រាជធានីភ្នំពេញ ៖ រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង ។ នេះបើតាមមូលនិធិគន្ធបុប្ផាកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជាបានផ្សាយ ។

ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់ ។ នេះបើតាមព័ត៌មានពិតនៃតួលេខនៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥ ។
ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ១០ម៉ឺននាក់ ក្នុងនោះចំនួន៩២១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ២២ ៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាមចំនួន៣ ៩១៨នាក់ ។

ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន៨ ៩៣៣នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល ។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនបានលើស្ត្រីចំនួន ១ ៦០២នាក់ ។
មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើងសម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា ។
គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បាន ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា ។
ជានិច្ចកាលលោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា ។

លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថា គឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕
ចែករំលែកព័តមាននេះ