ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ទើប​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​សហរដ្ឋអាមេរិក​បាន​ជោគជ័យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សុំ​ទិដ្ឋាការ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​បរទេស គឺ​មិន​មាន​ភាព​ងាយស្រួល​ប៉ុន្មាន​ទេ ពិសេស​សម្រាប់​អ្នក​ដែល​គ្មាន​បទ​ពិសោធន៍​ធ្វើការ​សុំ​ទិដ្ឋាការ​មុន​ៗ ។ ដំណើរការ​សុំ​ទិដ្ឋាការ​ទៅ​សហរដ្ឋអាមេរិក

រាជធានី​ភ្នំពេញ ៖ ការ​សុំ​ទិដ្ឋាការ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​បរទេស គឺ​មិន​មាន​ភាព​ងាយស្រួល​ប៉ុន្មាន​ទេ ពិសេស​សម្រាប់​អ្នក​ដែល​គ្មាន​បទ​ពិសោធន៍​ធ្វើការ​សុំ​ទិដ្ឋាការ​មុន​ៗ ។ ដំណើរការ​សុំ​ទិដ្ឋាការ​ទៅ​សហរដ្ឋអាមេរិក ក៏​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ដែរ បើសិនជា​យើង​មិន​បាន​សិក្សា ឬ​ស្វែង​យល់​ពី​ដំណើរការ​របស់​វា​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ។

ទិដ្ឋាការ​របស់​សហរដ្ឋអាមេរិក ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ​ធំ​ៗ គឺ​ទិដ្ឋាការ​សម្រាប់​ជនអន្តោប្រវេសន៍ (Immigrant VISA) និង​ទិដ្ឋាការ​ទូទៅ​មិនមែន​សម្រាប់​ជនអន្តោ​ប្រវេសន៍ (Non-immigrant VISA) ។

ទិដ្ឋាការ​សម្រាប់​ជនអន្តោប្រវេសន៍ គឺ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់ទៅ​រស់នៅ​សហរដ្ឋអាមេរិក ដោយ​មាន​បងប្អូន ឬ​សាច់ញាតិ​នៅ​ទីនោះ​ជា​អ្នក​ធានា ហើយ​ទិដ្ឋាការ​ទូទៅ​មិន​សម្រាប់​ជនអន្តោប្រវេសន៍ គឺ​សំដៅ​ទៅ​ប្រភេទ​ទិដ្ឋាការ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​បំណង​គ្រាន់តែ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត រៀនសូត្រ ឬ​ស្នាក់​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក ក្នុង​រយ​:​ពេល​កំណត់​មួយ នេះ​បើ​យោង​តាម​លោកស្រី រ៉េ​ឆ​ល ហា​ញ​ស៍ (Rachel Hines) កុងស៊ុលរង​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ។

ចំពោះ​ដំណើរការ​នៃ​ការ​ស្នើ​សុំ​ទិដ្ឋាការ​នេះ​វិញ ដំបូង​គឺ​យើង​ត្រូវ​ចូល​ទៅ​កាន់​ទំព័រ​ទិដ្ឋាការ​របស់​គេហទំព័រ​ស្ថានទូត​អា​មេ​រិ​ក (https://kh.usembassy.gov) ដើម្បី​ស្វែងរក​ប្រភេទ​ទិដ្ឋាការ​ដែល​ស័ក្តិសម​នឹង​យើង ។ បន្ទាប់​មក​បំពេញបែបបទ​ស្នើ​សុំ​ទិដ្ឋាការ​នៅ​លើ​គេ​ទំព័រ​ដដែល​នេះ ហើយ​យើង​នឹង​ត្រូវ​បង់ថ្លៃ​ការ​ស្នើ​សុំ​ទិដ្ឋាការ​នៅ​ធនាគារ​អេ​ស៊ី​លី​ដា ។ ក្រោយ​ពី​បង់ថ្លៃ​រួចរាល់​ហើយ យើង​ត្រូវ​ធ្វើការ​ណាត់​សម្ភាសន៍​ផ្ទាល់មាត់​ជាមួយនឹង​កុងស៊ុល​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ។

សម្រាប់​ការ​បំពេញបែបបទ​ស្នើ​សុំ​ទិដ្ឋាការ​នេះ គឺ​តម្រូវ​ឲ្យ​យើង​បង្ហោះ​រូបថត​ផង​ដែរ ។ រូបថត​នេះ គឺ​ត្រូវ​តែ​ថត​ក្នុង​អំឡុង​រយៈពេល​៦​ខែ​ចុង​ក្រោយ ដោយ​ផ្ទាំង​ខាងក្រោយ គឺ​ពណ៌​ស និង​មាន​ទំហំ​៥​សង់ទីម៉ែត្រ គុណ​នឹង​៥​សង់ទីម៉ែត្រ ។ ចំណែក​លិខិតឆ្លងដែន​របស់​យើង​ត្រូវ​មាន​សុពលភាព​យ៉ាងតិច​៦​ខែ ។ ដំណាក់កាល​ភាគច្រើន​នៃ​ការ​ដាក់​ស្នើ​សុំ​ទិដ្ឋាការ​នេះ គឺ​ត្រូវធ្វើ​ឡើង​នៅ​លើ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ។

ចំពោះ​ដំណើរការ​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​ជនអន្តោប្រវេសន៍​វិញ លោកស្រី រ៉េ​ឆ​ល បាន​ថ្លែង​ថា ជា​ទូទៅ វា​មានដំណើរ​ការ​ច្រើន​ជាង​ទិដ្ឋាការ​ទូទៅ ពីព្រោះ​ខាង​ស្ថាន​កុងស៊ុល​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក ត្រូវការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​ពី​ទំនាក់ទំនង​របស់​បុគ្គល​ដែល​ស្នើ​សុំ និង​សាច់ញាតិ​របស់​គេ​នៅ​សហរដ្ឋអាមេរិក ហើយ​និង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត ។

លោកស្រី​បាន​បញ្ជាក់​ថា ៖ « សម្រាប់​ទិដ្ឋាការ​សម្រាប់​ជនអន្តោប្រវេសន៍ យើង​នឹង​ធ្វើការ​ត្រួតពិនិត្យ​ថា តើ​អ្នក​ដែល​ស្នើ​សុំ​នោះ មាន​គ្រប់​លក្ខខណ្ឌ​ដែរ​ឬទេ ហើយ​តើ​អ្នក​ដែល​ធានា​នោះ ដូច​ជា​សាច់ញាតិ​របស់​គេ​ជាដើម​ហ្នឹង អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​គាំទ្រ​ដល់​ពួក​គេ​ដែរ​ឬទេ ពេល​ដែល​ពួក​គេ​ទៅ​ដល់​សហរដ្ឋអាមេរិក ហើយ​មួយទៀត យើង​នឹង​ធ្វើការ​ស៊ើបអង្កេត​ថា តើ​ពួក​គេ​ពិតជា​មាន​ទំនាក់​ទំនងជា​សាច់ញាតិ​ពិត​មែនឬ​ក៏​អត់ ។ ពេល​ខ្លះ​យើង​នឹង​អាច​ធ្វើការ​ពិនិត្យ DNA ថែម​ទៀត​ផង បើ​មានការសង្ស័យ » ។

គន្លឹះ​សំខាន់​បំផុត​នៅ​ក្នុង​ដំណើរការ​ស្នើ​សុំ​ទិដ្ឋាការ​នោះ គឺ​ភាព​ស្មោះត្រង់ ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ ជ្រើសរើស​ប្រភេទ​ទិដ្ឋាការ​ឲ្យ​បាន​ត្រឹមត្រូវ ធ្វើការ​ស្នើ​សុំ​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់​ដំណាក់កាល និង​ស្វែង​យល់​ពី​លក្ខខណ្ឌ​របស់​ទិដ្ឋាការ​ដែល​យើង​ចង់​ស្នើ​សុំ ។ លោកស្រី​ក៏​បាន​បន្ថែម​ថា បេក្ខជន​មិន​គួរ​ត្រៀម​តែ​ឯកសារ​នោះ​ទេ គឺ​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​សម្ភាសន៍​ផង​ដែរ ។

លោកស្រី រ៉េ​ឆ​ល បាន​បញ្ជាក់​ថា ៖ « អ្វី​ដែល​យើង​គួរ​ប្រយ័ត្នប្រយែង​មែនទែន​នោះ គឺ​ប្រភេទ​ទិដ្ឋាការ​ដែល​យើង​ស្នើ​សុំ ។ បើសិនជា​យើង​ស្នើ​សុំ​ប្រភេទ​ទិដ្ឋាការ​ដែល​ខុស​ពី​គោលបំណង​របស់​យើង នោះ​យើង​នឹង​មិន​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ​នោះ​ទេ​។ ត្រូវ​ស្វែង​យល់​ពី​គោលបំណង និង​ទិដ្ឋាការ​ដែល​ត្រូវ​នឹង​យើង ។ ចំណុច​សំខាន់​បំផុត ឬ​ក៏​ពិបាក​បំផុត​នោះ គឺ​វគ្គ​សម្ភាសន៍ ព្រោះ​នៅ​ពេល​នោះ​បេក្ខជន ឬ​ក៏​អ្នក​ដែល​ស្នើ​សុំ​ទិដ្ឋាការ​នឹង​ត្រូវ​បាន​សម្ភាសន៍​ដោយ​ស្ថាន​កុងស៊ុល​នៅ​ស្ថានទូត​អា​មេ​រិ​ក ហើយនឹង​ត្រូវ​វាយតម្លៃ​ថា ពួក​គេ​គួរ​ទទួល​បាន​ទិដ្ឋាការ​ឬ​ក៏​អត់ » ។

ចំពោះ​ការ​ប្រើប្រាស់​ភាសា​នៅ​ក្នុង​សម្ភាសន៍​វិញ បេក្ខជន​អាច​ជ្រើសរើស​រវាង​ភាសា​ខ្មែរ ឬ​ក៏​អង់គ្លេស​បាន ដើម្បី​រក្សា​ភាព​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង ។

លោកស្រី​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ប្រភេទ​ទិដ្ឋាការ​ទូទៅ មិនមែន​សម្រាប់​ជនអន្តោប្រវេសន៍ គឺ​ខាង​លោកស្រី ក៏​តែងតែ​ធ្វើការ​ស៊ើបអង្កេត​ថា តើ​បេក្ខជន​ទាំងនោះ​មាន​បំណង​រស់នៅ​សហរដ្ឋអាមេរិក​ជា​រៀង​រហូត​ឬ​ក៏​អត់ ឬ​ក៏​នឹង​ត្រឡប់​មក​វិញ​ដែរ​ឬទេ ។ បើសិនជា​យើង​រក​ឃើញ​ថា ពួក​គេ​មាន​បំណង​ចង់​បន្ត​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក បើ​ទោះបីជា​រយៈពេល​ទិដ្ឋាការ​ទូទៅ​មិន​សម្រាប់​ជនអន្តោប្រវេសន៍​របស់​ខ្លួន​អស់​ក៏​ដោយ​នោះ ខាង​លោកស្រី​នឹង​មិន​ផ្តល់​ទិដ្ឋាការ​ទូទៅ​មិនមែន​សម្រាប់​ជនអន្តោប្រវេសន៍​ដល់​ពួក​គេ​នោះ​ទេ ដើម្បី​ចៀសវាង​ករណី​អន្តោប្រវេសន៍​ខុសច្បាប់ ។

លោកស្រី រ៉េ​ឆ​ល បាន​រំលឹក​ថា ប្រសិនបើ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍ សិស្ស និស្សិត ឬ​ក៏​ផ្លាស់​ប្តូរ​កម្មសិក្សា (Exchange Visa) ដែល​ហួសកំណត់​ក្នុង​អំឡុង​រយៈពេល​១២​ខែ​ចុង​ក្រោយ គឺ​លោក​អ្នក​មិន​ចាំបាច់​ឆ្លងកាត់​ការ​សម្ភាសន៍​សាកសួរ​ម្តងទៀត​នោះ​ទេ បើសិនជា​លោក​អ្នកមាន​បំណង​ស្នើ​សុំ​បន្ត​ទិដ្ឋាការ​ប្រភេទ​ទាំងនោះ​ម្តងទៀត ដោយសារ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​បង្កើត​កម្មវិធី​មួយ​គឺ Interview Waiver Program (IWP ) ។ ចំពោះ​កម្មវិធី​មួយ​នេះ គឺ​តម្រូវ​ឲ្យ​លោក​អ្នក​ប្រគល់​បែបបទ​ស្នើ​សុំ​ទិដ្ឋាការ និង​ឯកសារ​ពាក់ព័ន្ធ​ទៅ​កាន់​ស្ថាន​កុងស៊ុល​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ឬ​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង​១​ថ្ងៃ ទៅ​ដល់​ម៉ោង​៣​ថ្ងៃ ។

គួរ​បញ្ជាក់​ដែរ​ថា មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ជា​៦.០០០​នាក់​បាន​ដាក់​ស្នើ​សុំ​ទិដ្ឋាការ​ទូទៅ​មិន​សម្រាប់​អន្តោប្រវេសន៍ (non-immigrant) ជា​រៀង​រាល់​ឆ្នាំ និង​ប្រមាណ​ជា​៤.០០០​នាក់​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​ជនអន្តោប្រវេសន៍ ហើយ​ប្រភេទ​ទិដ្ឋាការ​អ្នកទេសចរ​មាន​ចំនួន​ច្រើន​ជាងគេ បន្ទាប់​មក​គឺ​ទិដ្ឋាការ​សម្រាប់​ការ​សិក្សា ។ លោក​អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ http://www.ustraveldocs.com/ បាន​សម្រាប់​ស្វែងរក​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទង​នឹង​ទិដ្ឋាការ និង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក ៕