ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ចិន​ព្រមាន​ពី​ជម្លោះ​យោធា​រវាង​ចិន និង​អា​មេ​រិ​ក បើ​តៃវ៉ាន់​ឯករាជ្យ

2 ឆ្នាំ មុន

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ធ្វើការ​ព្រមាន​ថា ចិន និង​អា​មេ​រិ​ក ​អាច​នឹង​មាន​ជម្លោះ​យោធា​នឹង​គ្នា ប្រ​សិន​អា​មេ​រិ​ក​ជំរុញ​ឲ្យ​មាន​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​ ។ «​ខ្ញុំ​សូម​បញ្ជាក់​លើ​បញ្ហា​នេះ​។ បញ្ហា​តៃវ៉ាន់​គឺជា​ប្រអប់​រំសេវ​ដ៏​ធំ​បំផុត​រវាង​ចិន និង​អា​មេ​រិ​ក​» ​។…

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ធ្វើការ​ព្រមាន​ថា ចិន និង​អា​មេ​រិ​ក ​អាច​នឹង​មាន​ជម្លោះ​យោធា​នឹង​គ្នា ប្រ​សិន​អា​មេ​រិ​ក​ជំរុញ​ឲ្យ​មាន​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​ ។

«​ខ្ញុំ​សូម​បញ្ជាក់​លើ​បញ្ហា​នេះ​។ បញ្ហា​តៃវ៉ាន់​គឺជា​ប្រអប់​រំសេវ​ដ៏​ធំ​បំផុត​រវាង​ចិន និង​អា​មេ​រិ​ក​» ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកអគ្គ​រដ្ឋ​ទូ​ចិន Qin Gang ថ្លែងប្រាប់​វិទ្យុ​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​​​។

លោក​និយាយ​ថា«ប្រ​សិន​អាជ្ញាធរ​តៃវ៉ាន់​ដែល​គាំទ្រ​ដោយ​អា​មេ​រិ​ក បន្ត​ដើរ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ឯករាជ្យ វា​ទំនងជា​នឹង​ធ្វើ​ឲ្យ​ចិន និង​អា​មេ​រិ​ក​មាន​ជម្លោះ​យោធា»​។

ជុំវិញ​ការ​ថ្លែង​របស់​អ្នកការទូត​នេះ ក្រសួងការបរទេស ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​មន្ទីរ​បញ្ចា​កោណ​អា​មេ​រិ​ក​មិន​ទាន់​មានការ​ឆ្លើយ​តប​ឡើយ​។

ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន Wang Yi បាន​ធ្វើការ​ពិភាក្សា​គ្នា​ពី​វិបត្តិ​អ៊ុយ​ក្រែ​ន​។

សូម​រម្លឹក​ថា មហា​យក្ស​ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ខ្លួន និង​បាន​ប្តេជ្ញា​ចិត្ត​រួបរួម​ជាមួយ​តៃវ៉ាន់​វិញ​នា​ពេល​អនាគត​។ ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់​ប្រកាស​ថា តៃវ៉ាន់​គឺជា​រដ្ឋ​អធិបតេយ្យភាព និង​ប្តេជ្ញា​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​ទឹកដី និង​ប្រជាជន​។

ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់​កំពុង​ឡើងក​ម្តៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នោះ ដោយ​ចិន​បាន​បញ្ជូន​យន្តហោះ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់​ស្ទើរតែ​រាល់ថ្ងៃ​។

ទោះបី​អា​មេ​រិ​ក​មិន​មាន​ទំនាក់​ទំនងជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ក្តី អា​មេ​រិ​ក​គឺជា​អ្នកគាំទ្រ និង​ផ្គត់​ផ្គង​អា​វុ​.​ធ​ដល់​កោះ​តៃវ៉ាន់​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ១៩៤៩ ក្រោយ​ពេល​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ