ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុងភ្នំពេញ មិន​ឲ្យ​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏ ធ្វើ​បាតុកម្ម​ខុសច្បាប់ នៅ​សង្កាត់​ទន្លេបាសាក់​ ទៀត​ទេ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី១៥ កុម្ភៈ ២០២២នេះ ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី ការ​មិន​អនុញ្ញាត​ឱ្យធ្វើ​បាតុកម្ម​ខុសច្បាប់​របស់​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី១៥ កុម្ភៈ ២០២២នេះ ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី ការ​មិន​អនុញ្ញាត​ឱ្យធ្វើ​បាតុកម្ម​ខុសច្បាប់​របស់​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏ ។

ក្នុងសេចក្ដីជូនដំណឹង បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ទទួល​សេចក្តីជូនដំណឹង​របស់​តំណាង​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ អំពី​ការ​ធ្វើ​កូដកម្ម​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ម្ចាស់​សំណើ​មក​ពិភាក្សា ដោយ​បាន​គូសបញ្ជាក់​ថា​សុំ​ឱ្យ​គាត់​ធ្វើ​កូដកម្ម ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទីតាំង​សាធារណៈ​ឡើយ ព្រោះថា​ ការ​ប្រើប្រាស់​ទីតាំង​សាធារណៈ​ដើម្បី​ធ្វើ​ជាទី​កន្លែង​បញ្ចេញមតិ គឺ​ត្រូវ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុនណា​ហ្គា​វើ​ល​ដ៍ បាន​ធ្វើការ​ប្រមូលផ្ដុំ​នៅ​លើ​សួនច្បារ​សាធារណៈ ផ្ទុយ​ពី​ការ​ឯកភាព​គ្នា​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១​ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ប្រើប្រាស់​វិធានការ​អប់រំ ដល់​ក្រុម​បាតុករ​កុំឱ្យ​បន្តសកម្មភាព​ខុសច្បាប់​ និង​អនុវត្ត​តាម​យន្តការ​ដោះស្រាយ​វិវាទ​ការងារ ស្រប​តាម​ច្បាប់​ជា​ធរមាន ដោយពេល​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​សម្របសម្រួល​គ្រប់​លទ្ធភាព ដោយ​បាន​ស្នើ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទៅ​ដោះស្រាយ ស្រប​តាម​យន្តការ​ច្បាប់ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រុម​បាតុករ ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ខុសច្បាប់ ផ្ទុយ​ពី​គោលបំណង​ នៃ​ការ​ជូនដំណឹង​ ស្តី​ពី​ការ​ធ្វើ​កូដកម្ម ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ ជា​ច្រើន​លើក​ច្រើន​សារ រហូត​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ ។

ទោះ​យ៉ាងនេះ​ក្តី ក្រុម​បាតុករ​បាន​បន្ត​ធ្វើ​បាតុកម្ម​ខុសច្បាប់​អស់​រយៈពេល ៤៩ ថ្ងៃ រហូត​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ម្នាក់ ក្នុង​ចំណោម​ក្រុម​បាតុករ ហើយ​ក្រសួងសុខាភិបាល​បាន​ធ្វើការ​ណែនាំ​ឱ្យ​ក្រុម​បាតុករ​ទៅ​យក​សំណាក​នៅ​ទីតាំង​ដែល​បាន​កំណត់ ស្ថិត​នៅ​កោះ​ពេជ្រ ក្នុង​រយៈពេល ០៣ ថ្ងៃ ប៉ុន្តែ​តំណាង​ក្រុម​បាតុករ​បាន​សំណូមពរ​ឱ្យ​ក្រុម​គ្រូពេទ្យ​មក​យក​សំណាក​នៅ​ទីតាំង​ប្រមូលផ្តុំ​វិញ ហើយ​នៅ​ពេល​ក្រុម​គ្រូពេទ្យ មក​ដល់​ក្រុម​បាតុករ​នៅ​តែ​រឹងរូស មានះ មិន​ព្រម​សហការ​ឱ្យ​យក​សំណាក​ទៀត ទោះជា​ក្រុម​គ្រូពេទ្យ​អង្វរករ​យ៉ាងណា​ក៏​ដោយ ហើយ​ចាប់ពី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ករ​ណ៍​វិជ្ជមាន​កូ​វី​ដ​-១៩ ជា​ច្រើន​នាក់ ក្នុង​ក្រុម​បាតុករ​បន្ថែម​ទៀត នៅ​ទីតាំង​យក​សំណាក ស្ថិត​នៅ​កោះ​ពេជ្រ​។ ក្នុង​រយៈពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ខុសច្បាប់ សកម្មភាព​នេះ​បាន​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការ​កកស្ទះ​ចរាចរ ព្រមទាំង​បង្ក​ការ​រំខាន​ដល់​ការ​ប្រកប​របរ​អាជីវកម្ម ប្រកបការងារ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ជុំវិញ​តំបន់​ធ្វើ​បាតុកម្ម​ខុសច្បាប់ រហូត​ដល់​មាន​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​ដើម្បី​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ជីវភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឡើង​វិញ​។

ក្រុម​បាតុករ​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល ដែល​ធានា​ថា​លែង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ហើយ​ចង់​ប្រមូលផ្ដុំ​តវ៉ា ត្រូវធ្វើ​នៅ​កន្លែងបញ្ចេញមតិ​ជា​សាធារណៈ (​ទីលាន​ប្រជាធិបតេយ្យ​) ស្ថិត​នៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ដោយ​ត្រូវ​បំពេញ​នីតិវិធី​តាម​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ក្នុង​ជំពូក​ទី​២ មាត្រា ៥ ដែល​បាន​បញ្ញត្ត​ថា « ក្រុម​បុគ្គល​ណា ដែល​មាន​បំណង​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ទីកន្លែង​សាធារណៈ​ណាមួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ​ខេត្ត​មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ​»​។

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ចូល​ក្នុង​សហគមន៍​កាន់តែ​ច្រើន​ឡើង​ៗ ក៏​ដូច​ជា​ធានា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ដាច់ខាត​ឱ្យ​មានការ​ប្រមូលផ្ដុំ ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់ របស់​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ទៀត​ឡើយ​។ ក្នុង​ករ​ណ៏​រឹងរូស​បន្តសកម្មភាព​ខុសច្បាប់​ទៀត​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ