ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មជាតិ​ព្រំដែន​កម្ពុជា​-​ថៃ​ ៖​ មាន​ទាំង​ភ្នំ សំឡេង​សត្វ​ស្លាប​ និង​ទឹក​ហូរ​លាយឡំ​គ្នា

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖​ បើ​គេ​ធ្វើ​ដំណើរ​ចេញពី​កណ្តាល​ក្រុងប៉ៃលិន ក្នុង​ទិស​ដៅ​ពី​កើត​ឆ្ពោះទៅ​ខាងលិច​ឈាង​ខាងត្បូង ដែល​មាន​ចម្ងាយ​ប្រមាណ​ ២០​ គីឡូម៉ែត្រ ដល់​កន្លែង​មួយ​ជាប់​នឹង​ព្រំដែន​កម្ពុជា ថៃ ស្ថិត​នៅ​ចំណុច​ទុ​រ៉េ​ន…

ខេត្ត​ប៉ៃលិន ៖​ បើ​គេ​ធ្វើ​ដំណើរ​ចេញពី​កណ្តាល​ក្រុងប៉ៃលិន ក្នុង​ទិស​ដៅ​ពី​កើត​ឆ្ពោះទៅ​ខាងលិច​ឈាង​ខាងត្បូង ដែល​មាន​ចម្ងាយ​ប្រមាណ​ ២០​ គីឡូម៉ែត្រ ដល់​កន្លែង​មួយ​ជាប់​នឹង​ព្រំដែន​កម្ពុជា ថៃ ស្ថិត​នៅ​ចំណុច​ទុ​រ៉េ​ន ​២ ​ដើម ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ​។​

នៅ​ទី​នេះ​មាន​ទេសភាព​ធម្មជាតិ​ស្រស់បំព្រង ជា​តំបន់​ព្រៃ​ភ្នំ ដែល​បាន​បញ្ចេញ​ពណ៌​ខៀវស្រងាត់ អម​ទៅ​ដោយ​ទឹកអូរ​ថ្លាយង់​ហូរ​រឹម​ៗ​ឥត​ដាច់ ធ្លាក់​មក​ពី​ប្រទេស​ថៃ​មក ​។ សូរ​សំឡេង​ទឹកធ្លាក់​បាន​លាយ​លំនឹងសំឡេង​សត្វ​រៃកណ្តឹង​យំ​រំពង ប្រណាំង​ដោយ​សំឡេង​បក្សា​ស​ប្សី មាន​សត្វ​តា​វ៉ៅ​ជាដើម បាន​ស្រែកយំ​ឆ្លង​ឆ្លើយ​គ្នា​កងរំពង​ពេញ​ព្រៃ​ ។

សម្រស់​ទេសភាព​ដែល​ឃើញនឹងភ្នែក ឭ​ដោយ​ត្រចៀក​នូវ​សំឡេង​ទឹក​ហូរ និង​សំឡេង​សត្វ​យំ​នេះ បាន​អង្រួន​បេះដូង​ភ្ញៀវ​ទេសចរ អ្នក​ធ្វើ​ដំណើរ​ដែល​បាន​ទៅ​ដល់​ទៅ​នោះ​ហើយ មិន​ចង់​ឈាន​ជើង​ចាកចេញ​ឡើយ ​។ ជា​ទូទៅ​មិន​ថា ​អ្នក​ភូមិ និង​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ នៅ​ពេល​ឆ្លងកាត់​ទីនោះ តែងតែ​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយបន្ធូរ​អស់​ភាព​តានតឹង​ ។

លោក ហាន ភេទ​ប្រុស អាយុ​ ៦០ ​ឆ្នាំ ពលរដ្ឋ​រស់នៅ​ចំណុច​ទុ​រ៉េ​ន​ពីរ​ដើម​នេះ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ក៍​ដូច​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាន​ផ្សេង​ៗ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ដែល​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​រថយន្ត ចេញពី​ភូមិ​ផ្សារ​ព្រំ ​និង​ភូមិ​នានា​ក្នុង​ក្រុងប៉ៃលិន មក​លេង​កម្សាន្ត​មើល​ទេសភាព​ព្រៃ​ភ្នំ នៅ​ទីនោះ​ជា​ហូរហែ ​។

អ្នក​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ព្រៃឈើ​ទាំងនេះ ពិតជា​ផ្តល់​ប្រយោជន៍​ច្រើន សម្រាប់​មនុស្ស ជា​ពិសេស​បាន​បញ្ចេញ​នូវ​ទេសភាព​ពណ៌​ខៀវខ្ចី​ទាក់ភ្នែក បង្កើត​បានជា​ទេសភាព​ស្រស់​ស្អាត​ធ្វើ​ឲ្យ​មនុស្សជាតិ​មាន​អារម្មណ៍ល្អ ជា​កន្លែង​សម្រាប់​ឱ្យ​សត្វ​គ្រប់​ប្រភេទ​រស់នៅ​ចិញ្ចឹមជីវិត​យ៉ាង​សុខសាន្ត​ទៀត​ផង ​។

ក្រឡេក​មើល​ទឹកអូរ​តាម​ដងអូរ​ពី​ព្រំដែន​កម្ពុជា ថៃ ដែល​ហូរ​មិន​ដាច់​នោះ​វិញ​មាន​ថ្លាយង់ ត្រជាក់ស្រេង សម្បូរ​ទៅ​ដោយ​ហ្វូង​មច្ឆា​តូច​ធំ​ ។ ទឹកអូរ​នេះ​មិន​ធ្លាប់​រីងស្ងួត​នោះ​ឡើយ ពោល​គឺ​ហូរ​ចូល​ស្ទឹង​ប​រយ៉ា​ខា​ខួប​ប្រាំង​វស្សា ដែល​ជា​អំណោយផល​សម្រាប់​កសិករ មាន​ដីចម្ការ​នៅ​ក្បែរ​មាត់​អូរ អាច​នាំ​គ្នា​បូមទឹក​ស្រោចស្រព​ដំណាំ​ដាំ​ដុះ​របស់​ខ្លួន​យ៉ាង​ងាយស្រួល ​។ លើស​ពី​នេះ ពេល​គេ​ចុះ​ទៅ​ងូត​លេង​ធ្វើ​ឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ត បំបាត់​នូវ​ភាព​ហ្មងសៅ​ផ្សេង​ៗ ថែម​ទាំង​ផ្តល់​នូវ​ថាមពល​ក្នុង​ខ្លួនមួយក្រ​មិត​ទៀត​ផង​ ។

ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវលំ​ក្បែរ​ដងព្រៃ​ភ្នំ​នេះ ពិតជា​ទទួល​បាន​អារម្មណ៍​រីករាយ បាន​គយគន់​សម្រស់​ធម្មជាតិ បំបាត់​នូវ​ក្តី​កង្វល់ ផ្តល់​នូវ​ថាមពល​បន្ថែម​ទៀត ទោះបីជា​នៅ​វេលា​ថ្ងៃត្រង់ ផ្ទៃមេឃ​ហាក់ដូចជា​ក្តៅ​បន្តិច​យ៉ាងណា​ក្តី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ