ខេត្តកំពត ៖ ជនជាតិវៀតណាមប្រមាណ៣៦នាក់ បានលួចបើកល្បែងសុីសងតាមអនឡាញនៅក្រុងកំពត ត្រូវបានចាប់បញ្ជូនទៅកាន់ប្រទេសខ្លួនវិញ នៅថ្ងៃទី២២ មករា ២០២២ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២២ មករា បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាន ជុំវិញការចាប់ខ្លួនជនជាតិវៀតណាមដែលមកលួចបើកល្បែងតាមអនឡាញនៅក្នុងក្រុងកំពតថា ជាជនជាតិវៀតណាមទាំងនេះ មានស្រីមានប្រុសចំនួន៣៦នាក់ ត្រូវបាននគរបាលបបង្ក្រាបកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលបានបន្តថា ពួកគេទាំង៣៦នាក់មកស្នាក់នៅក្នុងក្រុងកំពតនេះ មិនមានច្បាប់អ្វីទាំងអស់ ហើយថែមទាំងលួចបើកល្បែងសុីសងតាមអនឡាញទៀតផង ។ លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នគរបាលបានបញ្ជូនខ្លួនជនជាតិវៀតណាមអត់ច្បាប់ទាំងនោះ ទៅកាន់ប្រទេសខ្លួនវិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ។

មហាជនក្នុងខេត្តឆ្ងល់…តើវៀតណាមមួយសម្បុកធំនេះ ចូលមកស្នាក់នៅអត់ច្បាប់តាមច្រកណា ? កោតសមត្ថកិច្ចយើង…គឺទាល់តែគេរកស៊ីលួចបើកល្បែងអត់ច្បាប់ទើបដឹងថា ពួកគេលួចស្នាក់នៅអត់ច្បាប់…ហេ ! ហេ !
ចែករំលែកព័តមាននេះ