ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជិត​៣០​ផលិត​ថ្នាំ​ព្យាបាល​កូ​វី​ដ តម្លៃ​ថោក​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ

2 ឆ្នាំ មុន

អន្តរជាតិ ៖ អង្គការ​ប៉ាតង់​ថ្នាំ (MPP) របស់​អង្គការសហប្រជាជាតិ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ជិត ៣០​ដើម្បី​

អន្តរជាតិ ៖ អង្គការ​ប៉ាតង់​ថ្នាំ (MPP) របស់​អង្គការសហប្រជាជាតិ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ជិត ៣០​ដើម្បី​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ ១៩ ឈ្មោះ molnupiravir សម្រាប់​ប្រទេស​ក្រីក្រ​។

ថ្នាំ​គ្រាប់ molnupiravir របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Merck & Co ដែល​ទទួល​បានការ​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​បន្ទាន់​នៅ​សហរដ្ឋអាមេរិក​កាលពី​ខែធ្នូ​ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​អត្រា​ចូល​ពេទ្យ និង​ស្លា​.​ប់​នៃ​អ្នកជំងឺ​មាន​ហានិភ័យ​ខ្ពស់​បាន​ប្រហែល ៣០​ភាគរយ​។

កិច្ចព្រមព្រៀង​នោះ​នឹង​ពង្រីក​ចំនួន​ក្រុមហ៊ុន​ដែល​នឹង​ផលិត​ថ្នាំ​ប្រឆាំង​កូ​វី​ដ ១៩ ក្រោយ​ពេល​ក្រុមហ៊ុន Merce បាន​ផ្តល់​អាជ្ញា​ប័​ណ្ណ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ថ្នាំ​របស់​ឥណ្ឌា​ចំនួន ៨​កាលពី​ខែតុលា​។

កិច្ចព្រមព្រៀង​ថ្មី​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ចំនួន ២៧ មក​ពី​ប្រទេស​ឥណ្ឌា ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អា​ហ្វ្រិ​ច អាស៊ី និង​ម​ជ្ឍឹ​ម​បូព៌ា ផលិត​គ្រឿងផ្សំ និង​ផលិតផល​ថ្នាំ​សម្រេច​។

MPP ដែល​ជា​អង្គការ​សុខភាព​សាធារណៈ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា កិច្ចព្រមព្រៀង​នោះ​នឹង​ធ្វើការ​ចែកចាយ​ថ្នាំ​ទៅ​កាន់​ប្រទេស​ក្រីក្រ​ចំនួន ១០៥​។ អ្នកនាំពាក្យ​ថ្លែង​ថា ការ​ចែកចាយ​ថ្នាំ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​អាច​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​កុម្ភៈ​នេះ​។

សម្រាប់​ថ្នាំ molnupiravir មួយ​ប្រអប់ ៤០​គ្រាប់​សម្រាប់​ប្រើ​រយៈពេល ៥​ថ្ងៃ​ត្រូវ​គេ​រំពឹង​ថា​មាន​តម្លៃ​ប្រហែល ២០​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​របស់​អង្គការ​ប៉ាតង់​ថ្នាំ MPP​។

វា​ជា​តម្លៃ​ទាប​ខ្លាំង​បំផុត​បើ​ធៀប​ទៅ​នឹង ៧០០​ដុល្លារ​សម្រាប់ ៤០​គ្រាប់​ដូច​គ្នា​នៅ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា ការ​រាតត្បាត​កូ​វី​ដ ១៩​ក្នុង​ពិភពលោក​ហាក់​មិន​ទាន់​មាន​ភាព​ស្រាក​ស្រា​ន្ត​​នៅឡើយ​ទេ ដោយ​ប្រទេស​មួយ​ចំនួន​នៅ​អ៊ឺ​រ៉ុ​ប​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃជា​ច្រើន​។

គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែមករា​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ ១៩ ជាង ៣៤២​លាន​ករណី និង​ស្លា​.​ប់​ជាង ៥,៥៧​លាន​នាក់​ទូ​ទាំង​ពិភពលោក​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ