លេច​សាង​អំពើ​ល្អ ជា​ពិសេស​ប្រឈម​នឹង​ការ​ចម្លងជំងឺ​បំផុត ។ ម្យ៉ាងទៀត​អ្នកលេង​ល្បែង​រមែង​មិន​ជាទី​សណ្ដាប់ ជឿ​ទុកចិត្ត​នៃ​អ្នក​ដទៃ​ឡើយ ពេល​និយាយ​សម្ដី​សាប​ដូច​ទឹក រហូត​ដល់​ចូល​ទៅ​កាន់​ទី​ជំនុំ​ចំណោម ខ្លួន​ត្រូវ​ឱន​មុខ​រហូត ព្រោះហេតុនោះ បុគ្គល​គួរ​វៀរចាក​ឲ្យ​បាន​នូវ​ល្បែងភ្នាល់​គ្រប់​ប្រការ ។

៤. ការ​សេពគប់​មិត្ត​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ បើ​មិត្ត​ប្រកបដោយ​ធម៌ ឬ​មិត្ត​សុចរិត​នោះ​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដីសុខ ប៉ុន្តែ​បើ​មិត្ត​នោះ​មិន​ប្រកបដោយ​អធម៌ ឬ​មិត្ត​ទុច្ចរិត​ក៏​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​វិនាស​ជា​មិន​ខាន ជា​ពិសេស​នឹង​នាំ​យើង​ទៅ​ប្រព្រឹត្ត​ល្បែង​ទាំង​បី​ខាងលើ នឹង​នាំ​ជីវិត​ឱ្យ​អាប់ឱន​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ