ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ដេរ​កាបូបដួល​សន្លប់​ជា​បន្តបន្ទាប់​រហូត​ដល់​ជិត​៨០​នាក់

2 ឆ្នាំ មុន
  • តាកែវ

កម្មករ​រោងចក្រ​ដេរ​កាបូប​យីហោ​ «​ហា​ធ័​រ​» ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំ កក់ ចំនួន​៧៩​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់

ខេត្តតាកែវ ៖ កម្មករ​រោងចក្រ​ដេរ​កាបូប​យីហោ​ «​ហា​ធ័​រ​» ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំ កក់ ចំនួន​៧៩​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ និង​បង្ក​ឱ្យ​មានការ​ចលា ចល​នៅ​ក្នុង​រោងចក្រ ​ដែល​មាន​កម្មករ​រាប់រយ​នាក់​ភ័យ​ស្លន់ស្លោ ។ នេះ​ជា​លើ​ដំបូង​ហើយ​នៅ​ដើមឆ្នាំ​២០២២​នេះ ដែល​មាន​កម្មករ​ដួល​សន្លប់​ ដែល​ហេតុការណ៍​បែប​នេះ​ហាក់​មានការ​ថយ​ចុះ​កាលពី​ចុងឆ្នាំ​២០២១ ។

បើតាម​លោក ម៉ឹង វី​រី​យា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត ​បាន​ថ្លែង​ថា ពិតជា​មានកម្ម​ករ​ដួល​សន្លប់​មែន​នៅ​រោងចក្រ​ខាងលើ តែ​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​ លោក​មិន​ទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់​តែ​កម្មករ​ខ្លះ​បាន​ប្រាប់​ពី​អាកា​រៈថា ពួក​គេ​មាន​សភាព​ធេងធោង​ និង​វិលមុខ​រកកល់​ដួល​ពេល​កំពុង​​តែ​ធ្វើ​ការ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា កម្មករ​ដែល​ដួល​សន្លប់​ទាំងអស់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​​អង្គរកា ហើយ​ស្ថាន​ភាព​ជំងឺ​របស់​ពួក​គេ​បាន​វិល​ត្រឡប់​មក​រកសភាព​ល្អ​ប្រសើរ​ជា​បណ្ដើ​ៗ​វិញ​ហើយ ហើយ​អាជ្ញាធរ មន្ត្រី​សុខាភិបាល ​និង​មន្ត្រី​មន្ទីរ​ការងារ​កំពុង​តែ​​ចុះ​ទៅ​ដល់ទី​តាំង​រោងចក្រ​ ដើម្បី​ពិនិត្យ​រក​មើល​រក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​។

លោក​វេជ្ជ​បណ្ឌិត នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល ក៏​​បាន​ថ្លែង​អោយ​ដឹង​ថា ការ​ដួល​សន្លប់​របស់​បងប្អូន​កម្ម​ករ​នៅ​រោងចក្រ​ខាងលើ​ គឺ​បណ្ដាល​មក​ពី​ធំក្លិន​ជ័រ​នៅ​ជិត​រោងចក្រ ហើយ​បញ្ហា​នេះ ​មន្ត្រី​បាន​ណែនាំ​អោយ​ខាង​រោង​ចក្រ​យក​ជ័រ​ដែល​ធំក្លិន​ចេញពី​ជិត​ទីតាំង​រោងចក្រ​ហើយ​។

បន្ទាប់​ពី​កើតហេតុ​​​ករណី​កម្មករ​ដួល​សន្លប់​ភ្លាម​ៗ សាខា​កាកបាទក្រហម​ខេត្តតាកែវ មន្ត្រី​ក៏​បាន​​ចុះ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​មួយ​ចំនួន​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ ហ៊ុន ​សែន ចែក​ជូន​បងប្អូន​កម្មករ​ដែល​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរកា​ ស្ថិត​ក្នុងស្រុក​ត្រាំកក់​ផង​ដែរ​។ ហើយ​មក​ដល់​ពេល​​នេះ កម្មករ កម្ម​ការី​នី បាន​ធូរ​​ស្រាល​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​មក​ដល់​ល្ងាច​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ