ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ក្លែង​​ត្រានិង​​ហត្ថលេខាអតីតអភិបាល​ខណ្ឌ​ ចៅសង្កាត់ ប្រមូល​លុយរាប់​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​ក្លែង​ត្រា​និង​ហត្ថលេខា​លោក គិត សុ​ផា អតីត​អភិបាល​ខណ្

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​ក្លែង​ត្រា​និង​ហត្ថលេខា​លោក គិត សុ​ផា អតីត​អភិបាល​ខណ្ឌ​ពោធិ៍​សែនជ័យ និង​លោក សុទ្ធ សាធ ចៅសង្កាត់​ចោម​ចៅ ព្រមទាំង​ស្នាម​មេដៃ​របស់​ម្ចាស់​បុរី ប៊ុ​ន​ហួរ នៅ​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​/​ផ្ទះ ។

ការ​ឃាត់ខ្លួន​នេះ គឺ​បន្ទាប់​ពី​ស្ត្រី​ខាងលើ​បាន​យក​លិខិត​ទៅ​ដាក់បញ្ចាំ​ប្រុង​យក​លុយរាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ​ទ​ង្វើ​នោះ​មិន​អាច​ទៅ​រួច ដោយ​អ្នក​ទទួល​បញ្ចាំ​មានការ​សង្ស័យ​ទៅ​លើ​លិខិត​មួយ​នេះ​ក៏​យក​ទៅ​ធ្វើការ​សាកសួរ និង​ឲ្យ​អាជ្ញាធរ​ជួយ​ពិនិត្យ ទើប​ដឹង​ថា​ ជា​លិខិត​ក្លែងក្លាយ ហើយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ ក៏​បាន​ឃាត់ខ្លួន ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ។

ស្ត្រី​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៨ ខែកក្កដា នៅ​ក្នុង​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មន្ត្រី​នគរបាល​ប្រាប់​ថា ស្ត្រី​សង្ស័យ​ឈ្មោះ ធា សុ​ម៉ា​ឡា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។ នគរបាល​បាន​កត់​សម្គាល់ថា នៅ​ពេល​ហៅ​ទៅ​សាកសួរ ស្ត្រី​រូប​នេះ​មានការ​លាក់លៀម​ច្រើន​ណាស់ សួរ​មិន​ព្រម​ឆ្លើយ​តាម​ត្រង់​ឡើយ គឺ​ឆ្លើយ​មិន​ពិតប្រាកដ​ទាល់តែ​សោះ ដោយ​ម្ដង​ឆ្លើយ​អ៊ីចេះ ម្ដង​ឆ្លើយ​អ៊ី​ចុះ ពិបាក​ជឿ​ខ្លាំង​ណាស់​។ ជាមួយ​នេះ​បាន​បដិសេធ​រហូត ថា​ខ្លួន​មិន​បាន​ក្លែង​ឯកសារ​នោះ​ឡើយ ប៉ុន្តែ​ពេល​ឲ្យ​រក​អ្នក​ដែល​ក្លែង​ពិតប្រាកដ​បែរជា​រក​មិនឃើញ ទើប​ធ្វើ​ឲ្យ​រឹតតែ​មានការ​សង្ស័យ​ខ្លាំង​ឡើង​ថែម​ទៀត​។ ដោយសារ​បែប​នេះ សមត្ថកិច្ច​ក៏​បាន​បង្កើន​ការ​សាកសួរ​បន្ត​ទៀត​ទៅ​តាម​ជំនាញ រហូត​ស្ត្រី​រូប​នេះ​មិន​អាច​លាក់លៀម​បាន​តទៅ​ទៀត ក៏​សារភាព​ថា​ខ្លួន​ពិតជា​បាន​ក្លែង​ឯកសារ​នោះ​មែន ។

ស្ត្រី​រូប​នេះ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​បាន​ជួល​ជាង​ធ្វើ​ត្រា​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រា​សាលាសង្កាត់​ចោម​ចៅ ត្រា​ឈ្មោះ​លោក គិត សុ​ផា អតីត​អភិបាល​ខណ្ឌ និង​ត្រា​ឈ្មោះ​លោក សុទ្ធ សាធ ចៅសង្កាត់​ចោម​ចៅ និង​បាន​ស៊ី​ញ៉េ​តាម​លោក​ទាំង​ពីរ​ដោយ​ខ្លួនឯង ដើម្បី​យក​លិខិត​ផ្ទេរសិទ្ធិ​ក្លែងក្លាយ​នោះ ទៅ​ដាក់បញ្ចាំ​យក​លុយ ។ ចំណែកឯ​លិខិត​ផ្ទេរសិទ្ធិ​ផ្ទះ​របស់​ខ្លួន​ពិតប្រាកដ បាន​យក​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​បាត់​ហើយ គឺ​បាន​ប្រាក់​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​/​ផ្ទះ ក្លែងក្លាយ​មួយ​ច្បាប់​នេះ គឺ​ផ្ទះ​លេខ​«C24» ដែល​មាន​បណ្ដោយ​១៥​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​រូប​នេះ​បាន​ក្លែង​ហត្ថលេខា​និង​ត្រា​របស់ លោក គិត សុ​ផា អតីត​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៣ និង​ហត្ថលេខា​និង​ត្រា​របស់​លោក សុទ្ធ សាធ ចៅសង្កាត់​ចោម​ចៅ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៣ ។

ពេល​ក្រុមការងារ​សង្កាត់​ចោម​ចៅ ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់ បានឃើញ​មាន​លក្ខណៈ​ខុស​គ្នា​ទាំងស្រុង ពី​ហត្ថលេខា​និង​ត្រា​ពិតប្រាកដ​របស់​លោក​ទាំង​ពីរ​ខាងលើ ។ មិនតែប៉ុណ្ណោះ នៅ​បាន​ក្លែង​ឈ្មោះ និង​ស្នាម​មេដៃ​លោក ប៊ុ​ន ហួរ ដែល​ជា​ម្ចាស់​បុរី​ផ្ទះល្វែង ប៊ុ​ន ហួរ ជា​អ្នក​ប្រគល់​ឲ្យ ចំណែក​ស្ត្រី​សង្ស័យ​ឈ្មោះ ធា សុ​ម៉ា​ឡា ខ្លួនឯង ក៏​មានឈ្មោះ​និង​ស្នាម​មេដៃ​ក្នុង​នាម​ជា​អ្នក​ទទួល​ផង​ដែរ ។ ជាង​នេះ​ទៀត ស្ត្រី​រូប​នេះ​នៅ​បាន​យក​លេខ​ផ្ទះ​របស់​អ្នក​ជិតខាង​ដាក់​បន្លំ​ថា​ជា​លេខ​ផ្ទះ​របស់​ខ្លួន ដែល​ម្ចាស់ផ្ទះ​ពិតប្រាកដ ឈ្មោះ វិ​ន គី​ម​បួ​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អាន នូ អាយុ​៣៤ រស់នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ។

ប្រភព​ដដែល​បន្ត​ថា ឈ្មោះ វិ​ន គី​ម​បួ​យ និង​ប្រពន្ធ​ឈ្មោះ អាន នូ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទប់ស្កាត់​មួយ​នៅ​សាលាសង្កាត់​ចោម​ចៅ កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់ ព្រោះ​បាន​ទទួល​ដំណឹង​ថា មាន​គេ​យក​លេខ​ផ្ទះ​របស់​ខ្លួន​ទៅ​ប្រើប្រាស់​ក្នុង​បំណង​ដាក់​លក់ ឬ​បញ្ចាំ ប៉ុន្តែ​មិន​បានដឹង​ថា ជា​ស្ត្រី​ឈ្មោះ ធា សុ​ម៉ា​ឡា នេះ​ទេ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែក្កកដា ស្រាប់តែ​ស្ត្រី​ខាងលើ បាន​យក​លិខិត​ផ្ទេរសិទ្ធិ​នោះ​ទៅ​ដាក់បញ្ចាំ​ឲ្យ​ឈ្មោះ បូ នៅ​ភ្នំពេញ ក្នុង​បំណង​យក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ប៉ុន្តែ​ដោយ​មានការ​សង្ស័យ ឈ្មោះ បូ បាន​ពឹង​ឲ្យ​មិត្តភក្ដិ​របស់​ខ្លួន​យក​លិខិត​នោះ​ទៅ​សាកសួរ​មន្ត្រី​អាជ្ញាធរ ទើប​ដឹង​ថា​ជា​លិខិត​ក្លែងក្លាយ ហើយ​អាជ្ញាធរ​សង្កាត់​ក៏​បាន​ឃាត់​ខ្លូ​ន​ស្ត្រី​រូប​នេះ​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។

មន្ត្រី​អាជ្ញាធរ​និយាយ​ថា នេះ​គឺជា​ទ​ង្វើ​អាក្រក់​មួយ​ដែល​មិន​អាច​លើកលែង​បាន​ឡើយ ព្រោះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ការងារ និង​កិត្តិយស​របស់​អាជ្ញាធរ និង​បុគ្គល​ពាក់ព័ន្ធ និង​ទាញ​អាជ្ញាធរ​ឲ្យ​ធ្លាក់​ភក់ជ្រាំ​ទៀត​ផង ។ ពេល​នេះ​លោក សុទ្ធ សាធ ចៅសង្កាត់​ចោម​ចៅ និង​លោក ប៊ុ​ន ហួរ ម្ចាស់​បុរី​ផ្ទះល្វែង ប៊ុ​ន ហួរ បាន​ដាក់​ពាក្យ​ប្ដឹង​ស្ត្រី​រូប​នេះ ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា មាន​អ្នក​រង​គ្រោះ​ដោយសារ​ស្ត្រី​រូប​នេះ បាន​ទៅ​សាកសួរ​នគរបាល​និង​អាជ្ញាធរ​សង្កាត់​ជា​បន្តបន្ទាប់ និង​បាន​ប្ដឹង​ទប់ស្កាត់​ផ្ទះ​របស់​ខ្លួន ដោយ​ម្នាក់​ៗ​មាន​ភាព​ស្រឡាំងកាំង ព្រោះតែ​មិន​គួរ​ឲ្យ​ជឿ​ថា ស្ត្រី​ឈ្មោះ ធា សុ​ម៉ា​ឡា នេះ សម្បក​ក្រៅ​គួរ​ឲ្យ​រាប់អាន ប៉ុន្តែ​ធាតុ​ពិត​ខាងក្នុង ដូច​ជា​ផ្លែ​ល្វា​បែប​នេះ​សោះ ។ ស្ត្រី​ម្នាក់​នេះ បាន​យក​លេខ​ផ្ទះ​របស់​ពួក​គាត់​ដាក់​ក្នុង​លិខិត​ផ្ទេរសិទ្ធិ យក​ទៅ​បញ្ចាំ​យក​លុយ​នៅ​កន្លែង​ផ្សេង​ៗ​ផង និង​ខ្ចី​លុយ​អ្នក​ជិតខាង​ផង សរុប​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ឡើយ និង​នៅ​មាន​ធនាគារឯកជន​មួយ​ចំនួន​ទៀត កំពុង​លង់ខ្លួន​ដោយសារ​តែ​ស្ត្រី​ម្នាក់​នេះ​ដែរ ។

លោក​ព្រះរាជអាជ្ញា​រង ប៉េង ហៀ​ង បាន​សម្របសម្រួល​ក្នុង​ការ​ឆែកឆេរ​ផ្ទះ​ស្ត្រី​រូប​នេះ​រក​ត្រា និង​ឯកសារ​នានា​ទៀត តែ​រក​មិនឃើញ​ទេ ខណៈ​ប្តី​បាន​នាំ​កូន​គេចខ្លួន​ចេញពីផ្ទះ​ទៅ​បាត់ ៕