ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស សហការជាមួយសហគមន៍ ឃាត់ខ្លួន​ជនល្មើស លួច​ចូលអារឈើក្នុងតំបន់ការពារ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកវ៉ារិន សហការជាមួយប្រជាសហគមន៍ចង្រ្កានរយ បាន​ឃាត់ខ្លួនជន ល្មើស ចំនួន ៤នាក់ ដែលលួចចូលអារឈើដោយខុសច្បាប់ នៅក្នុងតំបន់សហគមន៍ចង្ក្រានរយ។ ជនល្មើសទាំងនោះ…

ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកវ៉ារិន សហការជាមួយប្រជាសហគមន៍ចង្រ្កានរយ បាន​ឃាត់ខ្លួនជន ល្មើស ចំនួន ៤នាក់ ដែលលួចចូលអារឈើដោយខុសច្បាប់ នៅក្នុងតំបន់សហគមន៍ចង្ក្រានរយ។ ជនល្មើសទាំងនោះ ត្រូវបាន​ប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកវ៉ារិន។

ហេតុការណ៍ឃាត់ខ្លួនជនល្មើសទាំងនេះ បាន​ធ្វើឡើង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រ​ឃុំល្វាក្រាំង និងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

មន្ត្រីនគរបាលស្រុកវ៉ារិន បានឱ្យដឹងនៅយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ នេះថា មុនពេលកើតហេតុកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាក្រាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស សហការ​ជាមួយកម្លាំងសហគមន៍​ព្រៃឈើចង្ក្រានរយ ចុះល្បាតក្នុងព្រៃសហគមន៍លើខ្នងភ្នំ ក៏បានប្រទះឃើញក្រុមជន​ល្មើស កំពុងធ្វើ សកម្មភាពកាត់​ផ្តួលដើមឈើ និងអារជ្រៀកដោយម៉ាស៊ីនរណាយន្ត ចំនួន ០២​គ្រឿង លាន់លឺ ពេញព្រៃ។ កងកម្លាំងចម្រុះ ក៏បង្រ្កាប និងឈានដល់ឃាត់ខ្លួនបានជនល្មើស ចំនួន ០៤នាក់ រួចនាំយកមកសួរនាំ​នៅអធិការដ្ឋាននគរបាលស្រុកវ៉ារិន ហើយក៏ប្រគល់ជនល្មើស និងវត្ថុតាង ឱ្យទៅមន្ត្រីជំនាញ​សង្កាត់រដ្ឋបាលព្រៃឈើវ៉ារិន។

ប្រភពដដែល បានបន្ថែមថា ជនល្មើសទាំង ៤នាក់នោះ មាន៖ ទី១./ឈ្មោះ អ៊ា​ អន​ ភេទប្រុស អាយុ ​១៦ឆ្នាំ​ មុខរបរ​ កសិករ រស់នៅ ក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុក​អង្គរធំ​ ខេត្ត​សៀមរាប​។ ទី២​./ឈ្មោះ ធួន​ រដ្ឋា​ ភេទប្រុស អាយុ​ ១៨ឆ្នាំ​ មុខរបរ កសិករ រស់នៅភូមិ​ខ្ទីង ឃុំ​ពាក់ស្នែង​ ស្រុកអង្គរធំ​ ខេត្តសៀមរាប​។ ទី៣./ឈ្មោះ ធិម​ គិង​ ភេទប្រុស អាយុ ​៣៨ឆ្នាំ​ មុខរបរ​ កសិករ មានទីលំនៅភូមិ​ជប់តាត្រាវ ឃុំជប់តាត្រាវ ស្រុកអង្គរធំ​ ខេត្តសៀមរាប​ និង​ទី៤./ឈ្មោះ ខៀវ​ ខន​ ភេទប្រុស អាយុ ​៣០ឆ្នាំ​ មុខរបរ​ កសិករ ស្នាក់នៅបច្ចុប្បន្ន ក្នុង​ភូមិ​គោកកក់​ ឃុំស្វាយចេក ស្រុកអង្គរធំ​ ខេត្ត​សៀមរាប​។

ក្រោយ​ឃាត់ខ្លួនក្រុមជនល្មើស កម្លាំងនគរបាលស្រុកវ៉ារិន និងមន្ត្រីសហគមន៍ ក៏បានដកហូតបានម៉ាស៊ីន​រណាយន្ត ចំនួន ០២ គ្រឿង ឧបករណ៍មួយចំនួន និងឈើដែលអារជ្រៀកមួយចំនួនធំផងដែរ។

ជនសង្ស័យ ទាំង ៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកវ៉ារិន ប្រគល់ឱ្យមន្ត្រីសង្កាត់រដ្ឋបាល​ព្រៃឈើស្រុកវ៉ារិន ដើម្បីបន្តអនុវត្តន៍តាមនីតិវិធីច្បាប់៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ