ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង ​និង​អា​មេ​រិ​ក ​មិន​គ្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​​ប្រឆាំង​មី​ស៊ី​ល ​THAAD ១​ទៀត​ឡើយ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ​និង​សហរដ្ឋ​អាមេ​រិក​ មិន​គ្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​ការ​ពារ​ប្រឆាំង​មី​ស៊ី​ល ដែល​អាច​បា.ញ់​បាន​​ខ្ពស់​ THAAD មួយទៀត​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​ឡើយ​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង ​និង​សហរដ្ឋអាមេរិក​ មិន​គ្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ដែល​អាច​បាញ់​បាន​ខ្ពស់​ THAAD មួយទៀត​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​ឡើយ​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៧​ ខែកុម្ភៈ របស់​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​ពេល​មានការ​ដេញដោល​គ្នា លើ​បញ្ហា​នេះ ខណៈ​ជិត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​៩​មីនា​ខាង​មុខ​នេះ​។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខា​ត្បូង លោក​ BOO SEUG CHAN បាន​​គូសបញ្ជាក់​ពី​រឿង​នោះ បន្ទាប់​ពី​សេច​ក្ដីរាយការណ៍​មួយ​របស់​សារព័ត៌មាន​ដែល​ថា មានការ​ស្រាវជ្រាវ​មួយ​ចូលរួម​ដោយ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៥ ដែល​លើក​ពី​ភាព​ចាំបាច់​សម្រាប់​កងទ័ព​កូរ៉េ​ខាងត្បូង ធានា​ផលិត​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​បែប​ធុន​ THAAD ដោយ​ខ្លួនឯង​ផ្ទាល់ បន្ថែម​លើ​ប្រព័ន្ធ​បច្ចុប្បន្ន​ដែល​ប្រើ​ដោយ​កងទ័ព​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​។

អ្នកនាំពាក្យ​រូប​នោះ​បន្ត​ទៀត​ថា ទាក់ទិន​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ THAAD​ មួយទៀត កូរ៉េ​ខាងត្បូង ​និង​សហ​រដ្ឋអាមេរិក មិន​គ្រោង​ឲ្យ​មានការ​ដាក់​ពង្រាយ​ថ្មី​ឡើយ​។ លោក​គូសបញ្ជាក់​ថា ​កងទ័ព​កូរ៉េ​ខាងត្បូង កំពុង​តែ​ផលិត​ប្រព័ន្ធ​មី​ស៊ី​ល​ស្ទាក់​កម្ទេច​របស់​ខ្លួន​ផ្ទាល់​ដែល​មានឈ្មោះ​ថា L-SAM សម្រាប់​ជា​ខែល​ការពារ​ប្រឆាំង​មី​ស៊ី​ល​ពហុ​ស្រទាប់​។

ប្រ​ព័ន្ធ ​THAAD បាន​ក្លាយជា​បញ្ហា​ដ៏​ក្ដៅ​គគុក​មួយ ក្នុង​ដំណាក់កាល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ខណៈ​លោក​ YOON SUK YEOL បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​អំណាច​ប្រជាជន ជា​គណបក្សប្រឆាំង​ធំ​ជាងគេ បាន​សន្យា កាលពី​ខែ​មុន​ថា​ នឹង​ធ្វើការ​សម្រាប់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ ​THAAD ​មួយ​បន្ថែម​ទៀត បន្ទាប់​ពី​ការ​សាកល្បង​មី​ស៊ី​ល​​មួយ​ចំនួន​របស់​កូរ៉េ​ខាងជើង​។ ចំណែក​លោក ​LEE JAE MYUNG បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច បាន​ព្រមាន​ប្រឆាំង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​នោះ​ថ្មី​មួយទៀត ដោយ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នោះ​នឹង​អាច​បណ្ដាល ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​ចិន ដែល​ជា​ដៃគូ​ពា​ណិ​ជ្ច​កម្ម​ធំ​បំផុត​របស់​កូរ៉េ​ខាងត្បូង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna