រាជធានីភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តសម្ញែងភាពសិចស៊ីនាង ដេនី ក្វាន់ បានប្រកាសដំណឹងពីគម្រោងរៀបចំមង្គលការរបស់ខ្លួននៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីនាងទើបបានបង្ហាញមុខបុរសដែលជាអនាគតស្វាមីកាលពីពេលថ្មីៗនេះ។
ដំណឹងនេះ ត្រូវបាន ដេនី ក្វាន់ ប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ខណៈពេលគម្រោងរបស់នាងនាពេលនេះ ក៏ទទួលបានការគាំទ្រពីប្រិយមិត្តគាំទ្រផងដែរ។ យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើ ដេនី ក្វាន់ នឹងកំណត់ពេលវេលាជាក់លាក់ណាមួយក្នុងការរៀបចំមង្គលរបស់នាងនៅឡើយទេ? ប៉ុន្តែតារារូបនេះ បានបញ្ជាក់ពីជំហរខាងលើនេះថា គឺជាការពិត។
ជាការកត់សម្គាល់ តារាសម្តែងនាង ដេនី ក្វាន់ បានពើបប្រទះរឿងស្នេហាមិនសមប្រកបចំនួន២លើកមកហើយ ហើយស្នេហាទីពីរ របស់នាងជាមួយនឹងលោក មករា នោះ ក៏បានជួបប្រទះនូវរឿងចាញ់បោកប្រាក់កាក់ផងដែរ។ ហើយ ដេនី ក្វាន់ បានប្រកាសយ៉ាងក្តែងៗជាសាធារណៈអោយលោក មករា ប្រញាប់ចូលខ្លួនដោះស្រាយរឿងលុយនេះជាបន្ទាន់ និងបានព្រមានកុំអោយលោកព្យាយាមរត់គេចខ្លួន។
ទោះជាយ៉ាងណា សម្រាប់ស្នេហាលើកទីបី របស់ ដេនី ក្វាន់ នាពេលនេះគឺកំពុងមានភាពផ្អែមល្ហែមដូចស្រមោចនឹងស្ករ ក្នុងពេលដែលតារារូបនេះកាន់តែបើកចំហរពីអត្តសញ្ញាណអនាគតស្វាមីផងដែរ។ អ្វីដែលពិសេសទៀតនោះ ដេនី ក្វាន់ ក៏បានប្រកាសពីការពពោះកូនក្នុងផ្ទៃជាមួយបុរសរូបនេះផងដែរ បើទោះបីជាអ្នកទាំង២មិនទាន់បានរៀបចំពិធីមង្គលនៅឡើយក្តី។
យ៉ាងណា មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររំពឹងថា ស្នេហាលើកទីបី របស់ ដេនី ក្វាន់ នាពេលនេះ នឹងមានភាពរឹងមាំដែលអាចឈានដល់ការកាន់ដៃគ្នារហូតដល់ចាស់កោងខ្នង៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ