គន្លឹះងាយៗដើម្បីជាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក
រាជធានីភ្នំពេញ ៖ អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក គឺជាអាហារូបករណ៍មួយក្នុងចំណោមកម្មវិធីអាហារូបករណ៍ដ៏ល្បី និងពេញនិយមជាច្រើនផ្សេងទៀតសម្រាប់ សិស្ស និស្សិតកម្ពុជា ។
រាជធានីភ្នំពេញ ៖ អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក គឺជាអាហារូបករណ៍មួយក្នុងចំណោមកម្មវិធីអាហារូបករណ៍ដ៏ល្បី និងពេញនិយមជាច្រើនផ្សេងទៀតសម្រាប់ សិស្ស និស្សិតកម្ពុជា ។
រាជធានីភ្នំពេញ ៖ អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក គឺជាអាហារូបករណ៍មួយក្នុងចំណោមកម្មវិធីអាហារូបករណ៍ដ៏ល្បី និងពេញនិយមជាច្រើនផ្សេងទៀតសម្រាប់ សិស្ស និស្សិតកម្ពុជា ។ វាក៏ជាអាហារូបករណ៍មួយដែលមានភាពលំបាកខ្លាំងក្នុងការដណ្តើមយកផងដែរ ដោយមានអ្នកខ្លះបានធ្លាក់ជាច្រើនដង ទម្រាំទទួលបានអាហារូបករណ៍មួយនេះ ។
បើទោះបីជាមានភាពលំបាកយ៉ាងណា ក៏មួយឆ្នាំៗមាននិស្សិតខ្មែរជាច្រើនរូបបានដាក់ពាក្យសុំយកអាហារូបរណ៍ពីសហរដ្ឋអាមេរិក និងមានសិស្ស និស្សិតជាច្រើនមានឱកាសទទួលបានអាហារូបករណ៍នេះផងដែរ ។
កញ្ញា អ៊ុក អេលីតា ដែលទើបតែបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិត ជំនាញរដ្ឋបាលសាធារណ:ពីសាកលវិទ្យាល័យហាវៃ (University of Hawaii at Manoa) កាលពីពេលថ្មីៗនេះ ក្រោមកម្មវិធី East West Center Fellowship នៅឆ្នាំ២០១៤ បានឲ្យដឹងថា យើងត្រូវតែស្គាល់ខ្លួនឯងឲ្យច្បាស់ និងយល់ពីជំនាញសិក្សាដែលយើងនឹងដាក់សុំអាហារូបករណ៍នោះផងដែរ ព្រមទាំងបញ្ជាក់ពីមូលហេតុដែលយើងត្រូវការសិក្សាបន្តលើជំនាញនោះផងដែរ ។
បន្ថែមពីលើនេះ កញ្ញា អេលីតា បានគូសបញ្ជាក់ថា ៖ « យើងក៏ត្រូវមានពិន្ទុខ្ពស់ពេលយើងរៀននៅក្នុងស្រុកនេះ មានភាពជាអ្នកដឹកនាំ និងមានគោលដៅច្បាស់លាស់ ហើយមួយវិញទៀត ការសរសេរលិខិត Personal statement ហ្នឹងក៏ចាំបាច់ខ្លាំងណាស់ដែរ ព្រោះវាអាចធ្វើឲ្យគណៈកម្មការយល់ច្បាស់ពីយើង និងអ្វីដែលជំរុញទឹកចិត្តរបស់យើងក្នុងការសិក្សាផងដែរ » ។
កញ្ញា អេលីតា និយាយទៀតថា ៖ « យើងមិនគួរកុហកទេ ហើយក៏មិនគួរធ្វើខ្លួនជាមនុស្សម្នាក់ផ្សេងទៀតដែរ ។ បើសិនជាយើងធ្វើអីចឹង គេច្បាស់ជាដឹង ពេលដល់វគ្គសម្ភាសន៍ ជឿខ្ញុំទៅតាមរយ:ការសរសេររបស់យើងហ្នឹង ក៏គេអាចដឹងថា យើងកុហកឬក៏អត់ដែរ ។ អ្វីដែលល្អបំផុត គឺភាពស្មោះត្រង់ » ។
កញ្ញាបានលើកឡើងថា កត្តាសំខាន់ គឺយើងមិនបាក់ទឹកចិត្ត ហើយព្យាយាមម្តងហើយម្តងទៀត បើទោះជាយើងបរាជ័យច្រើនដងហើយក៏ដោយ ។
កញ្ញាបានណែនាំថា ៖ « កុំខ្លាចបរាជ័យ ត្រូវចេះតស៊ូ ហើយត្រូវសួរខ្លួនឯងថា ហេតុអីបានជាយើងត្រូវការវា ។ យើងត្រូវដឹងថា ហេតុអីឲ្យបានច្បាស់ខ្លួនឯងសិន ទើបយើងអាចបញ្ចុះបញ្ចូលឲ្យគណៈកម្មការជឿលើយើងបាន » ។
ទាក់ទងនឹងគន្លឹះសម្រាប់ការដាក់ពាក្យសុំអាហារូបករណ៍ទៅសហរដ្ឋអាមេរិកនេះ លោក ស៊ឹម ស៊ីដែន អតីតនិស្សិតអាហារូបករណ៍កម្មវិធីហ្វូលប្រាយ៍ (Fulbright) ដែលទទួលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកអប់រំភាសាអង់គ្លេស មកពីសកលវិទ្យាល័យដេឡាវែរ (University of Delaware) កាលពីឆ្នាំ២០១២ បានប្រាប់ឲ្យដឹងថា វាមិនមានភាពលំបាកខ្លាំងទេ ប្រសិនបើយើងមានភាពអត់ធ្មត់ និងតស៊ូ ដោយយើងគួរអានឲ្យបានច្រើន និងស្វែងយល់ឲ្យបានស៊ីជម្រៅពីស្ថានភាពរបស់ប្រទេសកម្ពុជា ប្រទេសក្នុងតំបន់ និងទូទាំងពិភពលោក ។
បន្ថែមពីអ្វីដែលយើងគួរធ្វើ លោក ស៊ីដែន បានរំលឹកថា ៖ « យើងមិនគួរធ្វើការចម្លង ឬព្យាយាមធ្វើតាមការសរសេរលិខិតគោលដៅការសិក្សារបស់អ្នកដទៃឡើយ ព្រោះយើងមិនមែនជាអ្នកទាំងនោះទេ ។ យើង គឺជាយើង » ។
ក្រៅពីការតស៊ូ លោក ស៊ីដែន បានរំលឹកថា ការមានទំនាក់ទំនងល្អជាមួយនឹងគ្រូ ឬសិស្សច្បងរបស់យើង ក៏ជាចំណុចមិនគួរមើលរំលងដែរ ព្រោះពួកគេគឺជាប្រភពព័ត៌មាន និងជាអ្នកដែលអាចចេញលិខិតយោងបញ្ជាក់ដ៏ល្អសម្រាប់បែបបទពាក្យសុំអាហារូបករណ៍របស់យើង ៕
ចែករំលែកព័តមាននេះ