ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនគ្រូពេទ្យក្លែងក្លាយម្នាក់ ដែលពូកែដើរឆបោកម៉ូតូគេបញ្ជូនទៅតុលាការ

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​ក្លែងបន្លំ​ជា​គ្រូពេទ្យ​យោធា​ម្នាក់ និង​ជា​ជើងឆើត​ខាង​ប្រើ​បណ្ដាញ​សង្គម​ទាក់ទាញ​ស្រី​ៗ ដើម្បី​ឆបោក​យក​ម៉ូតូ​យ៉ាង​ផុយ​ស្រូ​យ​ផង ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២១ មក​រា​នេះ ជាមួយនឹង​វត្ថុ​តាង​ដែល​ប្រព្រឹត្ត​បទល្មើស​ផង…

ខេត្តបាត់ដំបង ៖ ជន​ក្លែងបន្លំ​ជា​គ្រូពេទ្យ​យោធា​ម្នាក់ និង​ជា​ជើងឆើត​ខាង​ប្រើ​បណ្ដាញ​សង្គម​ទាក់ទាញ​ស្រី​ៗ ដើម្បី​ឆបោក​យក​ម៉ូតូ​យ៉ាង​ផុយ​ស្រូ​យ​ផង ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២១ មក​រា​នេះ ជាមួយនឹង​វត្ថុ​តាង​ដែល​ប្រព្រឹត្ត​បទល្មើស​ផង ។

Picture

របាយការណ៍​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ ជា ពិ​សិត អាយុ​៣៧​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្ម​កំរិត​ស្រាល បាន​និយាយ​ថា ជន​នេះ​ត្រូវ​កម្លាំង​ជំនាញ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៩ មក​រា នៅ​ចំណុច​រង្វង់​មូល​សេះស ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ពី​បទ​រំ​លោ​.​ភ​សេចក្ដី​ទុកចិត្ត (​ខ្ចី​ម៉ូតូ​ស៊ីដាច់​) លើ​ស្ត្រី​ម្នាក់ កាលពី​អំឡុង​ចុងខែ​ធ្នូ ២០២១ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ និង​ជនសង្ស័យ​ចាប់ផ្ដើម​ជួប​គ្នា​លើក​ដំបូង តាម​រយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ណាត់ជួប​គ្នា ។

Picture

បើ​តាម​របាយការណ៍ ដើមបណ្ដឹង​ក្នុង​សំណុំរឿង​នេះ គឺ​ឈ្មោះ ស​.​ន ស​.​ម ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។

នៅ​ក្នុង​បណ្ដឹង ស្ត្រី​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ស្គាល់​បុរស​កំហូច​នោះ​តាម​រយៈ​បណ្ដាញ​សង្គម ហើយ​ជន​នេះ​តែង​សួរនាំ​ខ្លួន​របៀប​ញ៉ែ​ស្ទើរ​រាល់ថ្ងៃ ។ ជន​ម្នាក់​នេះ​បាន​តែង​អ៊ូ​ថា ខ្លួន​គេ​ជា​គ្រូពេទ្យ​យោធា​នៅ​ភ្នំពេញ លុះ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ ជន​នេះ​បាន​ប្រាប់​ខ្លួន​ថា គេ​បាន​មក​បាត់ដំបង ដោយ​ប្រាប់​ថា គេ​យក​ថ្នាំ​វ៉ាក់សាំង​ដូ​ស​ទី​៣ មក​បាត់ដំបង ។

Picture

នៅ​រសៀល​ថ្ងៃ​ដដែល ជន​នេះ​បាន​ខ​លតា​ម​ឆាត​ប្រាប់​ខ្លួន​ថា បាន​មក​ដល់​ខាង​មុខ​មន្ទីរពេទ្យ ហើយ​បាន​ណាត់​ឲ្យ​ខ្លួន​ទៅ​ជួប ។ ជន​រង​គ្រោះ​បាន​និយាយ​ថា ពេល​នេះ​នាង​ក៏​ជិះ​ម៉ូតូ​ម៉ាក ភី​ស៊ី​អ៊ិ​ច ទៅ​ជួប​តាម​ការ​ណាត់​នៅ​ខាង​មុខ​ពេទ្យ ។ ប៉ុន្តែ​ពេល​ទៅ​ជួប​ជន​កំហូច​នេះ បាន​ប្រាប់​ថា ខ្លួន​មិន​ទាន់​បាន​ហូប​បាយ​ទេ ដោយ​ប្រាប់​ឲ្យ​នាង​ជួន​ទៅ​ហូប​បាយ​សិន ។ លុះ​ទៅ​ដល់​ហាង​បាយ​មួយ​កន្លែង ជន​នេះ​ធ្វើ​ជា​និយាយ​ទូរស័ព្ទ​ដោយ​ប្រាប់​ថា «​មាន​គេ​ខ​លម​ក ប្រាប់​ឲ្យ​ទៅ​យក​ថ្នាំ​» ពេល​នោះ​ជន​នេះ​បាន​ខ្ចី​ម៉ូតូ​នាង​ជិះ​ទៅ​យក​ថ្នាំ នាង​ក៏​ព្រម​ឲ្យ​សោរ​ម៉ូតូ តែ​ក្រោយ​ពី​ជិះ​ទៅ​បាត់​ប្រហែល​១០​នាទី មិនឃើញ​ត្រឡប់​វិញ នាង​គិត​ថា ប្រាកដជា​ចាញ់បោក​ជន​កំហូច​នោះ ទើប​នាង​ប្រញាប់​ទៅ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​ទៅ ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដែល​បំបែកសំណុំរឿង​នេះ បាន​និយាយ​ថា ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ លោកស្នងការ​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​កន្លះ​ខែ​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ។

លោក​បាន​បញ្ជាក់​ថា យោង​លើ​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​អំពី​ប្រវត្តិ​ជនសង្ស័យ គឺ​ជន​នេះ​មានគំនិត​ទុ​ច្ច​រិ​ក បោកប្រាស់​អ្នក​ដទៃ​ដោយ​អះអាង​ថា ខ្លួន​ជា​គ្រូពេទ្យ​យោធា​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ។ ជន​នេះ​តែង​ប្រើប្រាស់​បណ្ដាញ​សង្គម​ឆាត​ទៅ​កាន់​អ្នក​ដទៃ​ជា​ពិសេស​ស្រី​ៗ (​របៀប​អូស​ក្រឡា​ញ៉ែ​) តែ​ក្នុង​គោលបំណង​ណាត់ជួប ដើម្បី​ឆបោក​យក​ម៉ូតូ ។

Picture

បើ​តាម​ប្រភព​ព័ត៌មាន ជន​នេះ​ដើរ​ធ្វើ​សកម្មភាព​បោកប្រាស់​តាម​រយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាក់ទាញ​ស្ទើរ​គ្រប់​ខេត្ត រាជធានី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ទុច្ចរិត​ឈ្មោះ ជា ពិ​សិត នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ឆាត​អូស​ទាញ​ស្ត្រី​រង​គ្រោះ​ខាងលើ ឲ្យ​មក​ជួប រួច​ស៊ីដាច់​ម៉ូតូ​របស់​នាង​មែន ។ ប៉ុន្តែ​ជន​នេះ​មិន​បាន​និយាយ​ប្រាប់​ក្បោះក្បាយ​អំពី​ប្រវត្តិ​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទេ តែ​បាន​បញ្ជាក់​ថា កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​បោកប្រាស​ស៊ីដាច់​ម៉ូតូ​គេ​ចំនួន​០៥​លើក​ប៉ុណ្ណោះ ដូច​ជា​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និង​ចុង​ក្រោយ​ស៊ីដាច់​ម៉ូតូ ភី​ស៊ី​អ៊ិ​ច​របស់​ស្ត្រី​ខាងលើ ពេល​ណាត់ជួប​លើក​ដំបូង ។

Picture

បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​របស់​លោក​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​ម៉ូតូ​ម៉ាក​ស្កុប​ពី​០១​គ្រឿង ស៊េរី​ឆ្នាំ​២០២២ ម៉ាក​ហុងដា​ឌ្រី​ម​០១​គ្រឿង​ស៊េរី​ឆ្នាំ​២០២២ ស្លាក​លេខ​ម៉ូតូ​ចំនួន​០៧​សន្លឹក កូនសោរ​ម៉ូតូ​ចំនួន​០៥ និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ ពេល​នេះ​មន្ត្រី​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​កំហូច​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ៕

Picture
Picture
Picture