រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានបានបញ្ជាក់ថា ស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ ខណៈឧបករណ៍ត្រួតពិនិត្យជាច្រើនបានដាក់នៅតាមរាជធានី-ខេត្ត ។
![Picture]()
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីផែនការខ្យល់ស្អាតកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់ និងពិភពលោកដែលផលប៉ះពាល់របស់វាមិនអាចកំណត់បាននោះទេ ហើយបញ្ហានេះមិនអាចចាត់ទុកថា ជាបញ្ហារបស់ប្រទេសណាមួយនោះទេ ប៉ុន្តែវាជាបញ្ហារួមសម្រាប់តំបន់ និងពិភពលោកដែលទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់ភាគី ។
![Picture]()
មន្ត្រីដដែលថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ តើតាមការវិភាគរបស់អ្នកជំនាញក្រសួងបរិស្ថានតាមរយៈឧបករណ៍ដែលបានដាក់ត្រួតពិនិត្យ ។ ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាន នៅក្នុងតំបន់ និងពិភពលោកដែលផលប៉ះពាល់របស់វាមិនអាចកំណត់បាន ។
វិសាលភាពនៃផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេង ដោយសារតែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយ និងអាចបង្កឱ្យមានការបំពុលឆ្លងដែន ។
ការបំពុលខ្យល់មិនអាចចាត់ទុកថា ជាបញ្ហារបស់ប្រទេសណាមួយនោះទេប៉ុន្តែវាជាបញ្ហារួមសម្រាប់តំបន់ និងពិភពលោកដែលទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់ភាគី ។
![Picture]()
មន្ត្រីថា ប្រភពធំបំផុតនៃការបំពុលបរិយាកាស និងការបំពុលអាកាសធាតុរយៈពេលខ្លីនៅកម្ពុជា គឺពីវិស័យគមនាគមន៍ ផលិតអគ្គិសនី ការបំពុលពីដំណើរការឧស្សាហកម្ម និងវិស័យលំនៅដ្ឋាន ។
ការតាមដានទៅលើប្រភពនៃការបំពុលបរិយាកាសសំខាន់ៗបង្ហាញថា វិស័យលំនៅដ្ឋាន គឺជាប្រភពធំបំផុតនៃ PM2.5 និងកាបូនខ្មៅបន្ទាប់ពីការផលិតធ្យូង និងវិស័យគមនាគមន៍ ។ ខណៈដែលវិស័យគមនា គមន៍ត្រូវបានរួមចំណែកយ៉ាងខ្លាំងចំពោះការបញ្ចេញឧស្ម័នអាសូតអុកស៊ីត (NOx) កាបូនម៉ូណូអុកស៊ីត (CO) និងឧស្ម័នកាបូនិច (CO2) ការផលិតអគ្គិសនី គឺជាការរួមចំណែកទី២ នៃឧស្ម័នកាបូនិក បន្ទាប់ពីវិស័យឧស្សាហកម្ម ។ប្រភពសំខាន់នៃស្ពាន់ធ័រឌីអុកស៊ីត (SO2) គឺមកពីការផលិតអគ្គិសនី និងឧស្សាហកម្ម ។
![Picture]()
បើតាមក្រសួងបរិស្ថានបានឲ្យដឹងថា ស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័របានរៀបចំដំឡើងឧបករណ៍ និងស្ថានីយ ចាប់ពីឆ្នាំ២០១៧ ដល់បច្ចុប្បន្នបានចំនួនសរុប៥១ទីតាំង (រាជធានីភ្នំពេញ ១៤ទីតាំង និងនៅតាមបណ្ដាខេត្ត៣៧ទីតាំង) ។
អត្ថប្រយោជន៍ជាច្រើននៃការកាត់បន្ថយការបំពុលខ្យល់ ការបញ្ចេញសារធាតុបំពុលខ្យល់ទៅក្នុងបរិយាកាសអាចបណ្តាលឱ្យមានផលប៉ះពាល់ជាច្រើនរួមមាន ផលប៉ះពាល់ចំពោះសុខភាពមនុស្ស អាកាសធាតុ និងបរិស្ថាន៕
ចែករំលែកព័តមាននេះ