ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុងរកមូលដ្ឋានវាយតម្លៃ និងរៀបផែនទី ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បាន​កំពុង​ស្វែងរក​មូលដ្ឋាន​ក្នុង​ការ​វាយតម្លៃ និង​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ ព្រមទាំង​ពេលវេលា​ច្បាស់លាស់​សម្រាប់​ប្រទេស​ទី​ម័​រ​ខាងកើត ចូល​ជា​សមាជិក​អាស៊ាន ។ ការ​បញ្ជាក់​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បាន​កំពុង​ស្វែងរក​មូលដ្ឋាន​ក្នុង​ការ​វាយតម្លៃ និង​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ ព្រមទាំង​ពេលវេលា​ច្បាស់លាស់​សម្រាប់​ប្រទេស​ទី​ម័​រ​ខាងកើត ចូល​ជា​សមាជិក​អាស៊ាន ។

Picture

ការ​បញ្ជាក់​នេះ ខណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ស្តេច​បាន​លើក​ឡើង​ថា​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ។

Picture

ក្នុង​ជំនួប​នោះ លោក​ជំទាវ Adaljiza Albertina Xavier Reis Magno បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាត់ការ​របស់​កម្ពុជា ឈរ​លើ​បញ្ហា​ទប់ស្កាត់ ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ជា​វ៉ាក់សាំង​កូ​វី​ដ​១៩ និង​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ ការពារ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដល់​ប្រទេស​ទី​ម័​រ​ខាងកើត ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​ក៏​បាន​គោរព​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វីរភាព​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ និង​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ដែល​នាំ​អោយ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​សេរីភាព និង​អភិវឌ្ឍ​ជឿនលឿន ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ​ក៏​បាន​គោរព​ស្នើ​សុំ​សម្តេច​តេ​ជោ បញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា​អំពី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ចូលខ្លួន​ទៅ​ក្នុង​អង្គការ WTO, ការ​ចូលខ្លួន​ទៅ​ក្នុង​សមាជិក​សហគមន៍​អាស៊ាន និង​បាន​គោរព​ស្នើ​សុំ​សម្ដេច​តេ​ជោ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ជួយ​ប្រទេស​ទី​ម័​រ​ឡេ​ស្ត ដើម្បី​បាន​ចូល​ជា​សមាជិក​អាស៊ាន ហើយ​ក៏​បាន​គោរព​ស្នើ​សុំ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ​ដែរ ដើម្បី​ធ្វើការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ។

Picture

ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក​ជំទាវ​ដែល​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​ជូន​ចំពោះ​សម្តេច ។

សម្ដេច​តេ​ជោ បាន​កោតសរសើរ​ចំពោះ​ភាព​ជោគជ័យ​របស់​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ចំពោះ​សំណើ​របស់​ទី​ម័​រ​ខាងកើត​សុំ​ចូល​ជា​សមាជិក​អាស៊ាន សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​សម្រាប់​កម្ពុជា​តែងតែ​គាំទ្រ​ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​ទី​ម័​រ​ខាងកើត ហើយ​ចំពោះ​មុខ​នេះ សម្ដេច​តេ​ជោ ក៏​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​បន្ត​ជំរុញ​សសរស្ដម្ភ​សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​អាស៊ាន ខិតខំ​រៀបចំ​បេសកកម្ម​ស្វែងរក​ការ​ពិត​នៅ​ទី​ម័​រ​ខាងកើត​អោយ​បាន​ឆាប់ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​វាយតម្លៃ និង​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ ព្រមទាំង​ពេលវេលា​ច្បាស់លាស់​សម្រាប់​ប្រទេស​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន » ។

ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​សម្ដេច​តេ​ជោ​បាន​ស្វាគមន៍​ក្នុង​ការ​បញ្ជូន​អ្នកបច្ចេកទេស​មក​កម្ពុជា ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ការ​ចូល​ជា​សមាជិក​អង្គការ WTO ចូល​ជា​សមាជិក​អាស៊ាន ហើយ​ក៏​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា ដើម្បី​រិះរក​វិធី​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឡើង​វិញ ជា​ពិសេស​ជំរុញ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ ។

សម្ដេច​តេ​ជោ ក៏​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ទី​ម័​រ​ខាងកើត​ពិនិត្យ​ចាប់ផ្ដើម​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ គឺ​ការ​ចាប់ផ្តើម​លើ​វិស័យសេដ្ឋកិច្ច​ក្នុង​ការ​ចាប់​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ហើយ​ករណី​ការ​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​នេះ សម្តេច​តេ​ជោ​ក៏​មាន​ប្រសាសន៍​ថា អ្នក​វិនិយោគ​របស់​ទី​ម័​រ​ខាងកើត​អាច​មក​វិនិយោគ​ទាំង​ខាង​ម៉ាស៊ីន​ស្រូវ​ទាំង​ខាង​ឃ្លាំង​ស្តុក​ស្រូវ និង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​នាំ​ចេញ ដើម្បី​ជា​ស្ថិរភាព​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ទៅ​កាន់​ប្រទេស​ទី​ម័​រ​ខាងកើត ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ទី​ម័​រ​ខាងកើត ពិចារណា​លើ​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ជា​ពិសេស​ពិនិត្យ​ឲ្យ​មាន​កិច្ចសន្យា និង​កិច្ចព្រមព្រៀង​គាំពារ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​ទាំង​ពីរ និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក៏​បាន​សូម​ផ្ញើ​ជូន​នូវ​ការ​សួរសុខទុក្ខ​ដល់​ថ្នាក់ដឹកនាំ​ឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ហើយ​ក៏​បាន​ជូន​សូម​ឲ្យ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​របស់​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃ​ទី​១៩ ខែ​មិ​នា​ឆ្នាំ ២០២២ ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ ៕