ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡោមព័ទ្ធសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត បានចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ ជាជនជាតិចិន ចំនួន ៦នាក់ ពាក់ព័ន្ធនឹងបទល្មើស ចាប់ជម្រិតទារប្រាក់។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤ និង ៣០នាទី ល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត ដែលស្ថិតនៅផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣គ្រឿង និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានមកដល់សណ្ឋាគារ ដែលមានយីហោ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត មួយកន្លែងខាងលើ។ ភ្លាមនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បាននាំគ្នា ធ្វើការឡោមព័ទ្ធជុំវិញ និងសម្រុកបុកចូលទៅក្នុងកន្លែងខាងលើ យ៉ាងប្រញ៉ាប់ប្រញ៉ាល់។
ប្រភពដដែល បានប្រាប់បន្តថា ក្នុងពេលដែលកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ នាំគ្នាមកឡោមព័ទ្ធ និងបុកចូលក្នុងសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត ដោយគេមិនបានដឹងថា ជាប្រតិបតតិ្តការអ្វីឡើយ? លុះដល់ពេលដែលកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យ នៅក្នុងសណ្ឋាគារ និងក្លឹបកម្សាន្តខាងលើ អស់រយៈពេលជាង ១ម៉ោងរួចមក ទើបបានឃើញនាំខ្លួនបុរសជាជនសង្ស័យជាជនជាតិចិន ចំនួន ៦នាក់ ចេញមកខាងក្រៅ បណ្តើរដាក់ក្នុងរថយន្ត និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អស់បាត់ទៅ។
ប្រភពព័ត៌មានខាងក្រៅ បានប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ដោយសង្ស័យពាក់ព័ន្ធទៅនឹងករណីចាប់ជំរិតទារប្រាក់៕ ភី ផល
ចែករំលែកព័តមាននេះ