រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ក្នុងចំណោម២នាក់ ប្តីប្រពន្ធ ត្រូវបានក្រុមគ្រូពេទ្យតេស្តសំណាក រកឃើញមានវិជ្ជមានវីរ៉ុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែកុម្ភៈនេះ ក្រោយរូបនាង បានឆ្លងកាត់ការតេស្តសំណាកបាន២ថ្ងៃ ។

នារីខាងលើនេះមានវ័យប្រមាណ៣០ឆ្នាំ ដែលនាង និងបុរសជាប្តី ទើបតែមកពីខេត្តព្រះវិហារ មកភ្នំពេញ រកការងារធ្វើ ដោយស្នាក់នៅផ្ទះសំណាក់មួយកន្លែងបណ្តោះអាសន្ន ដែលស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីមន្ត្រីអាជ្ញាធរសង្កាត់បានអោយដឹងថា ៖ ដំបូងឡើយ ស្ត្រីខាងលើ និងបុរសជាប្តី បានមកពីខេត្តព្រះវិហារ តាំងពីថ្ងៃទី០៩ រកការងារធ្វើនៅភ្នំពេញ ដោយស្ត្រីជាប្រពន្ធបានចូលធ្វើក្នុងក្រុមហ៊ុនឯកជនមួយ តែខាងក្រុមហ៊ុនគេតម្រូវអោយមានការទៅតេស្តសំណាកមុនអនុញ្ញាតអោយចូលបំពេញការងារ ដោយទៅតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ។

ប្រភពបន្តថា ក្រោយការតេស្តសំណាកហើយនោះ ខាងក្រុមហ៊ុន មិនទាន់អនុញ្ញាតអោយចូលធ្វើការនោះទេ ដោយត្រូវរងចាំលទ្ធផលសំណាក៣ ទៅ៤ថ្ងៃសិន ។ ដោយមិនទាន់អាចធ្វើការបាន ប្តីប្រពន្ធទាំង២នាក់ បានទៅសម្រាកបណ្តោះអាសន្ននៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិទ្រា ក្បែរនឹងសាលាអន្តរជាតិ ណតឡាញ រយៈពេល២ថ្ងៃ ។
លុះដល់វេលាព្រឹកថ្ងៃទី១១ លទ្ធផលសំណាក បញ្ជាក់ថា ស្ត្រីខាងលើមានវិជ្ជមានវីរ៉ុសបំប្លែងថ្មី អូមីក្រុងទើបក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរសង្កាត់ចុះទៅទទួលនាងយកទៅព្យាបាល ប៉ុន្តែស្របពេលដែលអាជ្ញាធរបានទាក់ទងទៅនោះ នាង និងប្តី បែរជាជិះម៉ូតូចេញពីផ្ទះសំណាករត់គេចពីក្រុមអាជ្ញាធរ ហើយត្រូវកម្លាំងអាជ្ញាធរ ដេញតាមគៀកជាបន្តបន្ទាប់ រហូតដល់ក្នុងបរិវេណវត្តស្ទឹងមានជ័យ ទើបពួកគេព្រមឈប់ ហើយក្រុមគ្រូពេទ្យក៏បានណែនាំអោយស្ត្រីរូបនោះ ឡើងរថយន្តសាម៉ុយ ដើម្បីទៅសម្រាកព្យាបាលផងដែរ ។

ចំពោះបុរសជាប្តី ត្រូវបានអាជ្ញាធរណែនាំអោយទៅធ្វើសំណាកផងដែរ ព្រោះរូបគេ មានការប៉ះពាល់ផ្ទាល់ជាមួយប្រពន្ធ ។ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ក៏សុំធ្វើការអំពាវនាវ ទៅដល់បងប្អូនពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមេត្តាទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា ពិសេស គឺវ៉ាក់សាំងដូសទី៣ និងទី៤ ដែលប្រសិនប្រសិនបើបងប្អូនបានចាក់គ្រប់ចំនួនហើយនោះ គឺវានឹងជួយការពារបងប្អូនបានច្រើនបំផុតពីការឆ្លងដ៏ជម្ងឺដ៏កាចសាហាវមួយនេះ ៕




ចែករំលែកព័តមាននេះ