រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្តែងការសោកស្ដាយថៃ តែធ្វើឲ្យមានភាពតានតឹង ខណៈបញ្ហាដែលពុំទាន់អាចដោះស្រាយ ។ នេះបើតាមអ្នកនាំក្រសួងការបរទេសកម្ពុជា ។
ឯកឧត្តមជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី៨ មិថុនា ថា ៖ ខ្ញុំសូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនសមភាគីថៃ នៅថ្ងៃទី៦ មិថុនា ២០២៥ ។
ក្នុងលិខិតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឯកឧត្តមផ្ញើលិខិតនេះ «ក្នុងស្មារតីនៃមិត្តភាព និងប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិយើងទាំងពីរ» ។
ឯកឧត្តមបានលើកឡើងថា យោងតាមលិខិតបានលើកឡើងជា អាទ៍ថា ៖ «វិវាទព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ ទោះបីជាមានយន្តការទ្វេភាគីជាច្រើន និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ ក្នុងការដោះស្រាយក៏ដោយ ។
គួរឱ្យសោកស្ដាយ បញ្ហាដែលពុំទាន់អាចដោះស្រាយទាំងនេះ នៅតែជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹងដែលតែងតែកើតឡើងវិញ និងបង្កឱ្យមានឧប្បត្តិហេតុជាអកុសលជាច្រើន ។ «ថ្មីៗនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយបានកើតឡើង នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅពេលដែលកងកម្លាំងយោធាថៃ បានបើកការវា.យប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា និងបណ្តាលឱ្យទាហានខ្មែរ០១រូបបាត់បង់ជីវិត ។
ឧប្បត្តិហេតុនេះ បានបញ្ជាក់បន្ថែមថា ការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព គឺជារឿងបន្ទាន់ ។ «ដោយសារភាពស្មុគ្រស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និងភាពរសើបនៃវិវាទទាំងនេះ យើងឃើញកាន់តែច្បាស់ថា កិច្ចសន្ទនាទ្វេភាគីអាចនឹងមិនគ្រប់គ្រាន់ ដើម្បីទទួលបានដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែង ។
ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះ គឺការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី ។ «សេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJ ផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង ។
សេចក្ដីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចាំបាច់សម្រាប់ព្រំដែនគោករៀងខ្លួនៗរបស់យើង ហើយសំខាន់បំផុតនោះ គឺ នឹងជួយជំរុញឱ្យមានបរិយាកាសប្រកបដោយសន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសយើងទាំងពីរ ។
ដំណើរការនេះក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមករបស់យើងក្នុងការប្រកាន់ខ្ជាប់នីតិរដ្ឋ ការរក្សាភាពសុខដុមរមនាក្នុងតំបន់ និងការជំរុញវិបុលភាពរួមសម្រាប់ប្រជាជនរបស់យើងនៅក្នុងសហគមន៍អាស៊ាន ។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ៖«អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសូមជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែននេះ ទៅតុលាការអន្តរជាតិ ICJ។ យើងគួរចាប់យកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើងចំពោះកិច្ចសន្ទនាដោយសន្តិវិធីដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតនៃអ្នកជិតខាងដ៏ល្អ» ។
ឆ្លៀតឱកាសនេះ ៖ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីសុឆន្ទៈ និង ការតាំងចិត្តដ៏មុតមារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយ សន្តិវិធី និងស្ថិតស្ថេរចេរកាល សម្រាប់បញ្ហាព្រំដែនជាមួយប្រទសជិតខាង រួមទាំងប្រទេសថៃ មិនដូចការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនក្នុងប្រទេសថៃនោះឡើយ ។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការទេសកម្ពុជា។
ប្រភពបានអះអាងថា ការប្រកាន់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តី គឺដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង៕
ចែករំលែកព័តមាននេះ