ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះឃ្លាំង​អេត​ចាយ នៅព្រៃនប់​ ខូចខាត​សម្ភារៈ​អស់ជាច្រើន

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ គ្រោះអគ្គិភ័យ បានឆេះឃ្លាំងអេតចាយ​ សង់អំពីដែក ប្រក់ស័ង្កសី នៅស្រុកព្រៃន​ប់ បណ្តា​ល​​ឲ្យខូចខាត​សម្ភារៈ​អស់ជាច្រើន។ ហេតុការណ៍នោះ កើតឡើង កាលពីម៉ោង…

ខេត្តព្រះសីហនុ៖ គ្រោះអគ្គិភ័យ បានឆេះឃ្លាំងអេតចាយ​ សង់អំពីដែក ប្រក់ស័ង្កសី នៅស្រុកព្រៃន​ប់ បណ្តា​ល​​ឲ្យខូចខាត​សម្ភារៈ​អស់ជាច្រើន។ ហេតុការណ៍នោះ កើតឡើង កាលពីម៉ោង ១រសៀល ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២២ នៅភូមិចំណោត​រាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ អោយដឹងថា​ ឃ្លាំងអេតចាយ ​១ខ្នង ដែលឆេះនោះ សង់អំពីដែក ប្រក់ស័ង្កសី មានទទឹង ៩ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ ជាកម្មសិទ្ធិ​របស់ឈ្មោះ នួន សារឹម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ក្នុងភូមិ/ឃុំ​កើត​ហេតុ​ខាង​លើ​។ ករណី​នេះ គេ​មិនទាន់ដឹងមូលហេតុច្បាស់លាស់​នៅ​ឡើយទេ​។

លោកអធិការ បានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ហឹង សោភី ត្រូវជា​កូនម្ចាស់ឃ្លាំង បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់​កំពុងតែហូបបាយនៅផ្ទះរបស់នាង នៅ​កន្លែងផ្សេងទៀត នៅជិតផ្ទះកើតហេតុ។​ ពេលនោះ រូ​បគាត់​​​ក៏បា​នដើរ​ចេញពី​ក្រៅ​ផ្ទះ ហើយឃើញមានផ្សែង កំពុងហ៊ុយចេញពីឃ្លាំងអេតចាយរបស់គាត់ ភ្លាមនោះ គាត់បានជិះម៉ូតូ​ទៅមើល ពេលមកដល់ ក៏បានឃើញមានអគ្គិភ័យឆាបឆេះរួចហើយ បន្ទាប់មក ក៏បានស្រែកហៅអ្នកនៅជិតខាង មកជួយពន្លត់។ រួចគាត់ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីជួយពន្លត់តែម្ដង។

លោកអធិការបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ លី ប៊ុនឡាយ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ​ជន​ពិការ ជាប្រជាពលរដ្ឋ បានបញ្ជាក់ថា នៅមុនពេលកើត គាត់កំពុងដេកនៅក្នុងផ្ទះ ប៉ុន្ដែដេកមិនទាន់លក់ទេ រួចក៏បានលឺសូរ​សំឡេងខ្យល់វ៉ូៗ ហើយឃើញមានផ្សែងចូលមកក្នុងផ្ទះរបស់គាត់ជាច្រើន បន្ទាប់មក គាត់ក៏ស្រែកហៅអោយគេជួយ ប៉ុន្ដែ​គ្មានអ្ន​កលឺ​ទេ ​លុះមួយសន្ទុះក្រោយមក ស្រាប់តែក្មួយរបស់ខ្ញុំឈ្មោះ ភាស់ បានចូលទៅបីគាត់ ចេញពីក្នុងផ្ទះ​តែម្ដង។

​ឈ្មោះ នន ឌុល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ បានបញ្ជាក់ថា នៅមុនពេលកើត គាត់កំពុងអង្គុយហូប​បាយនៅផ្ទះ ក៏បានឃើញផ្សែងហ៊ុយចេញពីផ្ទះកើតហេតុ រួចគាត់ទាញទុយោបាញ់ទឹក ដើម្បីជួយពន្លត់។

ករណីអគ្គិ​ភ័យខាងលើ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។ តែខូចខាតសម្ភារៈ រួមមាន ១.ម៉ាស៊ីនគ្រីបអេតចាយ​ចំនួន ០១គ្រឿង ២.ក្រដាស់ កាតុង នឹង ក្រដាស់បំពង់ ប្រហែល១៥តោន ៣.ប៊ីដុង ជ័រចំនួន ១០០០កាដុង ៤.ថង់ផ្លាស្ទីក ៣តោន ៥.សំឡីឡែន ចំនួន ៣តោន ៦.ក្រណាត់ប្រហែល ២តោន​។

 ភ្លាមៗ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកអធិការផ្ទាល់ បានយករថយន្តពន្លត់អគ្គិភ័យរបស់​អធិការ​ដ្ឋាន ចំនួន ០១គ្រឿង ​រថយន្ដពន្លត់អគ្គិភ័យស្នងការដ្ឋាន ចំនួន ០៤គ្រឿង និង រថយន្ដពន្លត់អគ្គិភ័យ ង៧០ ចំនួន ០២គ្រឿង បាញ់ទឹកអស់ចំនួន ១២ រថយន្ត រលត់ទាំងស្រុង៕ ហ៊ុយ ​ចាន់ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ