បន្ទាយមានជ័យ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ដូសជំរុញ ដូសទី៤ ត្រូវបានចាក់ជូនមន្ត្រីរាជការជួរមុខ ក្នុងខេត្តបន្ទាយមានជ័យ ចំនួនជាង ៩០០០នាក់ ចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ។ យុទ្ធនាការចាក់ដូសទី៤នេះ នាំឲ្យខេត្តបន្ទាយមានជ័យ ជាខេត្តដំបូងគេ ដែលចាក់វ៉ាក់សាំង ដូសទី៤ ខណៈដែលដូសទី៤ ចាប់ផ្តើមនៅតែភ្នំពេញ កាលពីថ្ងៃទី១៤មករា ដោយប្រើថ្នាំវ៉ាក់សាំង Pfizer។
លោកស្រី ឆាន់ ចាន់សោភ័ណ អនុប្រធានមន្ទីសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ប្រភេទ MODERNA ដូសជំរុញ ដូសទី៤ ជូនមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ គឺចាក់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ដោយមានមន្ត្រីរាជការប្រមាណជាង ៩ពាន់នាក់ ហើយចាក់នៅ ២កន្លែង។ កន្លែងទី១.ចាក់នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ និងកន្លែងទី២.នៅមន្ទីសុខាភិបាល ខេត្តបន្ទាយមានជ័យ។
លោកស្រី បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ MODERNA នៅថ្ងៃដំបូង នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ គឺចាក់ជូនមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ ក្នុង ១ថ្ងៃនេះ ចាក់បានជាង ១ពាន់នាក់ និងមន្ទីរសុខាភិបាលខេត្ត ចាក់មន្ត្រីសុខាភិបាលបានជិត ១ពាន់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៤ប្រភេទ MODERNA ដែលជាដូសជំរុញនាពេលនេះ ជាអំណោយថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចាក់ជូនមន្ត្រីរាជការជួរមុខ និងក្រុមគ្រូពេទ្យ ក្នុងខេត្តបន្ទាយមានជ័យ។
ខេត្តបន្ទាយមានជ័យ នៅតែបន្តចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងខេត្ត ដូសទី៣ បន្តរាល់ថ្ងៃ ដោយមានក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យយោធា កំពុងដំណើរការចាក់។ ក្នុងនោះ ដូសទី១ សរុបចាកក់បានចំនួន ៥០២.៥៣២នាក់ ដូសទី២ សរុបចំនួន ៤០៥.១៧៦នាក់ ដូសទី៣ ដែលជាដូសជំរុញ សរុបចំនួន ៨៧.៦៧១នាក់ និងកំពុងបន្តចាក់ដូសទី៤ ជូនមន្ត្រីជួរមុខ រយៈពេល ៤ថ្ងៃ មានជាង៩ពាន់នាក់៕ ប៊ុន ធឿន
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ